ជនជាតិ​វៀតណាម​ឆ្លងដែន​មក​កម្ពុជា​តាម​ច្រករបៀង​ពាម​អូរ​តាំ​កន​-​ខេត្ត​មណ្ឌលគិរី បាញ់ប្រហារ​ពលរដ្ឋ​ខ្មែរ​ឲ្យ​រងរបួស​

​មណ្ឌលគិរី ៖ បុរស​ជា​ជនជាតិខ្មែរ​ម្នាក់​បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង  និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ភ្លាមៗ បន្ទាប់ពី​ត្រូវ​ជនជាតិ​វៀតណាម​ឆ្លងដែន ខុសច្បាប់ ចូលមក​ក្នុង​ទឹកដី​កម្ពុជា តាម​ច្រករបៀង ពាម​អូរ​តាំ​កន បាញ់ប្រហារ ។

​ហេតុការណ៍​នេះ​បាន​កើតឡើង  កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃទី​២២ វិច្ឆិកា ២០១៦ ម្សិលមិញ​នេះ នៅ​ចំណុច ពាម​អូរ​តាំ​កន ប្រមាណ ២ គីឡូម៉ែត្រ ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ភូមិ​ពូ​ចា ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។​

​លោក ព្រហ្ម សា​វេន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ពេជ្រា​ដា​បានឲ្យដឹងថា ជុំវិញ​ករណី​នេះ លោក​ពុំ​ទាន់​ហ៊ាន សន្និដ្ឋានថា ជា​ករណី​គំនុំ ឬ​យ៉ាងណា​នោះ ប៉ុន្តែ​បើ​យោងតាម​ប្រភព​នៅ​ក្បែរ​ទីតាំង​កើតហេតុ​បាន​និយាយថា ជនជាតិ​វៀតណាម​រូបនោះ​បាន​ឆ្លង​ដែន​ចូលមក​ក្នុង​ទឹកដី​កម្ពុជា ដើម្បី​បរបាញ់​សត្វ​ដោយ​សេរី​តែម្ដង  ហើយ​ក៏​ត្រូវ​ចំ​បុរស​ជា​ជនជាតិ​ខ្មែរ បណ្ដាលឲ្យ​រងរបួស ។
​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បន្តថា ជនជាតិ​វៀតណាម​រូបនោះ កម្លាំង​សមត្ថកិច្ច​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​ទេ ព្រោះ​ក្រោយ​កើតហេតុ​ភ្លាមៗ ជនសង្ស័យ​ខាងលើ​នេះ​បាន​រត់​គេចខ្លួន​ចូល​ទៅ​ប្រទេស​គេ​វិញ​។​

​លោក ព្រហ្ម សា​វេន បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ នេ​ត ឡា​វី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ  រសនៅ​ក្បែរ​ទីតាំង​កើត ហេតុ មាន​មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុនកូ​វីហ្វា​ម៉ា រងរបួស​ដោយ​គ្រាប់កាំភ្លើង​វ៉ាង​ឡុង​១​គ្រាប់ ចំ​ដៃ​ខាងឆ្វេង បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ជុំវិញ​ករណី​នេះ បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មួយ​រូប សូម​មិន​បញ្ចេញ​អត្តសញ្ញាណ​បានឲ្យ​ដឹង​ដែរថា ច្រករបៀង​ពាម​អូរ​តាង​កន​នេះ គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ​មន្ត្រី​យោធា និង​មន្ត្រីនគរបាល ដោយ​ខាង​នគរបាល​មាន​លោក ផុន មករា ជា​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ប៊ូ​ស្រា ជា​អ្នកគ្រប់គ្រង ចំណែក​ខាង​យោធា​មាន​លោក ថោង ដា​រ៉ា​រិទ្ធ ជាម​បញ្ជាការ​កងអនុសេនាតូច​លេខ​០២ ជា​អ្នកគ្រប់គ្រង​ផ្ទាល់ ហើយ​ខ្សែបន្ទាត់​ព្រំដែន​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដោយ លោក​ទាំង​០២​នេះ គឺ​តែង​មាន​ជនជាតិ​វៀតណាម​ឆ្លងដែន​ចូល​មក​ទឹកដី​កម្ពុជា យ៉ាង​សេរី​ពុំដែល​មាន​ការចាប់​បង្ក្រាប​នោះ ទេ និង​តែងតែ​កើតមាន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ចេញទៅ​ប្រទេស​វៀតណាម ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ចំណុច​នោះ​យ៉ាង គគ្រឹង​គគ្រេង​ទៀតផង ។

​ជុំវិញ​ករណី​នេះ នៅ​ព្រឹក​ថ្ងៃទី​២៣ វិច្ឆកា ២០១៦​នេះ យើង​មិន​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ទេ  ពី​លោក ផុន មករា និង​លោក ថោង ដា​រ៉ា​រិទ្ធ ដែល​គ្រប់គ្រង​នៅ​ច្រករបៀង​នោះ ។​

​ចំណែក​លោក ទិន ស៊ីន  មេបញ្ជាការ​វរ​នគរបាល​ការពារ ព្រំដែន​គោក​លេខ​៣០៣ យើង​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​តែ​ពុំ​មាន​អ្នកទទួល ។ ជាមួយគ្នានេះ លោក គង់ ដាំ   មេ​បញ្ជា ការ​កងអនុសេនាធំ​លេខ​១ បាន​ថ្លែងថា ករណីនេះ លោក គឺ​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ខាង​វៀតណាម​ស្វែងរក​ជនល្មើស ៕

 

IMG-20161123-WA0106

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.