(ខេត្តកំពត)÷ កំពតជាខេត្តជាប់មាត់សមុទ្រ ប៉ុន្តែកំពតពុំទាន់មានឆ្នេរសម្រាប់ឲ្យទេសចរងូតទឹកសមុទ្រលេងកម្សាន្តនៅឡើយទេ ហើយបើទោះជារដ្ឋបាលខេត្តបានចាប់ដៃ ជាមួយក្រុមហ៊ុនឯកជនដើម្បីបង្កើតជាតំបន់ឆ្នេរខ្សាច់សិប្បនិមិត្តអស់រយៈពេលប្រមាណពីរឆ្នាំហើយក្តី ក៏អ្នកមកលេងកំពតបានត្រឹមតែគយគន់ទឹកសមុទ្រជាដដែល។ ដោយមើលឃើញដូច្នេះ អភិបាលខេត្តបានជំរុញភាគីពាក់ព័ន្ធឲ្យពន្លឿនការរៀបចំតំបន់ឆ្នេរបណ្តោះអាស័ន្នសិន ដើម្បីឲ្យទេសចរអាចមកកម្សាន្តក្នុងពេលឆាប់ៗនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីផែនការអភិវឌ្ឍន៍តំបន់ឆ្នេរកម្សាន្តកែបថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំបឹងទូក ស្រុកទឹកឈូខេត្តកំពតជាមួយក្រុមហ៊ុន អាយ.ជី.ប៊ី (IGB) កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ លោក ជាវ តាយ អភិបាលខេត្តកំពតបានរំឭកថា គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរកម្សាន្ត ជាគម្រោងដែលមានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ឲ្យទៅក្រុមហ៊ុន(អាយ.ជី.ប៊ី) ដើម្បីវិនិយោគតំបន់ឆ្នេរខ្សាច់ទេសចរ លើផ្ទៃដី ២៣០ហិចតា ក្នុងនោះក្រុមហ៊ុនអភិវឌ្ឍលើដី៦០%ស្មើនឹង១២០ហិចតា រដ្ឋបាលខេត្ត៤០% ស្មើនឹង៨០ហិចតា និង៣០ហិចតាទៀតសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ។
លោកបានបន្តថា ដើម្បីធានាឲ្យការអភិវឌ្ឍន៍គម្រោងនេះ បានលឿនឆាប់រហ័សតាមផែនការប្រកបដោយប្រសិទ្ធភាព រដ្ឋបាលខេត្តនឹងបង្កើតគណៈកម្មការអភិវឌ្ឍរមណីយដ្ឋានឆ្នេរ ដោយមានរូបលោកផ្ទាល់ជាប្រធាន ដែលមានអនុគណៈកម្មការ៦ផ្សេងទៀត ដែលប្រធានក្រុមហ៊ុន អាយ.ជី.ប៊ី ជាសមាជិក ដើម្បី ដឹកនាំអភិវឌ្ឍរមណីយដ្ឋានឆ្នេរកម្សាន្តនេះ ប្រកបដោយគុណភាព សុវត្ថិភាព ធានានូវស្ថេរភាពបរិស្ថាន ដើម្បីបង្កើតបានជាផលិតផលទេសចរណ៍ថ្មី ក្នុងការទាក់ទាញទេសចរណ៍មកកាន់ខេត្តកំពតច្រើនស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត ៥ឆ្នាំ (២០១៩-២០២៣)។
លោកបានបញ្ជាក់ទៀតថា ការងារជោគជ័យទៅបាន អាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឍដ្ឋាន ទាំងអ្នកវិនិយោគ មន្ត្រីជំនាញ និងពាក់ព័ន្ធ ហើយសំខាន់ត្រូវមានគំនិតតែមួយ ថាធ្វើយ៉ាងម៉េច ឲ្យកំពតក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត បានមកម្តងហើយ ចង់មកម្តងទៀត។
លោកសង្ឃឹមថា ក្រុមហ៊ុន និងរដ្ឋបាលខេត្តចូលរួមសហការគ្នា ដើម្បីធ្វើឲ្យតំបន់ឆ្នេរទេសចរណ៍មួយនេះអាចទទួលភ្ញៀវមកលេងកម្សាន្តបានក្នុងពេលឆាប់ៗនេះ ដោយមិនចាំបាច់រង់ចាំធ្វើឲ្យរួចរាល់តាមគម្រោងទាំងស្រុងនោះទេ ប៉ុន្តែត្រូវបង្កើតជាខ្ចុះ កន្លែងផ្តល់សេវាកម្មទេសចរផ្សេងៗ ការរៀបចំអនាម័យ ពិសេសម្ហូបអាហារឆ្ងាញ់ៗ ដែលធ្វើឲ្យអ្នកទទួលទានចាប់មាត់ និងមានសុខភាពល្អផងដែរ៕ សេង ណារិទ្ធ
——————–
នាយឧត្តមសេនីយ៍ សៅ សុខា សូមផ្ញើបទចម្រៀង «អរគុណសន្តិភាព» គោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ ៦៨ ឈានចូល ៦៩ឆ្នាំ
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងមូល សូមសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត និងសូមគោរពជូនសព្ទសាធុការពរជ័យ សិរីមហាមង្គលប្រកបដោយសេចក្ដីគោរពស្ម័គ្រស្មោះដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមសម្ដែងនូវមោទកភាព និងកោតសរសើរបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ធ្វើប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី និងអភិវឌ្ឍលើគ្រប់វិស័យ ។
ទន្ទឹមនឹងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីទប់ស្កាត់ជំងឺឧត្បាត Covid-19 ដែលរីករាលដាលនៅកម្ពុជាប្រកបដោយជោគជ័យ ។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
នាយឧត្តមសេនីយ៍ សៅ សុខា សូមផ្ញើបទចម្រៀង «អរគុណសន្តិភាព» គោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ៖