(ភ្នំពេញ) ៖ នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០ គិតមកដល់ម៉ោង១៧.០០ នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ កម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ដោយសហការជាមួយកម្លាំងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ចុះប្រមូលសំរាមកកស្ទះតាមដេប៉ូសំរាម និងសំរាមកកស្ទះតាមដងផ្លូវ នៅក្នុងមូលដ្ឋានខណ្ឌ ក្នុងអំឡុងពេលដែលបុគ្គលិក និងកម្មករក្រុមហ៊ុនស៊ីនទ្រីកំពុងធ្វើកូដកម្ម បានស្អាត៨០% និងជម្រុញបន្តឱ្យបានស្អាត១០០% នៅយប់នេះ។
ចំពោះប្រតិបត្តិការប្រមូលសំរាមនេះ រដ្ឋបាលខណ្ឌដូនពេញ បានឧបត្ថម្ភតៃកុងរថយន្តសំរាមរបស់សាលារាជធានីភ្នំពេញចំនួន ៥០.០០០៛/នាក់ ប្រជាការពារខណ្ឌចំនួន ២០.០០០៛/នាក់ ប្រេងសាំង ៣០លីត្រ ប្រេងម៉ាស៊ូត ៥០លីត្រ ក្នុងមួយគោលដៅ ចំនួន ០៥គោលដៅ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ចំនួន ២០.០០០៛/នាក់ ប្រេងសាំង ២០លីត្រ សម្រាប់ម៉ូតូអនាម័យមួយគ្រឿង ៕