ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» Tel & Telegram: 096 60 84 784 / 012 790 894
កំពង់ចាម៖ មន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្មមន្ទីរផង នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នឹងបើកការដេញថ្លៃដើម្បីជួសជុលអគារសាលប្រជុំរោងដាក់រថយន្តមន្ទីរសុខាភិបាល អគារក្នុងមន្ទីរពេទ្យខេត្ត និងមណ្ដលសុខភាព តាមស្រុក សរុបចំនួន៩កន្លែង មានតម្លៃផ្ដើមដេញចុះគឺ ១.៩៩៨.៧៨៥.០០០រៀលស្មើនឹងជិត៥០ម៉ឺនដុល្លារអាម៉េរិក។
តាមប្រភពបានបង្ហើបថា ចំពោះការងារដែលត្រូវជួសជុលភាគច្រើនធ្វើការកោសថ្នាំចាស់លាបថ្នាំថ្មី និងកែលម្អបន្ដិចបន្តួចជាការស្រេច។ គម្រោងដែល មន្ទីរសុខាភិបាល ខេត្តកំពង់ចាម ត្រៀមដេញថ្លៃនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខទំនងជាដូចកាលដេញថ្លៃនៅ ក្នុង ឆ្នាំ២០២៣ ដែរហើយក្រុមហ៊ុនដែលដេញថ្លៃបាននោះមុខដដែលៗ។
សម្រាប់គម្រោងដេញថ្លៃ ឆ្នាំ២០២៤ ខាងមុខរួមមាន៖
១.ជួសជុលអគារសាលប្រជុំមន្ទីរ។
ទី២.ជួសជុលអគាររោងដាក់រថយន្តមន្ទីរសុខាភិបាលខេត្ត។
ទី៣.ជួសជុលអគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យខែត្រ។
ទី៤.ជួសជុលអគារជំងឺឆ្លងមន្ទីរពេទ្យខែត្រ។
ទី៥.ជួសជុលការិយាល័យសុខាភិបាល កំពង់ចាម កំពង់សៀម មណ្ឌលសុខភាពវាលវង់។
ទី៦.ជួសជុលមណ្ឌលសុខភាពហាន់ជ័យ ស្រុកកំពង់សៀម។
ទី៧.ជួសជុលមណ្ឌលសុខភាពផ្អាវ ស្រុកបាធាយ។
ទី៨.ជួសជុលមណ្ឌលសុខភាពដងក្ដា ស្រុកស្ទឹង
ត្រង់
ទី៩.ជួសជុលមណ្ឌលសុខភាពបុសខ្នុរ ស្រុកចម្ការលើ។ ជាទូទៅកម្រិតលម្អៀង នៃការដេញថ្លៃ គឺ កំណត់មិនឲ្យក្រោម១០ភាគរយ ឬ លើស ១០ភាគរយ នៃតម្លៃគម្រោងឡើយ។ ប៉ុន្តែផ្ទុយទៅវិញកាល ឆ្នាំ២០២៣ មន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានដេញថ្លៃជួសជុល អគាសាលប្រជុំ រោងដាក់រថយន្តក្នុងមន្ទីរសុខាភិបាលខេត្ត អគារពិនិត្យ និងបែងចែកអ្នកជំងឺ មន្ទីរពេទ្យខេត្ត មណ្ឌលសុខភាពសំបូរ ស្រុកបាធាយ និងមណ្ឌលសុខភាពស្ពឺ ស្រុកចម្ការលើ ដោយមានតម្លៃដាក់ដេញចុះ១៩៩១លានរៀល ពេលដេញបានត្រឹម១.៨៨៨លានរៀលស្មើនឹងជិត៤៨ម៉ឺនដុល្លារពោលគឺ ដេញចុះបានត្រឹម៣លានរៀលស្មើ និងជាង៧០០ដុល្លារ បើគិតជាភាគរយ គឺក្រោមកន្លះភាគរយដែលស្ទើរតែដូចតម្លៃដើមទាំងស្រុង។
