ថ្ងៃអាទិត្យ ៦រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២០នេះ
ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការការពារជំងឺឆ្លងកូវីដ១៩ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមាន ឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា, លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានចាត់ឲ្យក្រុមការងារសាខារួមមាន៖ លោក យឹម យូហៀង ប្រធានការិយាល័យបង្ការ និងឆ្លេីយតបគ្រោះមហន្តរាយ និងលោកស្រី ហង្ស ណាវី មន្ត្រីទទួលបន្ទុកគម្រោងការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ បន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវសាធារណៈ ទីប្រជុំជន ផ្សារ និងសហគមន៍ក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ៧មករា ។
គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយនេះ ដេីម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ។
សូមបញ្ជាក់ថា៖ ក្នុងយុទ្ធនាការនេះ មានការចាក់ជាសារអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសារអប់រំរបស់ក្រសួងសុខាភិបាលតាមរថយន្ត និងក្រុមការងារសាខាចុះអប់រំប្រជាពលរដ្ឋពីវិធីលាងសម្អាតដៃ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។
២. ខ្ទប់មាត់ និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យរួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