ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ថា មន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល ឈរជើងក្នុងទឹកដី ខេត្តសៀមរាប មិនបានបំពេញតួនាទីរបស់ខ្លួន ក្នុងការបង្ក្រាបឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ដឹកជញ្ជូនទំនិញគេចពន្ធ និងបទល្មើស សេដ្ឋកិច្ច ផ្សេងៗទៀតនោះទេ ហើយគេឃើញ ប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលឈរជើងតាមផ្លូវជាតិ លេខ៦ ក្នុងស្រុកជីក្រែង ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ក្រុងសៀមរាប ស្រុកក្រឡាញ់ និងស្រុកពួក តែងជំរិតយកលុយ ពីម្ចាស់រថយន្តដឹកទំនិញ តាមអំពើចិត្ត ដើម្បីជាថ្នូរនឹងការមិនបង្ក្រាប។
ប្រភពបានឱ្យដឹងទៀតថា ដឹកជញ្ជូនឈើខុសច្បាប់ និងដឹកជញ្ជូន ទំនិញគេចពន្ធឆ្លងកាត់ខេត្តសៀមរាប គឺជាប្រភពចំណូលដ៏ សំខាន់ របស់ក្រុមនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ លោកអនុសេនីយ៍ ឯក ឯក សឿន មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំខេត្តសៀមរាប។
គេមិនដឹងថា លោក ឯក សឿន បង់លុយថ្លៃ លិខិតបេសកកម្ម អោយថ្នាក់លើ ចំនួនប៉ុន្មាននោះទេ ទើបហ៊ានបញ្ជា ឱ្យកូនចៅក្រោមឱវាទ ធ្វើ អ្វីៗតាមអំពើចិត្ត និងមិនខ្វល់ពីការ រិះគន់អ្វីទាំងអស់។ សូម្បីតែឈ្មួញ និងអាជីវករដឹកទំនិញចាប់ហួយ ដែលបានបង់ពន្ធ ជូនរដ្ឋត្រឹមត្រូវ ក៏ចៀសមិនផុត ពីបង់លុយឱ្យ ប៉ូលិសសេដ្ឋកិច្ច ក្រោមការគ្រប់គ្រង របស់លោក ឯក សឿន ដែរ។
នៅក្នុងខេត្តសៀមរាប មានផ្លូវចំនួន៣ ដែលលោក ឯក សឿន បញ្ជាឱ្យកូនចៅ ប្រមូលលុយពីឈ្មួញ ដឹកជញ្ជូនទំនិញ ក៏ដូចជាពីឈ្មួញ ដឹកជញ្ជូនឈើខុសច្បាប់ គឺផ្លូវជាតិលេខ៦ ពីខេត្តបន្ទាយមានជ័យ ចូលមក ក្រុងសៀមរាប ផ្លូវពីខេត្តឧត្តរមានជ័យ ចូលមកក្រុងសៀមរាប និងផ្លូវពីខេត្តព្រះវិហារ ចូលក្រុងសៀមរាប ឆ្លងកាត់ ស្រុកស្វាយលើ។
ប្រភពព័ត៌មានបញ្ជាក់ថា លោក ឯក សឿន ចំណាយដើមទុនមិនតិចទេ ក្នុងការទទួលបាន លិខិតបេសកកម្ម ឈរជើងនៅក្នុង ខេត្តសៀមរាប ដូច្នេះហើយទើបខំប្រមូលលុយ ស្រង់ដើម យ៉ាងក្រអឺតក្រទម ។
សារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក ឯក សឿន បានទេក្នុងពេលនេះ ?៕