ប៉ៃលិន៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាបាននាំយកអាវរងា និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ចាស់ជរា ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតដោយ សារវិបត្តិកូវីដ-១៩ និងប្រជាករពារភូមិ ចំនួន ៦១២គ្រួសារ នៅក្នុងសង្កាត់ទាំងបួន នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយ មិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ ។
លោកជំទាវបន្តថា ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង០៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលាចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុ ផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ដូចជាមេរោគបំប្លែងថ្មី អូមីក្រុង ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩នេះ។
លោកជំទាវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បំលែងថ្មី(អូមីក្រុង) នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ចាស់ជរា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និង ប្រជាការពារ មាន៤សង្កាត់ គឺនៅសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយក្នុងមួយគ្រួសារៗទទួលបាន អាវរងា១ ភួយ១ ក្រមា១ និងថវិកាចំនួន ៥០០០០រៀល ។