ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់​ចំនួន​៣២០​នាក់ នៅក្នុង​សាលប្រជុំ​ធំ និង​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ចំនួន ៥០០​នាក់ ក្នុង​នោះ​ចំនួន​២៣៥​នាក់ នៅក្នុង​សាលប្រជុំ​នានា​នៅ​ទីស្តីការក្រសួង និង​២៦៥​នាក់ មកពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន សរុប​ទាំងអស់​ចំនួន ៨២០​នាក់​។​

​សន្និបាត​ឆ្នាំនេះ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធានបទ «​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកទេស ដើម្បី​ពង្រឹង​គុណភាព ប្រសិទ្ធភាព​ក្នុង​វិស័យ សាធារណការ និង​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​» ក្នុង​គោលបំណង​ពិនិត្យមើល​វឌ្ឍនភាព​ការងារ ការពិភាក្សា​ផ្លាស់ប្ដូរ​យោបល់ និង​ដកស្រង់​បទពិសោធន៍​ល្អៗ ការអនុវត្ត​តាម​អនុសាសន៍​ដ៏​ល្អ​ប្រពៃ មានតម្លៃ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ជា​ត្រីវិស័យ និង​ជា​ផែនទី​បង្ហាញផ្លូវ​ដោះស្រាយ​បំពេញបន្ថែម និង​កែលម្អ​ចំណុច​ខ្វះខាត​នានា​ដែល​មាន​កន្លងមក និង​ដើម្បី​ឈាន​ទៅ​អនុវត្ដ​ទិសដៅ​និង​ការងារ​ថ្មីៗ នៅ​បណ្ដា​ឆ្នាំ​ខាង​មុខ​ជា​ពិសេស​ឆ្នាំ​២០២១ និង​ឆ្នាំ​បន្ត​បន្តាប់ ឱ្យ​សម្រេចបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ពី​សមិទ្ធផល​សំខាន់ៗ ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ដែល​ក្នុងនោះ​មាន​៖ ការលើកកម្ពស់​គុណភាព​ផ្លូវ​ពី​ប្រភេទ​កៅស៊ូ​ពីរ​ស្រទាប់​ស្ដើង​ទៅ​ជាបេតុ​កៅស៊ូ ការពង្រីក​ផ្លូវ និង​ស្ថាបនា​ផ្លូវ​ថ្មី ការសាងសង់​ផ្លូវ​ល្បឿន​លឿន ស្ពាន ការងារ​ផ្លូវដែក ការងារ​កំពង់ផែ ការងារ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ការងារ​ដឹកជញ្ជូន ការដឹកជញ្ជូន​សាធារណៈ ការងារ​ដឹកជញ្ជូន​តា​ម​ផ្លូវទឹក​និង​ផ្លូវ​សមុទ្រ ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការងារ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ការងារ​ភស្តុភា​កម្ម ការងារ​ព័ត៌មានវិទ្យា ការងារ​កំណែទម្រង់ ស្ថាប័ន​និង​ការអភិវឌ្ឍ​ធនធានមនុស្ស ការងារ​ច្បាប់ និង​លិខិត​បទដ្ឋាន គតិយុត្តិ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​គម្រោង​សំខាន់ៗ ដែល​ក្រសួង​កំពុងតែ​អនុវត្តន៍​រួមមាន​៖ គម្រោង​ស្ថាបនា​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប (​ថវិកាជាតិ​) គិត​រហូត​មក​ទល់​ពេល​នេះ សម្រេចបាន ១១.៦៨% គម្រោង​ស្ថាបនា​ផ្លូវ​ចំនួន​១១​ខ្សែ​សម្រេចបាន ៣១.១៥% ព្រមទាំង​ការងារ​ស្តារ​អូរ​ប្រឡាយ ធម្មជាតិ​ចំនួន​៥​ខ្សែ​ប្រវែង​សរុប​២៧.៥៤៧​គីឡូម៉ែត្រ​សម្រេចបាន​៩៦.៦២% នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ក្របខណ្ឌ​នៃ​កញ្ចប់​ថវិកា​សន្សំ​របស់​ជាតិ គម្រោង​សាងសង់​ផ្លូវ ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ក្រោម​លក្ខខណ្ឌ​កិច្ចសន្យា​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ (BOT) សម្រេចបាន ៣១.១៩% គម្រោង​សាងសង់ ស្ពាន​ឆ្លង​ទន្លេ​មេគង្គ (​ក្រូចឆ្មារ​-​ស្ទឹងត្រង់​) ប្រវែង ១,១៣១​ម៉ែត្រ សម្រេចបាន ៩៦.៤៩%​។​

