បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ កងកម្លាំងចម្រុះជួរមុខ ចំនួន១៣អង្គភាព ទិសទី១បន្ទាយមានជ័យ ត្រូវបានក្រុមគ្រូពេទ្យចល័តភូមិភាគទី៥ ចុះចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣Astra Seneca (ដូសជម្រុញ) ។ ក្នុងនោះដោយមានការចូលរួមត្រួតពិនិត្យដោយ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានដឹកនាំក្រុមរថយន្តចល័តយោធភូមិភាគទី៥ រួមជាមួយក្រុមគ្រូពេទ្យកងពលតូចថ្មើរជើងលេខ៥១ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ។ ក្នុងដំណើរការចុះចាក់នេះគឺចាប់ពីព្រំប្រទល់ខេត្តឧត្តរមានជ័យ រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង ជាង១៥៣គីឡូម៉ែត្រ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថា ៖ កងកម្លាំងចម្រុះជួរមុខដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ)នេះ រួមមានស្ថាប័នកងទ័ពចំនួន ៩អង្កភាព រួមជាមួយវរសេនាតូចនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មាន៤អង្គភាព សរុបរួមចំនួន ១៣អង្គភាព។ ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនកងកម្លាំងជួរមុខនេះគឺធ្វើឲ្យបានលឿនបំផុត ដើម្បីធានាបានសុខសុវត្ថិភាពជូនកងកម្លាំង ដែលកំពុងបំពេញប្រតិបត្តិការបិទខ្ទប់នៅជួរមុខតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់តាំងខែធ្នូ ឆ្នាំ២០២០ គិតមកដល់ពេលនេះមានរយៈពេលជាង៨ខែមកហើយ ដោយកងកម្លាំងទទួលបានការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នោះមានចំនួន៣ដូសរួចមកហើយដែរ។
ក្នុងនាមថ្នាក់ដឹកនាំយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនោះលោកឧត្តមសេនីយ៍ទោ សេង ធារិន បញ្ជាក់ថា៖ អង្គភាពទាំង១៣ ទិសទី១បន្ទាយមានជ័យ មុនមកចាក់ចាក់វ៉ាក់សាំង ដូសទី៣នេះត្រូវយកភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណកងយោធខេមរភូមិន្ទ ប័ណ្ណចាក់វ៉ាក់សាំង២ដង ឬទម្រង់ចាក់វ៉ាក់សាំងរួច២ដង និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ។
គួរបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ននេះរដ្ឋាភិបាល បាននឹងកំពុងដំណើរការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលជាដូសទី៣(ដូសជម្រុញ) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ជូនដល់ក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋ និងឯកជន ដល់មន្ត្រីរាជការនៅតាមខេត្ត មន្ត្រីជាប់កិច្ចសន្យា កងទ័ព គ្រួសារកងទ័ព នគរបាលខេត្ត ចំនួន ៧ជាប់ព្រំដែន រួមមាន ៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និង ខេត្តព្រះវិហារ រៀបចំ ចាក់វ៉ាក់សាំងចាប់ពី ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១អស់ហើយ៕