បើនិយាយជារួមការដេញថ្លៃបែបនេះ គឺដូចជាគ្មានគូប្រជែងតែម្តង ខណៈក្រុមហ៊ុននីមួយៗមុនចូលដេញថ្លៃត្រូវបង់ប្រាក់តម្កល់ប្រាក់ ៤០លានរៀល និងចំណាយលើការទិញប៊ីត (BID) និងត្រូវបំពេញទម្រង់ប៊ីត (BID) ដើម្បីចូលដេញថ្លៃ ដែលធ្វើឲ្យមានមន្ទិលថា ជាការរៀបចំឈុតឆាកសម្តែងដេញថ្លៃ តាមពិតជាការរៀបចំទុកជាមុន ឲ្យទៅក្រុមហ៊ុនណាមួយច្រើនជាង ហើយក្រុមហ៊ុនដែលចូលរួមដេញថ្លៃគេសង្ស័យទំនងសុទ្ធតែជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនតែមួយរបស់លោកស្រី ណៃ បូពៅ តែប៉ុណ្ណោះ។
យោងតាមប្រភពសារព័ត៌មានក្នុងស្រុកមួយលើកឡើងថា ការដេញថ្លៃនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនោះ ទោះយ៉ាងណាគេបានសន្និដ្ឋានថា ភាគច្រើន គឺ បានទៅលើក្រុមហ៊ុនរបស់លោកស្រី ណៃ បូពៅ ដ៏ឥទ្ធពលបំផុតនៅក្នុង ខេត្តកំពង់ចាម។ ចំពោះការដេញថ្លៃនេះ រឿងបានការចុះថ្លៃ ក៍មិនបានច្រើននោះដែរ បើដូចឆ្នាំមុននោះ។
ករណីដេញថ្លៃមិនបាន ឬមិនឈ្នះក្រុមហ៊ុនក៍ត្រូវកប់លុយនៅ រតនាគារ យូរថ្ងៃខែ។ សំណួរគ្មានចម្លើចថា ចុះហេតុអ្វីបានជាក្រុមហ៊ុនដែលចូលដេញ ថ្លៃមិនហ៊ានចុះថ្លៃច្រើនដេញទាបជាងក្រុមហ៊ុនលោកស្រី ណៃ បូពៅ នៅក្នុង ខេត្តកំពង់ចាម ? ខណៈការដេញថ្លៃគេរៀបចំកែលម្អ និងសម្ដែងតែប៉ុណ្ណោះ។
ប្រភពបានបន្ថែមទៀតថា រឿងដេញថ្លៃនៅ មន្ទីរសុខាភិបាល ខេត្តកំពង់ចាម ឆ្នាំ២០២៣ និងឆ្នាំមុននោះបើប្រៀបធៀប នឹងការដេញថ្លៃនៅតាមឃុំសង្កាត់ទទួលបានការចុះថ្លៃខុសគ្នាមេឃ និងដី។ ដូច្នេះថវិកាជាតិចំណាយច្រើន ប៉ុន្តែលទ្ធផលតិច រីឯអ្នកចំណេញ គឺ បក្ខពួកឯណោះទៅវិញ។
តាមប្រភពខាងលើ ដដែលបានបង្ហាញថា ការដេញថ្លៃដែលក្រុមហ៊ុនរបស់លោកស្រី ណៃ បូពៅ តែងតែទទួលបានការសាងសង ឬ ជួសជុលសំណង់អគាររដ្ឋនៅតាមមន្ទីរ ឬអង្គភាពនានាស្ទើរទាំងអស់នៅក្នុងខេត្តកំពង់ចាម។ គេអង្កេតឃើញថា ការចុះថ្លៃដ៏តិចតួចបែបនេះបើគិតជាភាគរយមិនបានកន្លះភាគរយផងនៅក្នុងគម្រោងនីមួយៗដែលក្រុមហ៊ុនទទួលបាននោះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ចំពោះការដេញថ្លៃបែបនេះគេប្រៀបប្រដូចទៅ នឹងការដេញថ្លៃឆ្ពិនភ្នែក ឬចងមុងដែលទំនងជាគេគប់គិត និងចែកផលប្រយោជន៍គ្នារវាងម្ចាស់គម្រោង និងម្ចាស់ក្រុមហ៊ុនរាប់រយលានរៀល។ រដ្ឋ គឺ ជាអ្នកខាតបង់ថវិកាផ្ដើមចេញពីភាពមិនប្រក្រតី ដោយសារ ប្រធានមន្ទីរ ឬ ប្រធានអង្គភាព ជាអ្នកលើកគម្រោងដ៏ថ្លៃលើសលុបលើតម្លៃទីផ្សារ និងការគប់គិតគ្នាដេញថ្លៃចងមុង ចែកផលប្រយោជន៍គ្នាទៅវិញទៅមក។
ជុំវិញព័ត៌មានខាងលើនេះ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម និងលោកស្រី ណៃ បូពៅ ប្រធានក្រុមហ៊ុន ដែលរកស៊ីដេញថ្លៃប្រចាំនៅ ខេត្តកំពង់ចាម អង្គភាពយើងពុំអាចសុំការបំភ្លឺបានទេ។ ទោះជាយ៉ាងណារាល់ការលើកឡើងខាងលើវាមែនជាការឆ្លុះបញ្ចាំង នៃ អង្គភាពយើងនោះទេ៕