ខេត្តសៀមរាប៖សំណង់អគាររដ្ឋបាល ,អគារឃុំខ្លួនបណ្តោះអាសន្នសាលប្រជុំ រោងបាយនិង អគារស្នាក់នៅរបស់មន្ត្រី អន្តោប្រវេសន៍ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបចំនួន០៦ខ្នង ត្រូវបានបើកសម្ពោធកាត់ខ្សែបូរជានិមិត្ត រូប ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការប្រគល់យានយន្ត កុំព្យូទ័រនិង ថវិកា ២០លានរៀល ជូនដល់ស្នងការនគរបាលចំនួន ០៩ ខេត្ត កាលពីព្រឹកថ្ងៃទី២១ខែ ធ្នូ ឆ្នាំ២០១៥ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។
ពិធីនេះមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអភិបាលខេត្ត ក្រុប្រឹក្សាខេត្ត ស្នងការ មេបញ្ជាការយោធភូមិភាគ៤ អាវុធហត្ថខេត្ត រួមទាំងអស់លោកលោកស្រីមន្ត្រីនគរបាលជាតិ មន្ត្រីអន្តោប្រវេសន៍ ថ្នាក់ ដឹកនាំមន្ទីរ ព្រមទាំងតាជី យាយជីផងដែរ។
ក្នុងកិច្ចស្វាគមន៍ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ ធ្វើសេចក្តីរាយការណ៍ អំពីការសាងសង់អគារថ្មី និង ការជួសជុលអគារចាស់ ក្នុងទិសដៅពង្រីកទីតាំង ពង្រឹងការអនុវត្តនីតិវិធីច្បាប់ ហើយសមទ្ធិផលថ្មី ដែលមានអគារ០៦ខ្នង នេះត្រូវបានសាងសង់អស់ថវិកាសរុប ៣១៥ពាន់៧០០ដុល្លា ដែលជា អំណោយរបស់សម្តេចក្រឡាហោម ដើម្បីផ្តល់ទីតាំងបំពេញការងារ ស្នាក់នៅឲ្យបានសមរម្យ ដល់បងប្អូនមន្ត្រីអន្តោប្រវេសន៍ ដែលកំពុងឈរជើង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ។
មានប្រសាសន៍សំណេះសំណាលនោះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សមទ្ធិផលថ្មីនេះ នឹង ជួយដោះស្រាយនូវរាល់កង្វះខាតកន្លែងសម្រាប់ធ្វើការងារ និង បន្ទុកការចំណាយទៅលើការជួលទីកន្លែងស្នាក់ នៅ និង ហូបចុករបស់មន្ត្រីអន្តោប្រវេសន៍ នៃច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលជាច្រកចេញ ចូល ដ៏ សំខាន់ និង អាចស្រូបទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅខេត្តប្រវត្តិសាស្ត្រមួយនេះ ។ សម្តេចក្រឡាហោម បានបន្តទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំកំណើនភ្ញៀវទេសចរណ៍ មានការកើនឡើង ហើយនឹងបន្ត កើនឡើងបន្ថែមទៀតនៅខេត្តសៀមរាប ។ ទាំងនេះក៏សបញ្ជាក់ផងដែរ ពីភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយផ្អែកលើកត្តា នៃសក្តានុពលទេសចរណ៍ ស្ថេរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាលានុវត្តភាពជាច្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នផងដែរ ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា ក្នុងការឆ្លើយតបការវិវត្តនេះ សមទ្ធិផលដែលយើងសម្រេចបាននៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិ នឹងផលនូវផលប្រយោជន៍យ៉ាងធំធេង ក្នុងការរួមចំណែកបង្កលក្ខណៈដល់ការបំពេញការងារជំនាញ របស់មន្ត្រីយើង បានមួយកម្រិតធំ និង ជម្រុញលើកម្ពស់ប្រសិទ្ធភាពការងារ មុខមាត់របស់ស្ថាប័ន សម្រាប់ជាតិយើងទាំងមូល ។ ក្នុង នោះដែរសម្តេចក្រឡាហោម ក៏បានធ្វើការវាយតម្លៃខ្ពស់ ក្នុងការដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងបានកោតសរសើរពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំតាក់តែងបទដ្ឋានគតិយុត្តថ្មី នូវបទដ្ឋានច្បាប់ ដើម្បីឆ្លើយ តបតាមបរិបទ និង ការវិវត្តរបស់ពិភពលោកនាពេលបច្ចុប្បន្ន ក្នុងវិស័យអន្តោប្រវេសន៍ ដោយឈរលើមូលដ្ឋានគតិយុត្ត ក្នុងការអនុវត្តការងារ គ្រប់គ្រងជនបរទេស សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងអន្តោប្រវេសន៍ ឲ្យ កាន់តែប្រសើរឡើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
សម្តេច ក្រឡាហោម ស ខេង ក៏បានលើកនូវអនុសាសន៍ល្អៗ មួយចំនួន សម្រាប់មន្ត្រីថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋ សំខាន់លើការងារសន្តិសុខ ជូនភ្ញៀវជាតិ អន្តរជាតិ និង ប្រជា ពលរដ្ឋ និង គ្រប់គ្រងឲ្យបាននូវអត្តសញ្ញាណក្រុមសមាសភាពមិនល្អ និង ការគ្រប់គ្រងអាវុធជាតិផ្ទុះ ត្រូវអនុវត្តឲ្យ បានដូចភ្លៀងរលឹម ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ព្រមទាំងធ្វើការផ្សព្វផ្សាយដល់ប្រជាជន ឲ្យបានចូលរួម ។
ក្នុងនោះសម្តេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ទៅលើការងារផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សំខាន់ការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ មន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណទាំងអស់ ត្រូវលុបបំបាត់ជាបន្ទាន់ នូវ អំពើអសកម្មរបស់ខ្លួន ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណ ។ ម្យ៉ាងទៀត ចំពោះចរាចរណ៍ គឺជាបញ្ហាមួយដែលយើងគ្រប់ គ្នាត្រូវគោរពច្បាប់ឲ្យបានល្អ ក្រោយពីការប្រកាសឲ្យអនុវត្តច្បាប់ចរាចរណ៍ថ្មី សមត្ថកិច្ចអនុវត្តច្បាប់ ត្រូវធ្វើការងាផាក ពិន័យ លើជនគ្រប់រូបដែលបានប្រព្រឹត្តខុសនឹងច្បាប់ ដោយមិនប្រកាន់ថាអ្នកមានអំណាច បុណ្យយុស័ក្តិ ឬ ក៏ថ្នាក់ដឹក នាំណាមួយឡើយ ។
សម្តេចក្រឡាហោមក៏បានសង្កត់ធ្ងន់ ចំពោះជនណាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយ បានយកតួនាទី ឋានៈ បុណ្យស័ក្តិ យក មកគំរាមដល់មន្ត្រីអនុវត្តច្បាប់ ជនទាំងនោះនឹងត្រូវប្រឈមនឹងមុខច្បាប់ និង ដកនូវតួនាទី មុខតំណែង ។ ដូច្នេះនៅពេលបើកបរ បញ្ជាយានយន្ត សូមបងប្អូន យកបុណ្យស័ក្តិ តួនាទី ឋានៈ ទៅទុកមួយកន្លែង ហើយត្រូវបញ្ឈប់ផងដែរនូវប្រពៃណីជួយអន្តរាគមន៍ ។ ក្នុងនោះដែរសម្តេចក្រឡាហោម ក៏បានធ្វើការ ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដើម្បីរួមចំណែកក្នុងកិច្ចការពារសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ សំដៅធានាបាននូវ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងបន្តកិច្ចសហការអនុវត្តនូវភារកិច្ចស្នូលរបស់ ខ្លួន ក្នុងការកសាងស្នាដៃជាបន្ត ដើម្បីក្រសួង និង រាជរដ្ឋាភិបាល មានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការអនុវត្តទៅអនាគត។
ក្នុងនោះដែរ សម្តេចក្រឡាហោម ក៏បានប្រកាសផ្តល់នូវផ្លូវចាក់បេតុង ចូលមកកាន់ស្នាក់ការអន្តោប្រវេសន៍ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ប្រវែង៣០០ម៉ែត្រ ផងដែរ ៕
ដោយ(លុច ណាម)សៀមរាប