(បាត់ដំបង)៖ មនុស្ស៣នាក់ និងបក្ខពួក ដែលកៀរគរប្រជាពលរដ្ឋឲ្យប្រឆាំងការអនុវត្តច្បាប់លើរថយន្ដដឹកលើសទម្ងន់ នៅខេត្តបាត់ដំបង ត្រូវបានចោទប្រកាន់ជាផ្លូវការពីតំណាងអយ្យការ ក្រោយត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៉ើបសួរ របស់លោកព្រះរាជអាជ្ញារង ដួង សារ៉ន តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
ក្នុងចំណោមជនត្រូវបានចោទទាំងអស់ មានមនុស្សតែ ៣នាក់ប៉ុណ្ណោះដែលមានខ្លួន។ ទោះជាយ៉ាងនេះក្តី មេក្លោងយោធាឈ្មោះ រោង សារឹម កំពុងបន្តរត់គេចខ្លួនដដែល។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៉ើបសួរ របស់លោកព្រះរាជអាជ្ញារង ដួង សារ៉ន ដែលបានឃើញរបាយការណ៍សំយោគ លេខ ១២៧ ព្រទកស ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានតម្រុយសន្មតបានថា៖
* ១៖ ឈ្មោះ កែវ វាសនា (មានខ្លួន) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរទិញ-លក់ពោត កើតនៅឃុំជ្រោយល្ពៅ ស្រុកបាត់ដំបង ខេត្តបាត់ដំបង កាន់សាសនាព្រះពុទ្ធ ទីលំនៅបច្ចុប្បន្ននៅក្រុមទី១០ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
* ២៖ ឈ្មោះ ហ៉ឹម ចាន់គ្រឹះស្នា (មានខ្លួន) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញពោត កើតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាន់សាសនាព្រះពុទ្ឋ ទីលំនៅបច្ចុប្បន្នភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
* ៣៖ ឈ្មោះ សែម ឌីយ៉ា (មានខ្លួន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចាងហ្វាងកាសែតបាត់ដំបងប៉ុស្តិ៍ កើតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាន់សាសនាព្រះពុទ្ធ ទីលំនៅបច្ចុប្បន្នភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
* ៤៖ បក្ខពួក។
តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានអះអាងថា អ្នកទាំងអស់នេះ បានប្រព្រឹត្តអំពើដូចតទៅ៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចសៃឡូ ឈ្មោះ សុវត្ថិ រុងរឿង ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅវេលាម៉ោង ១៦៖០០នាទី កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណី ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបង្កឡើងដោយជនសង្ស័យ បាននាំគ្នាធ្វើសកម្មភាពឡាយជាវីដេអូ និងផុសរូបតាមសង្គមហ្វេសប៊ុក កៀរគរប្រជាពលរដ្ឋប្រហែល ១៣៦នាក់ ឱ្យមកចូលរួមតរាំ រារាំងដល់ថ្នាក់ដឹកនាំដែលបានសហការ ជាមួយក្រសួងសាធារណការ នៅជញ្ជីងពុកឆ្មាស្រុកសង្កែ ដែលបានចុះប្រតិបត្តិការឃាត់រថយន្តដឹកលើសទម្ងន់។
ដោយឈ្មោះ ហ៉ឹម ចាន់គ្រឹះស្នា បានថតឡាយពីសកម្មភាពប្រជាពលរដ្ឋប្រុសស្រីប្រហែល១៣៦នាក់ ដើម្បីមកប្រមូលផ្តុំគ្នា និងបានស្រែកឡូឡា នៅមុខសៃឡូ។ ចំណែកជនសង្ស័យឈ្មោះ សែម ឌីយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ក៏បានទៅឡាយផ្ទាល់ក្នុងទំព័រផេកព័ត៌មានរបស់ខ្លួន ដើម្បីកៀរគរប្រជាពលរដ្ឋឲ្យមកតវាកាន់តែច្រើន។ ចំណែកបក្ខពួកគេផ្សេងទៀត ក៏បានទាញរបងបិទ និងបានកាត់ខ្សែខ្យល់រថយន្តមិនឲ្យចេញ។ ចំណែកជនសង្ស័យឈ្មោះ កែវ វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ បានទៅមើលការតវ៉ា ហើយបានទិញបាយ ទឹកសុទ្ឋ គាំទ្រដល់អ្នកតវ៉ា និងបានថតជាវីឌីអូ ដោយនិយាយថា «ទឹកចិត្តតិចតួច និងបានដាក់គណនីABA» ជាមួយ ហើយបានបង្ហោះវីដេអូនោះ និងមានអ្នកចូលរួមលុយបន្ថែមទៀត ដែលអំពើនេះបានធ្វើឲ្យមានភាពអសន្តិសុខនៅក្នុងសង្គមជាតិ។
អំពើខាងលើជាបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចសៃឡូ ឈ្មោះ សុវត្ថិ រុងរឿង ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ ដែលត្រូវបានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ដោយបានឃើញមាត្រា ៤៤ និងមាត្រា ១២៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចបើកការស៉ើបសួរលើអង្គហេតុខាងលើ និង៖
* ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ កែវ វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ (មានខ្លួន), ឈ្មោះ ហ៉ឹម ចាន់គ្រឹះស្នា ភេទប្រុស អាយុ២២ឆ្នាំ(មានខ្លួន), ឈ្មោះ សែម ឌីយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ (មានខ្លួន) និងបក្ខពួក ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចសៃឡូឈ្មោះ សុវត្ថិ រុងរឿង ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
* ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវីធី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងកម្លាំងសមត្ថកិច្ចស្រុកភ្នំព្រឹក បានឆ្មក់ចុះថ្លឹងរថយន្តដឹកជញ្ជូននៅលើផ្លូវ៥៩ ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយចាប់បានរថយន្តរបស់ឈ្មួញថៃពីរគ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកពោតចេញពីកម្ពុជា ឆ្ពោះទៅច្រកអូររំដួលចេញទៅប្រទេសថៃ។
បន្ទាប់ពីការថ្លឹងរថយន្តពីរគ្រឿងនេះ មួយគ្រឿងមានទម្ងន់សរុប ៨២តោន លើសទម្ងន់កំណត់ជាង ៤០តោន និងមួយគ្រឿងទៀត មានទម្ងន់ ៦៤តោន លើសទម្ងន់កំណត់ជាង ២០តោន។ រថយន្តនេះ គឺដឹកលើសទម្ងន់កំណត់ច្រើនជាង ២០ភាគរយ។ ទម្ងន់ដែលបានដឹកលើសនេះ យោងទៅតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ គឺតម្រូវឱ្យរើទំនិញចេញ ហើយឃាត់រថយន្តទុកមួយឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ម៉ឺនរៀលក្នុងមួយតោន និងដកបណ្ណបើកបរ និងព្យួរទុកចំនួនពីរឆ្នាំ៕