ភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗក្រុមអាជីករផ្សារកណ្ដាល បានអោយដឹងថា បន្ទាប់ពីផ្ទុះព័ត៌មានរឿងអាស្រូវដែលលោកប្រធានផ្សាររក្សាល្បែងឆ្នោតកន្ទុយលេខខុសច្បាប់ដើម្បីដាក់ខែប្រចាំនៅផ្សារកណ្ដាលនោះគឺមានព័ត៌មានពាក់ព័ន្ធរឿងភាពមិនប្រក្រតីជាច្រើន និងភាពអសកម្ម ក្នុងការគ្រប់គ្រងដឹកនាំរបស់លោក ហូវ សំអ៊ិត ប្រធានគណៈគ្រប់គ្រងផ្សារកណ្តាលត្រូវ បានគេទម្លាយរឿងផ្សេងៗច្រើនគគោកមកអង្គភាពយើងផ្សព្វផ្សាយដើម្បីឲ្យមហាជនបានដឹងក៏ដូចជាថ្នាក់ដឹកនាំនៃសាលារាជធានីភ្នំពេញបានជ្រាបផងដែរ។
ប្រភពព័ត៌មានដែលនទទួលបាននោះ គឺលោកប្រធានផ្សារកណ្តាលរូបនេះមិនយកចិត្តទុកដាក់បំពេញការងារ មិនសូវចូលប៊ុយរ៉ូ និងរវល់តែជុំគ្នាស៊ីផឹកស្រីញីនៅក្រៅទីស្នាក់ការ ពោលខ្វះសមត្ថភាពដឹកនាំការងារ ហើយធ្វើការលំៗយកតែលុយបែបជិះសេះប្រលែងដៃ តែបើនិយាយពីរឿងចំណូលដែលប្រមូលបានពីប្រភពនានាជាច្រើននៅក្នុងផ្សារវិញ គឺលោកប្រធានក្តោបណែនពេញដៃមិនអោយបាត់១កាក់១សេនណាឡើយដែលមន្ត្រីថ្នាក់ក្រោមម្នាក់ៗអង្គុយបៀមតែប៊ិចហើយបានត្រឹមតែសម្លឹងមើលតែប៉ុណ្ណោះ។
ក្រុមអាជីវករជាច្រើននាក់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានធ្វើការរិះគន់ក្នុងន័យស្ថានាទៅលើលោក ហូវ សំអ៊ិត ថា ចាប់តាំងឡើងកាន់តំណែង ជាប្រធានគណៈគ្រប់គ្រងផ្សារកណ្ដាលកាលណាមក យូរៗទើបឃើញមុខដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់បានម្តង ខុសពីប្រធានផ្សារមុនៗ គឺចេះចុះសួរសុខទុក្ខអាជីវករពីការងាររកស៊ីលក់ដូរប្រចាំថ្ងៃ ឬចុះរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារ និងនៅជុំវិញផ្សារ។
ក្រុមអាជីវករបន្តទៀតថាលោកប្រធានផ្សាររូបនេះបានយកអាជីវករធ្វើជាចំណាប់ខ្មាំងក្នុងការរៃអង្គាសប្រាក់ភាស៊ីអនាម័យនិងសណ្តាប់ធ្នាប់ក្នុងមួយថ្ងៃមួយថ្ងៃមិនក្រោម ពី ៣ទៅលានរៀលប៉ុណ្ណោះទេលោកថែមកៀបសង្កត់អាជីវករណាដែលរឹងទទឹងមិនបង់ប្រាក់ភាស៊ីអនាម័យនិងសណ្តាប់ធ្នាប់លោកមិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតឡើយ។
បើតាមប្រភពបែកធ្លាយក្រៅផ្លូវការទំនងអាចជឿទុកចិត្ត បានបង្ហើបអោយដឹងថា មូលហេតុដែលលោក ហូវ សំអ៊ិត ប្រធានគណៈកម្មការផ្សារកណ្ដាល មិនសូវខ្វល់ពីការងារ ធ្វើការបែបជិះសេះប្រលែងដៃនោះ ព្រោះអាងខ្នងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ជាបង្អែកយ៉ាងរឹងមាំ ធ្វើអោយមជ្ឍដ្ធានមហាជនសង្ស័យថា លោក សុខ ពេញវុធ អាចទទួលលាភសក្ការៈជាប្រចាំខែពីលោក ហូវ សំអ៊ិត ទើបគាត់” ហូវ សំអ៊ិត “ធ្វើការបែបជិះសេះប្រលែងដៃបែបនេះ។
