(ភ្នំពេញ) ÷នៅព្រឹក ថ្ងៃសុក្រ ១៣ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកន្លងទៅ និងដើម្បីត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០២០ បន្ដទៀត ក្នុងការទទួលយក សំណួរ សំណើរ សំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកធ្វើការដោះស្រាយ និងបំពេញបន្ថែមនូវតម្រូវការសេវាសាធារណៈទូទៅ ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងជួបប្រទះ ។
កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល លោកប្រធានការិយាល័យទាំង១១ លោក លោកស្រីចៅសង្កាត់-ចៅរងទាំង១១ លោក នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំង១១ និង លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ផងដែរ ។