នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅហាងអាហារ Doi Chang Coffee មុខមន្ទីរពេទ្យកាល់ម៉ែត្រ មានទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍មួយដែលកម្រនឹងបានឃើញ នោះគឺការជួបជុំ ធ្វើខួបកំណើតលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ពីក្រុមមនុស្សវ័យចំណាស់ជាច្រើននាក់។
ពេលដឹងការពិត ទិដ្ឋភាពនៃការជួបជុំនេះ ពុំមែនជាការប្រារព្ធពិធីខួបកំណើតនោះទេ តែជាការឆ្មក់ឱកាស Supprise មិនឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹងខ្លួន ពីសំណាក់
អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុម រួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បានមកជួបជុំគ្នា មុននឹងអញ្ជើញទៅសួរសុខទុក្ខលោកគ្រូ អន សារិន អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ប្រចាំសាលាបាក់ទូក ដែលមានជំងឺ កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យកាល់ម៉ែត តែប៉ុណ្ណោះ។
ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុមនេះ តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនដែលមានខាន ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា ក្រោមការផ្តួចផ្តើមចងក្រងជាក្រុម ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង។ ហើយសកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ និងមិត្តដែលមានអាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាវប្បធម៌ចែករំលែកនៅក្នុងក្រុម ស្របតាមពាក្យស្លោកដែលពួកគាត់បានរួមគ្នាបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក “។
ដោយឡែក ក្នុងឱកាសសួរសុខទុក្ខលោកគ្រូ អន សារិន នាថ្ងៃនេះ ក្រុមអតីតសិស្សរួមជំនាន់ រួមជាមួយអតីតលោកគ្រូអ្នកគ្រូសាលាបាក់ទូកទាំងអស់ បាននាំយកភេសជ្ជៈចម្រុះ ០៨កេស រួមនឹងផ្លែឈើ០១កន្ត្រក ជាអំណោយសួរសុខទុក្ខលោកគ្រូ ផងដែរ។ ដោយហេតុតែលោកគ្រូ អន សារិន មានបណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏បានទទួលការអនុគ្រោះ លើថ្លៃព្យាលបាលទាំងឡាយដោយមិនចាំបាច់ចំណាយប្រាក់ តែចំពោះការចំណាយផ្សេងៗក្រៅពីការព្យាបាល ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមនឹងអតីតមិត្តរួមជំនាន់សាលាបាក់ទូក មូលមតិគ្នា ធានារ៉ាប់រងទាំងស្រុង៕