(ខេត្តកំពត)៖ ប្រជាពលរដ្ឋប្រមាណ៦០គ្រួសាររស់ក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត កំពុងផ្ទុះប្រតិកម្មយ៉ាងពុះកញ្ត្ជោល ខណៈមានគេយកគ្រឿងចក្រក្នុងគោលបំណងមកកាយផ្តាច់ផ្លូវត្រង់ចំណុចភ្នំតាអ៊ុយ ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ពាក់ព័ន្ធនឹងករណីគ្រឿងចក្រកាយផ្តាច់ផ្លូវខាងលើ ប្រជាពលរដ្ឋរាប់រយនាក់ដែលមានដីចម្ការស្ថិតក្បែរភូមិសាស្ត្រនោះ បានរៀបរាប់ដូចគ្នាថា រយៈពេលថ្មីៗនេះបុគ្គលម្នាក់ ឈ្មោះ លីង អាយហ័រ ភេទស្រី អាយុប្រហែលជាង៥០ឆ្នាំ រស់នៅទីរួមខេត្តកំពត បានមកទិញដីប្រជាពលរដ្ឋនៅទីនេះ រួចហើយគាត់យកគ្រឿងចក្រមកជីកកាយបំបិទផ្លូវមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ទៀតឡើយ។ពួកគាត់បានរៀបរាប់ទៀតថា តាមពិតផ្លូវដែលឈ្មោះ លីង អាយហ័រ កាយបំបិទនេះគឺជាផ្លូវសាធារណៈដែលពលរដ្ឋក្នុងតំបន់ខាងលើធ្លាប់ធ្វើដំណើរឆ្លងកាត់ជាយូរមកហើយ ហើយតំបន់នេះមានផ្លូវចេញចូលតែមួយនេះទេ ដែលអាចឲ្យពួកគាត់ធ្វើដំណើរទៅមក និងដឹកកសិផលចេញពីចម្ការយកទៅលក់ដោះដូរនៅតាមទីផ្សារនានាក្នុងភូមិសាស្ត្រខេត្តកំពត ចុះបើបិទផ្លូវអីញ្ចឹងពួកគាត់ត្រូវធ្វើចរាចរចេញចូលតាមណាទៅ..?។
ពួកគាត់បានបញ្ជាក់ទៀតថា ចំពោះករណីឈ្មោះលីង អាយហ័រ យកគ្រឿងចក្រកាយបំបិទផ្លូវនេះ ពួកគាត់បានធ្វើពាក្យបណ្តឹងអាជ្ញាធរឃុំឲ្យជួយរកដំណោះស្រាយដែរ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ហាក់នៅតែមិនទាន់ឃើញគោលការណ៍ដោះស្រាយនៅឡើយទេ។
ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ខាងលើ សំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេស ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត សូមមេត្តាជួយអន្តរាគមន៍ចំពោះករណីដូចបានរៀបរាប់នេះផង។
ទាក់ទិននឹងការចោទប្រកាន់នេះ អ្នកស្រី លីង អាយហ័រ បានប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា អ្នកស្រីពិតជាមានគោលបំណងបិទផ្លូវនៅចំណុចភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ប្រាកដមែន ព្រោះថាដីដែលនៅអមសងខាងផ្លូវនេះជាដីរបស់គាត់បានទិញពីពលរដ្ឋទាំងអស់រួចទៅហើយ ប៉ុន្តែមុននឹងបិទផ្លូវអ្នកស្រីក៏បានធ្វើផ្លូវវៀងមួយទៀតនៅតាមក្រវាត់ព្រំដីរបស់គាត់សម្រាប់ឲ្យពលរដ្ឋធ្វើដំណើរផងដែរ។
ជុំវិញរឿងរ៉ាវខាងលើ លោក ប្រាក់ សាមឿន មេឃុំស្ទឹងកែវ បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ចំពោះបញ្ហាទំនាស់នេះ លោកពិតជាបានទទួលបានបណ្តឹងមែន ហើយលោកនឹងទៅធ្វើការដោះស្រាយនៅវេលាម៉ោង៨ព្រឹកថ្ងៃស្អែក ទី២៥ ខែឆ្នាំដដែល៕ សេង ណារិទ្ធ