(ខេត្តកែប)៖ ដើម្បីជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងអំឡុងពេលយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នេះ កាលពីរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០ លោក ងួន ច័ន្ទសុជាតា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកែប និងសហការី បានចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ ជាគ្រឿងឧបភោគ និងបរិភោគមួយចំនួន មកផ្តល់ជូនប្រជាពលរដ្ឋចំនួន១០គ្រួសារ ស្ថិតក្នុងភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងឱកាសនោះដែរ លោក ងួន ច័ន្ទសុជាតា ប្រធាន ស ស យ ក ខេត្តកែប បានមានប្រសាសន៍ថា ជានិច្ចកាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកែប តែងតែរួមសុខរួមទុក្ខជាមួយលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មិនថានៅទីណាឱ្យតែពលរដ្ឋជួបការលំបាក ត្រូវតែជួយសង្គ្រោះគ្រប់ពេលវេលា។ លើសពីនេះ លោក ងួន ច័ន្ទសុជាតា ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ជាមួយគ្នានេះ លោកប្រធានក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលជារលកទី២ នៅក្នុងសហគមន៍។ដូច្នេះបងប្អូនត្រូវតែចេះរក្សាអនាម័យ រស់នៅស្អាត បរិភោគស្អាត និងបន្តចូលរួមបង្ការ ទប់ស្កាត់ កុំឱ្យមានការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍របស់យើងឱ្យសោះ ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ។
សូមជម្រាបថា អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន១០គ្រួសារនាពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ១៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ៦កំប៉ុង ទឹកសីុអុីវ២ដប និងសាប៊ូ២ដុំ៕ សេង ណារិទ្ធ