​លោក ហ៊ួត រឹ​ទ្ឋ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង នាំយក​អំណោយ​ទៅ​ចែក​ជូន​ស្រី្ត​ពិការ បន្ទាប់ពី​បាន​ឃើញ​ការ​ផ្សព្វ​ផ្សាយរ​បស់​អ្នកសារព័ត៌មាន​

អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ ព្រម​ទាំង​ថវិកា​មួយចំនួន ត្រូវបាន​លោក ហ៊ួត រឹ​ទ្ឋ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី យក​ទៅ​ចែក​ជូន​ស្រី្ត​ពិការ តាម​ការអំពាវនាវរ​បស់​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២ វិច្ឆិកា ២០១៦ នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​

​លោក​ហ៊ួត រឹ​ទ្ធ មេបញ្ជាការរង​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​មណ្ឌលគិរី និង​ជា​តំណាង​របស់​លោក​ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់សឹក បានឲ្យដឹងថា ក្រោម​ការផ្តួចផ្តើម​រប​ស់លោក​មេបញ្ជាការ​យោធា​ខេត្ត លោក​បាន​ដឹកនាំ មន្ត្រី​យោធា​នាំយក​ស្បៀងអាហារ និង​ថវិកា​មួយចំនួន​ប្រគល់​ឲ្យ​ស្ត្រី​មេម៉ាយ ព្រមទាំង​កូនៗ​ដែល​មានឈ្មោះ ពួន ណេង អាយុ​៥០​ឆ្នាំ មានកូន​ប្រុស​ស្រី​ពីរ​នាក់ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​លោក​ថា ទោះបីជា​អំណោយ​ដែល​នាំ​យក​នៅថ្ងៃនេះ​មាន​ចំនួន​តិចតួច​យ៉ាងណា ប៉ុន្តែ​នេះ​ជា​ជំ​ហ៊ាន​ទី​១​ដែល​លោក​មេ​បញ្ជារ​ការ​ឲ្យ​ចុះមកពិនិត្យ​ភាពជាក់​ស្តែង​។​នៅពេល​ខាងមុខ​ដ៏​ខ្លី​លោក​មេបញ្ជាការ​យោធា​ខេត្ត​សន្យា​ថា​និង​សង់ផ្ទះ​តូច​មួយ​ខ្នង​ជូន ដែល​មាន​ទីតាំង​នៅក្បែរ​ទីប្រជុំជន​។​

​លោក ប៊​ន វិមាន មេភូមិ​ឡា​ប៉ា​ខេ បានឲ្យដឹងថា កន្លងមក​ស្ត្រី​មេម៉ាយ​ឈ្មោះ​ពួន ណេង ធ្លាប់​មាន​ក្រុម​មនុស្ស​ធ​ម៍​ឈ្មោះ​(​ខ្លី​ខ្លឹម​) ជួយ​ឧបត្ថម​ម្តង​រួចមកហើយ ។ ហើយ​ព័ត៌មាន​ដែល​ទទួលបាន​នេះ​គឺ​ដោយសារតែ​ក្រុម​ខ្លី​ខ្លឹម ក្នុងនាម​ជា​អ្នកសារព័ត៌មាន បាន​ជួយ​ផ្សព្វផ្សាយ​រហូត​ស្ត្រី​ខាងលើ​ទទួលបាន​ការជួយ​ឧបត្ថម​ជា​បន្តបន្ទាប់ ។​

​លោក​មេភូមិ​បញ្ជាក់ថា ស្ត្រី ឈ្មោះ​ពួន ណេង​នេះ ជា​ស្ត្រី​ពិការ​ជើង​ទាំងពីរ រស់​នៅ​សព្វថ្ងៃ ពឹងផ្អែក​ទាំងស្រុង​លើ​កូនប្រុស​ច្បង​អាយុ​១៧​ឆ្នាំ ស៊ីឈ្នួល​ធ្វើ​ចម្ការ​ឲ្យគេបាន​កម្រៃ​១ ៥០០០​រៀល​ក្នុង​១​ថ្ងៃ​ទុក​ចិញ្ចឹម​ម្តាយ ចំណែក​កូនស្រី​ពៅ​ម្នាក់​ទៀត​អាយុ​១៤​ឆ្នាំ ដោយសារតែ​ជីវភាព​ខ្វះខាត មិន​បាន​ចូល​រៀនអក្សរ​ដូច​ក្មេង​ដទៃ​នោះ​ទេ​។​

​អំណោយ​ដែល​ទទួលបាន​នោះ​ក្រោម​ការជួយ​ឧបត្ថម​ពី​លោក​ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្ត លោក​ហ៊ួត រឹ​ទ្ធ មេបញ្ជាការរង​យោធា​ខេត្ត លោក ព្រហ្ម សុ​ផា ជំនួយការ​ផ្ទាល់​មេបញ្ជាការ​ខេត្ត លោក​ហ៊ួត រ័ត្ន មេបញ្ជាការ​យោធា​ស្រុក​កែវ​សីមា អ្នកស្រី​ស្រ៊ុន ណាវី អាជីវករ​ផ្សារ​កែវ​សីមា រួម​ជាមួយ​ក្រុម​មនុស្ស​ធ​ម៍​ខ្លី​ខ្លឹម បាន​យក​ទៅ​ជូន​ដល់​ស្ត្រី​មេម៉ាយ​ខាងលើ​មាន​ដូចជា​អង្ករ​៤​បាវ មី ត្រីខកំប៉ុង ព្រម​ទាំង​ថវិការ​៧៥​ម៉ឺន​រៀល​ផងដែរ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ត្រី​ពិការ​ជើង​ខាងលើ​គឺ​កំពុងតែ​រស់នៅ​លើ​ដី​ចម្កា​រ​ស្វាយចន្ទីរ​មួយកន្លែង ដែល​ម្ចាស់​ចម្ការ​ផ្តល់ឲ្យ​រស់នៅ​បណ្តោះអាសន្ន មាន​ចម្ងាយ​ឆ្ងាយ​ពី​ទីប្រជុំជន ។ ចំណែក​លំនៅដ្ឋាន គឺ​មាន​សភាព​តូចចង្អៀត ធ្លុះធ្លាយ​ដំបូល ជញ្ជាំង​មិន​សមរម្យ និយាយ​រួម គឺ​បញ្ហា​ជីវភាព កំពុងតែ​ប្រឈម​ជាមួយ​និង​ការខ្វះខាត​យ៉ាងខ្លាំង ។​

​ស្ត្រី​ខាងលើ​បាន​ស្នើរ​សូមឲ្យ​មាន​ការជួយឧបត្ថម​បន្ថែ​ម​ដើម្បី​បាន​ផ្ទះ​មួយ​ខ្នង​តូច​ក្បែរ​ទីប្រជុំជន ងាយស្រួល​ដល់​កូនស្រី​ពៅ​របស់​គាត់​បាន​ចូល​រៀន​ផង​ខណៈ​ក្មេងស្រី​នោះ អាយុ​១៤​ឆ្នាំ​ទៅ​ហើយ នៅតែ​មិន​ទាន់​ទទួលបាន​ការអប់រំ​ពី​សាលារៀន​នៅ​ឡើយ ៕

 

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!