ព្រឹកថ្ងៃសោរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន សមាជិក សមាជិកា យុវជនស.ស.យ.កខេត្ត យុវជនកាកបាទក្រហមខេត្ត និងអាជ្ញាធរភូមិឃុំស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ~១៩ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលន ខេត្តប៉ៃលិន ចំនួន ៣២គ្រួសារ ។
ក្នុងឱកាសនោះ លោកជំទាវ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ ។
លោកជំទាវ បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមកន្លងថ្មី រក្សាអនាម័យលាងដៃ ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ ។
សូមបញ្ជាក់ថា ស្បៀងអាហារដែលបានផ្តល់ជូន តាមខ្នងផ្ទះ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៥០គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ២កេស ឃីត១ (កន្ទេល១ មុង១ ក្រមា១ ភួយ១) អាវយឺត១ ទឹកសុទ្ធ ១កេស និងថវិកា១០០.០០០រៀល ។