បើនិយាយពីប្រាក់ចំណូលបានពីការប្រមូលបានពីភាស៊ី អនាម័យ ឬពីអាជីវករលក់ដូរចល័តតាមកញ្ច្រែងល្អី ដែលកន្លងមករាជរដ្ឋាភិបាលហាមមិនអោយយក បើតាមការប៉ាន់ប្រមាណក្នុង១ថ្ងៃមិនតិចជា ៣លានរៀលនោះទេ ដូច្នេះបើគិតក្នុង១ខែវិញ មិនតិចជា ៩០លានរៀល ឬជាង ២ម៉ឺនដុល្លាសហរដ្ធអាមេរិកឯណោះ ! នេះមិនទាន់បូកបញ្ចូលថ្លៃសេវាសន្តិសុខប្រមូលប្រចាំខែផង ដែលតាមក្រុមអាជីវករបង្ហើបអោយដឹងក្នុង១ខែបង់មិនតិចជាង ១ម៉ឺនទៅ ៣ ម៉ឺនរៀលនោះទេ ឬអាចលើសពីនេះ អាស្រ័យលើអាជីវករនោះមានឥវ៉ាន់តិចឬច្រើន។
ប្រភពដដែលបន្តថា សូម្បីតែរដូវបុណ្យទានម្តងៗដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឬពិធីបុណ្យភ្នំបិណ្ឌជាដើម បើមានមន្ត្រីណាសុំច្បាប់ឈប់សម្រាក គឺត្រូវលោកប្រធានកាត់លុយប្រាក់ខែចំនួន៣ថ្ងៃ។
ដោយឡែកបើតាមប្រភពរាយការណ៍ពីមន្ត្រីសាលារាជធានីភ្នំពេញ លោក ហូវ សំអ៊ិត ប្រហែលជារក្សាតំណែងលែងជាប់ហើយ ព្រោះថា លោកត្រូវបានសាលាខណ្ឌដូនពេញ និងសាលារាជធានីភ្នំពេញ ដាក់បទបញ្ជាហៅអោយទៅធ្វើកិច្ចសន្យាចំនួន២លើករួចមកហើយ ត្រូវបញ្ឈប់រាល់សកម្មភាពបើកល្បែងឆ្នោតកន្ទុយលេខខុសច្បាប់បន្តទៀតទៀត។
កត្តាទាំងនេះហើយក្រុមអាជីវករបានសំណូមពរទៅថ្នាក់ដឹកនាំជាពិសេសលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមេត្តាចាត់វិធានការទៅលើបុគ្គលនេះផងពួកគាត់មិនត្រូវការថ្នាក់ដឹកនាំផ្សារមិនមានភាពទំនួលខុសត្រូវនេះតទៅទៀតឡើយ។និយាយជារួមបើមានការផ្លាស់ប្ដូរដាក់ប្រធានថ្មីវ័យក្មេងហើយចេះកិច្ចការងារដឹកនាំល្អប្រសេីរជាងលោកប្រធានផ្សារកណ្ដាលបចុប្បន្នដែលលោកមានភាពវ័យចំណាស់ទៅហើយ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះលោកហ៊ូវ អ៊ិត លើកឡើងថា លោកពិតជាបានកាត់ប្រាក់ចំនួន ៣ ថ្ងៃពីមន្ត្រីក្រោមឱវាទក្នុងឱកាសបុណ្យទានមែន ។ ចំណែកការហូបចុកសប្បាយនៅក្នុងផ្សារក្តីក្រៅក្តី លោកក៏ទទួលស្គាល់ថា វាជាកិច្ចគួរសម រវាងរូបលោកជាប្រធានផ្សារ និងក្រុមអាជីវករតែប៉ុណ្ណោះ គឺមិនមែនដូចជាការចោទប្រកាន់លោកនោះទេ ។ ចំណែករឿងផ្សេងទៀត លោកសុំមិនធ្វើអត្ថាធិប្បាយទេ ព្រោះលោកកំពុងតែជាប់ប្រជុំគណៈកម្មការផ្សារ ៕