សម្តេច​តេជោ​បើក​បុណ្យ​សមុទ្ទ​និង​ផ្តល់​សាលារៀន​នៅ​ខេត្ត​ព្រះសីហនុ​

សីហនុ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នៅ​ល្ងាច​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពី​ធី​បើក​ជា​ផ្លូវការ​នៃ​បុណ្យ​សមុទ្រ​លើក​ទី ៥ ឆ្នាំ ២០១៦ នៅ​ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះសីហនុ​។​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ឆ្នាំនេះ​ប្រព្រឹត្ត​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៣-២៥ ខែ ធ្នូ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «​ទីក្រុង​បៃតង ឆ្នេរ​ស្អាត សមុទ្រ​ខៀវស្រងាត់ »​។ ក្នុង​ពី​ធី​មាន​ការតាំងពិព័រណ៍ របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ជាប់ឆ្នេរ សមុទ្រ​កម្ពុជា និង ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ទេសចរណ៍​នៅ​តំបន់​សមុទ្រ​កម្ពុជា ដែល​មាន​ចំនួន ៤៣៦ ស្តង់​។​

​លោក ថោង ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែងឲ្យដឹងថា​៖ ឆ្នេរសមុទ្រ​កម្ពុជា មាន​ប្រវែង ៤៤០ គីឡូម៉ែត្រ​សម្បូរ​ដោយ​ជីវចម្រុះ​គ្រប់​ប្រភេទ​ប្រជុំ​ដោយ​កោះ និង ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត និង​លាតសន្ធឹង​លើ​ខេត្ត​ទាំង​៤​រួម​មាន​ខេត្ត​កែប កំពត ព្រះសីហនុ និង កោះកុង ដែល​ត្រូវបាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក នៅក្នុង​ឱកាស​មហាសន្និបាត​លើក​ទី ៧ របស់​ក្លឹប​នៅ​សាធារណរដ្ឋ​សេ​ណេហ្កា​ល់ កាលពី​ថ្ងៃ​ទី ២៥ ឧសភា ឆ្នាំ​២០១១ បន្ទាប់ពី​បាន​ជាប់​ជា​បេក្ខភាព​នៅ​ឆ្នាំ​២០១០ និង ពិនិត្យ​សម្រេច​ជា​ឯកច្ឆន្ទ​ដាក់ចូល​ជា​សមាជិក​ដោយ​ក្រុមប្រឹក្សាភិបាល​ក្លឹប​កាលពី​ថ្ងៃ​ទី ២០ មករា ឆ្នាំ​២០១១ នៅ​តំបន់ Corse នៅ​ប្រទេស​បារាំង​។​

​លោក ថោង ខុន មានប្រសាសន៍ ថា ការ​ក្លាយ​ជា​សមាជិក​ឆ្នេរសមុទ្រ ដែល​ស្អាត​ជាង​គេ​បំផុត​នៅលើ​សាកលលោក​នឹង​ផ្តល់​ឱកាស​លើកស្ទួយ​កិត្យានុភាព​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​លើ​ឆាក​អន្តរជាតិ​ពិសេស​នឹង​ជួយ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ប្រកបដោយ​និរន្តរភាព និង ការទទួលខុសត្រូវ​។​

​នៅ​ក្នុង​សារលិខិត​អបអរ​បុណ្យ​សមុទ្រ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានចាត់ទុក ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុង​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​តំបន់​ឆ្នេរសមុទ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ដោយ​ឈរ​លើ​ការប្តេជ្ញាចិត្ត​រួម​មួយ​ច្បាស់លាស់ ក្នុង​ការរក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច​សង្គម​បរិស្ថាន និង វប្បធម៌​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដូចដែល​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ប្រធានបទ​នៃ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៥​នេះ គឺ “​ទីក្រុង​បៃតង ឆ្នេរ​ស្អាត សមុទ្រ​ខៀវស្រងាត់​”​។​

​សូម​បញ្ជាក​ដែរ​ថា ក្នុងឱកាស​នៃ​ការអញ្ជើញ​ស្នាក់អាស្រ័យ​បំពេញ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​ធ្នូ នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន  បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ពិនិត្យ​និង​ដោះស្រាយ​នូវ​អគារសិក្សា​មួយចំនួន​ជូន​ដល់​សិស្សានុសិស្ស​និង​លោកគ្រូ​អ្នកគ្រូ​ក្នុង​សាលា​ចំណេះ​ទូទៅ​ចំនួន​៧​ទីតាំង​ក្នុងស្រុក​ព្រៃនប់​និង​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ផងដែរ​។​សាលា​ទាំងនោះ​រួមមាន ៖

​ទី​១​នៅ​សាលាបឋមសិក្សា​ហ៊ុន​សែន​វាលរេញ​ស្ថិតក្នុង​ភូមិ​វាលរេញ​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។ ទី​២ នៅ​វិទ្យាល័យ ហ៊ុន សែន វាលរេញ​ស្ថិតក្នុង​ភូមិ​វាល​មាស​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​។​ទី​៣​វិទ្យាល័យ​ហ៊ុន​សែន​ព្រៃនប់​ស្ថិតក្នុង​ភូមិ​ព្រៃនប់​ឃុំ​ព្រៃនប់​ស្រុក​ព្រៃនប់​។​ទី​៤​សា​លាប​ឋ​ក​សិក្សា​ព្រៃនប់​អគារសិក្សា​១​ខ្នង​២​ជាន់​៣០​បន្ទប់​ទីចាត់ការ​១​ខ្នង​៣​បន្ទប់​។​

​ទី​៥ សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ហ៊ុន​សែន​ឃ្លាំង​លើ​ស្ថិតក្នុង​ភូមិ​២​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​។​ទី​៦ សាលាបឋមសិក្សា​និង​វិទ្យាល័យ​ហ៊ុន​សែន​មិត្តភាព​ស្ថិតក្នុង​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ៕​

 

 

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!