(ខេត្តកំពត)៖ ទំនាស់វិវាទដីធ្លី(ដីផ្លូវ)ស្ថិតចំណុចភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពតដែលភាគីម្ខាងបំណងសុំបិទផ្លូវចាស់ ហើយសង់ផ្លូវថ្មីជំនួស រហូតមកដល់ថហងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហាក់នៅតែដោះស្រាយមិនទាន់ចេញ បើទោះជាអាជ្ញាធរខិតខំរកគន្លឹះល្អមកពន្យល់បែបណា តែភាគីទាំងសងខាងហាក់នៅតែប្រជែងយកឈ្នះចាញ់រៀងៗខ្លួន។
ចំពោះការវិវាទនេះ ប្រជាពលរដ្ឋជាច្រើននាក់ពុំបានលើកឡើងពីករណីទំនាស់ដីធ្លីនោះទេ គោលការណ៍សំខាន់ដែលបានលើកឡើង គឺពួកគាត់សំណូមពរឲ្យអាជ្ញាធរជួយដោះស្រាយរឿងផ្លូវចាស់ដែលភាគីម្ខាងសុំបិទ ដោយតម្រូវឲ្យពួកគាត់ធ្វើដំណើរតាមផ្លូវថ្មីដែលបានធ្វើរួចមកហើយ។ប៉ុន្តែទោះជាមានផ្លូវថ្មីជំនួសបែបណា ពួកគាត់មិនអាចទទួលយកបាននោះទេ ដោយពួកគាត់នៅតែសុំឆ្លងកាត់ផ្លូវចាស់ដដែលវិញ។
ទាក់ទិននឹងរឿងរ៉ាវខាងលើ អ្នកស្រី លីង អាយហ័រ ជាភាគីម្ចាស់ដីដែលសុំគោលការណ៍បិទផ្លូវចាស់ បាននិយាយថា ការសុំបិទផ្លូវចាស់ ដោយតម្រូវឲ្យពលរដ្ឋធ្វើដំណើរផ្លូវថ្មីនោះ ដោយសារដីនៅអមសងខាងផ្លូវត្រង់ចំណុចនោះគាត់បានទិញពីប្រជាពលរដ្ឋរួចមកហើយ ហើយក្រោយពីទិញដីបានរួចមកគាត់បានបង្កបង្កើនផល អាស្រ័យផល ដូចជាដាំចេកនិងដំណាំរួមផ្សំជាច្រើនមុខទៀត ប៉ុន្តែពុំដែលទទួលបានផលឡើយ ព្រោះតែមានផ្លូវឆ្លងកាត់នៅចំពាក់កណ្តាលដីរបស់គាត់ ហើយកន្លងមកផលដំណាំត្រូវរងការបំផ្លាញ និងបាត់បង់ស្ទើគ្មានសល់ ម្លោះហើយទើបអ្នកស្រីចំណាយថវិកាផ្ទាល់ខ្លួនជិត១ម៉ឺនដុល្លារ ដើម្បីធ្វើថ្មីថ្មីវៀងផ្លូវចាស់នេះ សម្រាប់ឲ្យពលរដ្ឋធ្វើដំណើរវិញ។ ក្រៅពីសុំគោលការណ៍បិទផ្លូវចាស់ អ្នកស្រីលីង អាយហ័រ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយរកដំណោះស្រាយលើបញ្ហាពលរដ្ឋមួយគ្រួសារដែលហ៊ានធ្វើផ្លូវឆ្លងកាត់ដីរបស់គាត់ផងដែរ។
ក្រោយពីបានស្តាប់ហេតុផលទាំងសងខាង លោក ប្រាក់ សាមឿន មេឃុំស្ទឹងកែវបានសម្របសម្រួលដោយពន្យល់ឲ្យភាគីទំនាស់សហការគ្នា ប៉ុន្តែហាក់ពុំទទួលបានលទ្ធផល ដោយសារភាគីទាំងពីរពុំមានការយោគយល់អធ្យាស្រ័យគ្នានោះឡើយ ទើបលោកមេឃុំយករឿងរ៉ាវទាំងនេះទៅពិចារណា ដើម្បីរកគន្កឹះដោះស្រាយបន្តទៀត ហើយបើដោះស្រាយមិនចេញទេ មានតែបញ្ជូនរឿងរ៉ាវនេះទៅថ្នាក់លើជាអ្នកដោះស្រាយវិញ៕ សេង ណារិទ្ធ