ភ្នំពេញ៖ សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា ដែលជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគំនិតផ្តួចផ្តើម ស្តីពីការវិនិយោគបរទេស និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងតំបន់មេគង្គ បានត្រូវសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោក Nicholas Moore បេសកជនពិសេសទទួល បន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃរដ្ឋាភិបាលអូស្រ្តាលី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ឱ្យប្រើប្រាស់សៀវភៅ ស្តីពីការវិនិយោគនៅកម្ពុជានេះ។ មានវត្តមាននាឱកាសនោះដែរ រួមមានលោក Justin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ព្រមទាំងអស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ស្ថានទូត និងវិស័យឯកជន សរុបប្រមាណ ៧០ រូប ។
មានមតិស្វាគមន៍ លោក សុខ ចិន្តាសោភា បានថ្លែងកោតសរសើរជូនចំពោះក្រុមការងារ រៀបចំ សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា ដែលបានរួមគ្នា ចងក្រង និងធ្វើបច្ចុប្បន្នភាព ព័ត៌មានគន្លឹះនានា សម្រាប់ជាពុទ្ធិដល់វិនិយោគិន ដើម្បីសិក្សាស្វែងយល់ អំពីវឌ្ឍនភាព នៃបរិស្ថានវិនិយោគ ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលជានិច្ចកាល តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស លើគ្រប់វិស័យ។ ជាក់ស្តែង ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី លើ វិស័យវិនិយោគភាគីទាំងពីរ បានចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហ ប្រតិបត្តិការវិនិយោគទ្វេភាគី ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី -នូវែលសេឡង់។
បន្ថែមពីលើឯកសារគតិយុត្ត ខាងលើ គំនិតផ្តួចផ្តើមនិងគម្រោងនានា របស់រដ្ឋាភិបាល អូស្ត្រាលី ត្រូវបានដាក់ចេញឱ្យអនុវត្តន៍ ជាបន្តបន្ទាប់ សំដៅគាំទ្រដល់យុទ្ធនាការជំរុញ និងទាក់ទាញលំហូរវិនិយោគ ប្រកបដោយគុណភាព មកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិស្ថានវិនិយោគ ក៏ដូចជា ការបង្កើតនូវក្របខ័ណ្ឌច្បាប់និងគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណ ទុកជាមុន និងប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើ អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសរំលេច អំពីតុវិនិយោគកសិ-ចំណីអាហារ (AFID) ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ រវាង ក.អ.ក. និងភាគីអូស្ត្រាលី ក្នុងការរួមចំណែក ជំរុញការផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពរបស់មន្ត្រី ក្នុងការទាក់ទាញវិនិយោគ ក្នុងវិស័យកសិកម្ម ដែលជាវិស័យដ៏មានសក្តានុពលរបស់កម្ពុជា។
នាឱកាសនេះផងដែរ លោក Nicholas Moore បានថ្លែងអំណរគុណជូនចំពោះ ក.អ.ក. ដែលតែងតែផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាល និងវិស័យឯកជន អូស្ត្រាលី តាមរយៈការសម្របសម្រួល, ផ្តល់ការលើកទឹកចិត្ត និងផ្តល់ការថែទាំ លើគម្រោងវិនិយោគនានា ដែលបាននិងកំពុងមានអត្ថិភាព លើទឹកដីកម្ពុជា។
លោកសុខ ចិន្តាសោភា ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា នឹងបន្តផ្តល់ ការគាំទ្រ ដល់យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ របស់រដ្ឋាភិបាលអូស្ត្រាលី និងច្បាមយក ប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ពីយុទ្ធសាស្ត្រ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយមួយនេះ។ ក្នុងន័យនេះ លោកក៏បានបង្ហាញអំពីឆន្ទៈ ក្នុងការជំរុញវិនិយោគិនអូស្ត្រាលី មកវិនិយោគ នៅកម្ពុជា សំដៅរួមចំណែកដល់ការធ្វើពិពិធកម្ម គោលដៅវិនិយោគនៅកម្ពុជា លើវិស័យ គន្លឹះនានា ទាំងក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាស ក្នុងស្រុក ឬភាពជាដៃគូ រវាងរដ្ឋ និងវិស័យឯកជន៕