សម្ដេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ខេត្ត​ស្វាយរៀង​

ខេត្ត​ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃទី​១៨  វិច្ឆិកា ឆ្នាំ​២០១៦ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្រុង ស្រុក និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ស្វាយរៀង​។

​នៅមុន​កិច្ច​សំណេះសំណាល សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា​ខេត្ត​ស្វាយរៀង គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ផ្សេងទៀត ដោយ​ការកើតឡើង​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ជួយ​កម្ពុជា​ក្នុង​ការនាំចេញ​ផលិតផល​ទៅកាន់​បណ្ដា​ប្រទេស​ដ៏​ទៃ​។

​សម្ដេច​តេជោ បាន​មានប្រសាសន៍ថា អាជ្ញាធរ​ខេត្ត​គ្រប់​ជាន់ថ្នាក់ ជាពិសេស​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​រក្សា សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ការពារ​នូវ​បទល្មើស​ផ្សេងៗ ជា​ពិសេស​បញ្ហា​គ្រឿងញៀន ដែល​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ត្រូវតែ​យកចិត្តទុកដាក់​សហកា​រណ៍​គ្នា​ដោះស្រាយ​អោយបាន​ព្រម​គ្នា ការពារ​អំពើរ​ភេរវកម្ម   ត្រូវ​អនុវត្ត​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយបាន​ខ្ជាប់ខ្ជួន ។ ត្រូវខិតខំ​ដោះស្រាយ​សេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​អនុវត្ត​អោយបាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​កំណត់​រួមមាន សេវា​តម្រូវការ និង​សេវា​សំណូមពរ ជាពិសេស​គឺ​សេវា​តម្រូវការ​រួម​មាន​ការធ្វើ​អត្រានុកូលដ្ឋាន សៀវភៅ​គ្រួសារ ប័ណ្ណ​ស្នាក់នៅ ធ្វើ​អត្តសញ្ញាណប័ណ្ណ ។

​មន្ត្រី​ទាំងអស់​ត្រូវ​ខិតខំ​លុបបំបាត់​ភាព​អសកម្ម​ដែល​ធ្វើអោយ​ប្រជាជន​ថ្នាំង​ថ្នាក់ លើសពីនេះ​ត្រូវ​យកចិត្តទុកដាក់​កសាង​អំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​អោយបាន​ច្រើន​។ សមត្ថកិច្ច​ទាំងអស់​ត្រូវ​គាំទ្រ​ក្នុង​ការប្រមូល​ពន្ធ និង​ប្រឆាំង​ការ​គេចពន្ធ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ជាតិ​។

ខេត្ត​ស្វាយរៀង​គឺជា​ខេត្ត​ដែល​មាន​ច្រក​អន្តរជាតិ​ផង ទ្វេភាគី​ផង  និង​តំបន់​រោងចក្រ​ជាច្រើន​ទៀត​ដែល​បាន​បោះ​ទីតាំង​នៅក្នុង​ខេត្ត​ស្វាយរៀង ដូច្នេះ​ត្រូវ​សហការ​អោយបាន​ល្អ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ពី​ការប្រមូល​ពន្ធ​។ ត្រូវ​ពិនិត្យមើល និង​យកចិត្តទុកដាក់​តំបន់​ដែល​ត្រូវការពារ ជា​ពិសេស​យកចិត្តទុកដាក់​ការពារ​បង្គោល​ព្រំដែន​ដែល​បាន​នៅ​សល់​ពី​អតីតកាល​។
​ទន្ទឹម​នឹង​នេះ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី ដែល​មាន​នៅក្នុង​ខេត្ត​របស់​ខ្លួន​អោយបាន​ល្អ​។ ត្រូវ​បន្ត​ពន្យល់ និង​ជំរុញ​ប្រជាពលរដ្ឋ​អោយបាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​អោយ​បាន​ឆាប់រហ័ស និង​គ្រប់​គ្នា ព្រោះ​នឹងត្រូវ​បញ្ចប់​នៅ​ពេល​ឆាប់ៗ​នេះហើយ​។

​អាជ្ញាធរខេត្ត ត្រូវ​ផ្សព្វផ្សាយ​សារាចរណ៍​ណែនាំ​អំពី​ផ្សារ​លក់ដូរ​អោយបាន​ល្អ និង​ទូលំទូលាយ​ទៅ​ដល់​បងប្អូន​អាជីវករ​នៅ​តាម​បណ្ដា​ផ្សារ​នៅក្នុង​ខេត្ត​របស់​ខ្លួន​។  ត្រូវ​យកចិត្តទុកដាក់​ធ្វើ​ការងារ​ជាមួយ​កម្មករ​អោយបាន​ល្អ ព្រោះ​ខេត្តស្វាយរៀង​មាន​រោងចក្រ​ច្រើន ជាពិសេស​គឺ​នៅ​តាម​តំបន់ឧស្សាហកម្ម​ពិសេស​។ ត្រូវ​ខិតខំ​រក្សា​ទំនាក់ទំនង​អោយបាន​ល្អ​ជាមួយ​ប្រទេស​វៀតណាម ដោយ​ខេត្ត​ស្វាយរៀង​គឺជា​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​វៀតណាម ដែល​ត្រូវ​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​។
​លើសពីនេះ​ត្រូវ​ពិនិត្យមើល​លទ្ធភាព​ដី​របស់​ខេត្ត​ជាក់ស្ដែង​ដើម្បី​រៀបចំ​អោយ​បងប្អូន​ប៉ូលីស ឬ​យោធា​ការពារ​ព្រំដែន​ដែល​ពុំ​មាន​ដី ដើម្បី​ទទួលបាន​ដី​សម្រាប់​រស់នៅ និង​ប្រកប​របរ​កសិកម្ម​នៅ​តំបន់​ព្រំដែន​តែ​ម្ដង​តែ​ទន្ទឹមនឹងនេះ​ត្រូវ​ទប់ស្កាត់​អោយបាន នូវ​ការលក់ ឬ​ជួល​ដី​ទៅ​អោយ​ប្រជាជន​វៀតណាម​។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​បាន​កោតសរសើ​រដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ដែល​បាន​រួមសហការ​គ្នា​អភិវឌ្ឍ​ខេត្ត​ស្វាយរៀង​អោយ​កាន់តែ​រីក​លូតលាស់​លឿន​ទៅ​មុខ​។ កិច្ចការ​ដែល​សម្រេច​ទៅ​បាន​ដោយ​ជោគជ័យ​គឺ​អាស្រ័យ​ដោយ​មាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ប្រកប​ដោយ​មនសិការ និង​ឆន្ទះ​ល្អ​មុះមុត និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​៕

 

IMG-20161120-WA0007 IMG-20161120-WA0013

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 7753 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.