(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានព្រមានថា បើសិនជានៅក្នុងខណ្ឌណាមួយ មានលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយមានភ្ញៀវចូលយ៉ាងពពាក់ពពួន ហើយត្រូវបានកងកម្លាំងមានសមត្ថកិច្ចរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាក់ស្ដែងនោះ អភិបាលខណ្ឌនោះនឹងមានបញ្ហាជាមួយក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។
ការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 តាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវចុះពិនិត្យ ក្នុងមូលដ្ឋានរបស់ខ្លួន ទៅលើទីតាំងក្លឹបកំសាន្ត និងខារ៉ាអូខេដែលបានកែប្រែទៅជាភោជនីយដ្ឋាន ថាតើទីតាំងទាំងនោះ បានអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ។ ប៉ុន្តែផ្ទុយទៅវិញ បើក្លឹប និងខារ៉ាអូខេទាំងនោះ មិនបានប្រែក្លាយទៅជាភោជនីយដ្ឋានទេ តែបែរជាលួចបើកជាក្លឹប ខារ៉ាអូខេ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាក់ស្តែងនោះ នោះអាជ្ញាធរខណ្ឌនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលហើយ។
ឯកឧត្តមបន្តថា ក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលប្តូរទៅជាភោជនីយដ្ឋាន អាជ្ញាធរខណ្ឌត្រូវចុះពិនិត្យមើលថាតើបានគោរពតាមវិធាន របស់ក្រសួងសុខាភិបាលទេ ដូចជាការលាងដៃនឹងអាកុល ទឹកស្អាត និងសាប៊ូ ការពាក់ម៉ាស់ និងការរក្សាគម្លាតពីគ្នាជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងហើយថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកូវីដ-១៩នេះ យើងកុំហ៊ានពេក ហើយក៏កុំខ្លាចពេកដែរ ដែលធ្វើឲ្យបាត់បង់ម្ចាស់ការ។
ពាក់ព័ន្ឋនឹងការប្រែក្លាយពីក្លឹបកំសាន្ត ខារ៉ាអូខេ មកជាភោជនីយដ្ឋាន ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញដល់អាជ្ញាធរខណ្ឌទាំងអស់ ត្រូវចុះពិនិត្យថា តើបានអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល បានត្រឹមត្រូវឬទេ។ ដូចជាមានដាក់ម៉ាស៊ីនវាស់កំដៅ ត្រូវមានអាល់កុលលាងដៃ ត្រូវរៀបចំតុអាហារ មានគម្លាតអោយបានត្រឹម ។
ជាមួយគ្នានោះ អភិបាលរាជធានីក៏បានណែនាំដល់អភិបាលគ្រប់ខណ្ឌ សហការជាមួយមន្ទីរសុខាភិបាល និងផ្សារ ដើម្បីចុះបាញ់សម្លាប់មេរោគតាមផ្សារ របៀបវិលជុំ ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងទៀតថា ចំពោះផ្សារទំនើប ត្រូវមានសន្តិសុខចាំបើកទ្វារ ត្រូវមានម៉ាស៊ីនវាស់កំដៅ ត្រូវមានអាល់កុលលាងដៃ ។ ចំណែកនៅតាមផ្សាររដ្ឋ ប្រធានផ្សារក៏ត្រូវអនុវត្តតាមវិធានរបសើក្រសួងសុខាភិបាលនេះដែរ ។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បញ្ហាជំងឺ Covid-19 មិនមែនជារឿងរបស់ក្រសួងសុខាពិបាលតែមួយនោះទេ តែវាជារឿងរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ អាជ្ញាធរខណ្ឌត្រូវចុះតាមដានដល់ទីតាំងធ្វើចត្តាឡីស័ក្កិ និងដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក្តិ ហើយធ្វើរបាយការណ៍ មករដ្ឋាបាលរាជធានីភ្នំពេញជាប្រចាំ។
ឯកឧត្តមបញ្ជាក់ទៀតថា «យើងអាចភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩ មិនភ្លេចយើងគ្រប់គ្នាទេ តែហ៊ានធ្វេសប្រហេស និងមានហានិភ័យជាកើតឡើងជាមិនខាន» ជាពិសេសនៅតាមផ្សារនានា ត្រូវតែរៀបចំធ្វើអនាម័យ និងបាញ់អាកុលជាប្រចាំ ដើម្បីការពារកុំឱ្យមានការរីករាលដាល នៅក្នុងសហគមន៍របស់យើង ដោយផ្តើមការទទួលខុសត្រូវចេញពីយើងគ្រប់គ្នា សហគមន៍យើង និងការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមូលដ្ឋាន៕