(ខេត្តកំពត)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានទទួលថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារ:ប្រើប្រាស់ ដែលជាអំណោយមនុស្សធម៌ ពីលោកចៅ ចាយ ឡាំង តំណាងក្រុមហ៊ុនស្ថាបនាផ្លូវ ជីរជាំង ហ៊ួសុីន ក្នុងឱកាសអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធនរបស់សង្គមជាតិ” ក្រោមវត្តមាន ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ព្រមទាំងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមហ៊ុន និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ទាំងនេះប្រគល់ជូនដល់សាខា ហើយសាខានឹងយកគ្រឿងឧបភោគ បរិភោគ សម្ភារ ទាំងនេះទៅចាត់ចែងតាមតម្រូវការ ដើម្បីជួយដល់ជនងាយរងគ្រោះទាំងឡាយ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម និងសូមជូនពរឲ្យក្រុមហ៊ុនប្រកបអាជីវកម្មកាន់តែរីកចម្រើនឡើង។
សូមជម្រាបថា ថវិកា និងសម្ភារដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមមាន៖ ថវិកា១០,០០០ដុល្លារអាមេរិក និងគ្រឿងឧបភោគ បរិភោគ គិតជាថវិកាស្មើនឹង៣០,០០០ដុល្លារអាមេរិកផងដែរ៕ សេង ណារិទ្ធ