​បន្ថែម​ពីលើ​នេះ​គម្រោង​សាង់សង់​ផ្លូវ​ជាតិ​លេខ​៣ រាជធានី​ភ្នំពេញ​-​បែក​គូស (៤ គន្លង​ផ្លូវ​) និង​បែក​គូស -​ខេត្ត​កំពត ពង្រីក​ដល់​១២​ម៉ែត្រ​សម្រេចបាន​៨៧% គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្តាម​-​ក្រុង​ប៉ោយប៉ែត ពង្រីក​ជា​៤​គន្លង​ផ្លូវ​ក្នុងនោះ ១៖ (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ប្រវែង ១៣៥.២៥​គីឡូម៉ែត្រ សម្រេចបាន ៣៥.៦២% ២៖ (​បាត់ដំបង​-​សិរីសោភ័ណ​) ប្រវែង ៨៤.៧៤​គីឡូម៉ែត្រ សម្រេចបាន ៨៩.៧៥% និង ៣៖ (​ធ្លា​ម្អម​-​បាត់ដំបង​) ប្រវែង ១៣៤.២៥​គីឡូម៉ែត្រ សម្រេចបាន ២៣.០២% និង (​សិរីសោភ័ណ​-​ប៉ោយ​ប៉ែត​) ប្រវែង ៣៤.៤​គីឡូម៉ែត្រ កំពុង​ជ្រើសរើស​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​បញ្ជាក់ទៀតថា ក្រសួង​បាន​ទិញ​គ្រឿងចក្រ​ចំនួន ២២២​គ្រឿង សម្រាប់​ផ្តល់ជូន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​២៥ រាជធានី​-​ខេត្ត និង​អគ្គនាយកដ្ឋាន ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​បាន​ទទួល​ជំនួយ​ឥត​សំណង​ជា​គ្រឿងចក្រ​សម្រាប់​កែច្នៃ​គ្រឹះ​ផ្លូវ​ឡើងវិញ (Stabilizer) ចំនួន ១៥​គ្រឿង​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​JICA​។​

​ក្រសួង​ក៏​បាន​ទទួល​គ្រឿងចក្រ​សម្រាប់​ផលិត​បេតុង​កៅស៊ូ និង​ការងារ​អ៊ុត​កៅស៊ូ​ចំនួន​២​ឈុត (​ចំនួន​១៨​គ្រឿង​) ពី​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​(SCG) សម្រាប់​ឆ្នាំ​២០២០ និង​២០២១ ដែល​ក្នុងនោះ​រួមមាន​៖ គ្រឿងចក្រ​ផលិត​បេតុង​កៅស៊ូ​ដែល​មាន​សមត្ថភាព​អាច​ផលិត​បេតុង​ក្នុង​បរិមាណ ១២០​តោន​/​ម៉ោង ចំនួន​២​គ្រឿង និង​គ្រឿងចក្រ​សម្រាប់​ការងារ​អ៊ុត​កៅស៊ូ​ចំនួន​១៦​គ្រឿង​ផង​ដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន កុំ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស នាំឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ កុំ​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ដោយ​ច្បាប់​ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ខូច ដោយ​លោក​បាន​លើកឡើង​នូវ​រូបមន្ត​ដូចជា​៖ ឧទាហរណ៍​ច្បាប់​អនុញ្ញាត​ឲ្យ​ដឹក​៣០​តោន ប៉ុន្តែ​យើង​ដឹក ៤០​តោន លើស ១០​តោន នោះ​គេ​យក ១០ គុណ​នឹង ១០ ស្មើនឹង ១០០ យក ១០០ គុណ​នឹង ១០ ស្មើ ១,០០០ យក ១,០០០ គុណ​នឹង ១០ ស្មើនឹង ១០,០០០ ដូច្នេះ​ឡាន​មួយ​គ្រឿង​ដែល​ដឹក​ទំនិញ​លើស ១០​តោន ស្មើ​នឹង​ឡាន ១០,០០០ គ្រឿង​ដឹក​ទំនិញ​លើផ្លូវ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ជម្រាបជូន​ដែរ​ថា ក្រសួង​នឹង​ប្រឡង​ជ្រើសរើស​និស្សិត​ចំនួន ២០០​នាក់​ឱ្យ​សិក្សា​ជំនាញ​ឯកទេស​នៅ​វិទ្យាស្ថាន​តេជោ​សែន សាធារណការ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងតម្លៃ​សិក្សា​ចំនួន​៦០០​ដុល្លារ​ក្នុង​ឆ្នាំ និង​ផ្តល់ឱកាស​អាហារូបករណ៍​១០០% សម្រាប់​និស្សិត​ឆ្នើម​ចំនួន​៥០​នាក់ និង​អាហារូបករណ៍​៥០%​សម្រាប់​និស្សិត​ឆ្នើម​ចំនួន​៥០​នាក់ សិក្សា​រយៈពេល ៤​ឆ្នាំ ប៉ុន្តែ​ត្រូវ​ស្ថិតក្រោម​ការវាយតម្លៃ​លទ្ធផល​សិក្សា​ប្រចាំឆ្នាំ​នីមួយៗ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ស្នើ​ឱ្យ​អង្គសន្និបាត ពិសេស​ថ្នាក់ដឹកនាំ​ក្រសួង ទីប្រឹក្សា តំណាង​មកពី​អគ្គនាយកដ្ឋាន នាយកដ្ឋាន និង​អង្គភាព​ជំនាញ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត ត្រូវ​យកចិត្ដទុកដាក់​រួម​គ្នា​ពិនិត្យ​ពិភាក្សា​លើ​ចំណុចខ្លាំង ចំណុច​ខ្សាយ បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ នៅក្នុង​បទ​អន្តរាគមន៍​ដែល​ធ្វើឡើង​ដោយ​តំណាង​អគ្គនាយកដ្ឋាន​ជំនាញ និង​តំណាង​អន្តរ​ក្រសួង​ផង​ដែរ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​បូក​សរុប​វាយតម្លៃ និង​ការពិភាក្សា សម្រាប់​សន្និបាត​ឱ្យស្រប​តាម​ប្រធានបទ​ដែល​បានលើកឡើង​។​

​សូមជម្រាបថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏​បាន​ដាក់ចេញ​ផែនការ​ប្រចាំឆ្នាំ តាមដាន និង​វាយតម្លៃ​ជាប្រចាំ ជា​មួលដ្ឋាន​វាស់វែង ក្នុង​ការអនុវត្ត​ផែនកា សកម្មភាព​ទាំងឡាយ​របស់​ខ្លួន ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