កំពង់ស្ពឺ ៖ បុរសជាប្តីកំហូចម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លូនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលស្ត្រីជាប្រពន្ធ បានដាក់ពាក្យបណ្តឹង ទាំងមានស្នាមរបួសភ្នែក ដៃ និងជើង ក្រោយពីប្តីកំហូចរូបនោះ វាយធ្វើបាបទាំងប្រពន្ធ និងកូនស្រី ព្រោះតែខឹងប្រពន្ធនិងកូនស្រី មិនទៅជួយស្ទូងស្រូវស្រីស្នេហ៍ (ប្រពន្ធទី២) គាប់ជួនពេលនោះស្រវឹងស្រាផង ប្តីចិត្តកំណាច បានវាយទាត់ធាក់តែម្តងទៅ ។
កម្លាំងនគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនប្តីកំហូចរូបនោះ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកឱរ៉ាល់ បានឱ្យដឹងថា មុននឹងឈានទៅឃាត់ខ្លួនបុរសជាជនដៃដល់ខាងលើនេះ គឺនគរបាល បានទទួលពាក្យបណ្តឹង និងកំណត់បណ្តឹងពីឈ្មោះ ស៊ុយ សុខា (ហៅឡាញ់) ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ក្នុងពាក្យបណ្ដឹង រៀបរាប់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឈ្មោះ ពែក បន ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាប្តី បានផឹកស្រាស្រវឹងជោគជាំ ហើយធ្វើសកម្មភាពវាយទាត់ធាក់មកលើខ្លួន បណ្តាលឲ្យរងរបួសហើមជាំពេញខ្លួន ដើរមិនរួច និងបានវាយទៅលើកូនស្រីឈ្មោះ បន ស្រីតូច អាយុ២១ឆ្នាំ បណ្តាលឱ្យរងរបួស និងគំរាមសម្លា.ប់ទៀតផង។ ពេលនោះ ស្ត្រីរងគ្រោះជាប្រពន្ធ បានធ្វើការសំណូមពរ ដល់សមត្ថកិច្ច ឱ្យជួយធ្វើអន្តរាគមន៍ ។
នគរបាលស្រុកឱរ៉ាល់ បានបន្តថា ក្រោយទទួលបណ្តឹងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុឱរ៉ាល់ បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យខាងលើ មកធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួរ រួចមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើប្រពន្ធ និងកូនស្រី ពិតប្រាកដមែន ។
មូលហេតុដែលរូបគេវាយប្រពន្ធ និងកូនស្រីនោះ មកពីខ្លួនខឹងប្រពន្ធ និងកូនស្រីនោះ មិនទៅជួយស្ទូងស្រូវស្រីស្នេហ៍របស់ខ្លួន (ប្រពន្ធទី២) ដែលរស់នៅភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ (ផ្ទះក្បែរគ្នា) ពេលនោះខ្លួនស្រវឹងស្រាផង ក៏វាយទៅលើប្រពន្ធ និងកូនស្រី តែម្តង។
បច្ចុប្បន្ន ជនដៃដល់ជចាប្តី បានឃាត់ខ្លួនជនសង្ស័យខាងលើ នៅអធិការដ្ឋាននគរបាលស្រុឱរ៉ាល់ជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមផ្លូវច្បាប់៕