ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានថ្លែងថា ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏គម្រោងសាងសាង់ព្រែកជីកហ្វូណនតេជោ ដំណើរការទៅមុខជាធម្មតា នឹងឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៨។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញចុះផ្ទៀងផ្ទាត់ និងបញ្ចប់ការបោះបង្គោលព្រំដីនិយាមកា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិសាស្រ្តឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ការដឹកនជញ្ជូនតាមផ្លូវ គឺដឹកបានច្រើន ហើយមានភាពងាយស្រួល នឹងមានតម្លៃថោកផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា «តើគម្រោងនេះ (គម្រោងព្រែកជីកហ្វូណនតេជោ) អាចយឺតយ៉ាវទេ ដោយសារយើងមានបញ្ហានៅទល់ដែន គឺអត់មានបញ្ហាទេ គឺយើងសាងសង់ និងការអភិវឌ្ឍប្រទេសជាតិ គឺនៅដំណើរការទៅមុខដដែល អត់មានថយក្រោយទេ គឺនៅធ្វើតាមការគ្រោងទុក នឹងឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៨ ដើម្បីយើងបន្ថែមទៀតនៅឯករាជភាព ឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់យើងឱ្យបានតភ្ជាប់នឹងសមុទ្រ»។
សូមបញ្ជាក់ថា ចំពោះការអនុវត្តការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្រេចរួចរាល់ទាំងស្រុងត្រឹមថ្ងៃនេះ ដោយបានអនុវត្តក្នុងខេត្តកណ្តាល តាកែវ ខេត្តកំពត និងខេត្តកែប ជាភូមិសាស្រ្តបញ្ចប់ចុងក្រោយគេ។ បង្គោលព្រំដីដែលបានបោះរួចសរុបទាំងអស់មានចំនួន ១ ៩២០ បង្គោល។
បន្ទាប់ពីប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត បច្ចុប្បន្ននេះ គម្រោងត្រូវបានអនុវត្តតាមផែនការសកម្មភាពជាដំណាក់កាលបន្តបន្ទាប់ ស្របទៅតាមផែនការដែលបានគ្រោងទុក។
ចំពោះការចល័តគ្រឿងចក្រចូល ដើម្បីចាប់ផ្ដើមសាងសង់ជាផ្លូវការ គ្រោងនឹងអនុវត្តក្នុងរដូវទឹកស្រក អំឡុងចុងឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងរួចរាល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតម្រាយព្រែកជីកនេះ៕