ខេត្តព្រៃវែង ៖ ឃាតកដែលបានសម្លាប់ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ នៅស្រុកកញ្ចៀចខេត្តព្រៃវែង កាល់ពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ យ៉ាងសាហាវឃោរឃៅនោះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគបាលខេត្តព្រៃវែងចាប់បានហើយ កាលពីថ្ងៃទី១១ ខែតុលា ២០១៦នេះ ។
លោកឧត្តមសេនេយ៍ត្រី ស្រេង ជាស្នងការនគរបាលខេត្តព្រៃវែង បានឲ្យអ្នកយកព័ត៌មានយើងដឹងថា ក្រោយពីមានអំពើឃាតកម្មលើប្តីប្រពន្ធពីរនាក់រួចមក លោកបានកំណត់មុខសញ្ញាឲ្យកម្លាំងរបស់លោកចុះធ្វើការស៊ើបអង្កេតនឹងស្រាវជ្រាវ តាមប្រមាញ់ រហូតឈានដល់ការចាប់ខ្លួនឃាតក បានដោយជនសង្ស័យមានឈ្មោះ ឆាយ ហេងហៅតឹងរស់នៅភូមិឃុំជាមួយគ្នា។
លោកឧត្តមសេនេយ៍បានឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្យ័យនៅយប់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ ស្ថិតនៅចំណុចកើតហេតុនោះ ខ្លួនពិតជាបានសម្លាប់អ្នកទាំងពីរនាក់ប្តីប្រពន្ធពិតប្រាកដមែន ។
មូលហេតុដោយសារខឹង និងជនរងគ្រោះជាប្រពន្ធបានជេប្រមាថមាក់ងាយមកលើខ្លួន នៅ ពេលខ្លួនហៅជនរងគ្រោះជាប្តី មកស៊ីផឹកម្តងៗ ហេតុនេះកកើតមានគំនុំក្នុងចិត្តចាំសម្លាប់ ពេលដែលឱកាសលុះដល់ថ្ងៃកើតហេតុកមានឱកាសដោយពេលដើរទៅស្រែ ពេលយប់ប្តីដើរទៅមុខមុនឆ្ងាយពីប្រពន្ធនៅក្រោយខ្លួនក៏ស្ទាក់វាយប្រពន្ធ ហើយពេលនោះ ជនរងគ្រោះបានស្រែកបន្ទាប់មកប្តីមកជួយខ្លួនក៏បន្តសម្លាប់ទាំងពីរនាក់តែម្តងទៅ។
សូមបញ្ជាក់ថា អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ចំងាយ៨៥០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩៖០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញស្លាប់បាត់ទៅហើយ ចោលកូនម្នាក់ និងចៅម្នាក់។ជនរងគ្រោះទាំង២នាក់ ប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ ឆ្នាំ រងរបួស៣កន្លែង (ស្នាមរបួសភ្នែកខាងស្ដាំ ជំរៅបុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេង ជំរៅជ្រៅ ទៅក្នុងសាច់, ស្នាមបែកដាច់បបូមាត់ទាំង លើទាំងក្រោម) ប្ដីឈ្មោះ មាន យ៉ន អាយុ៤៣ឆ្នាំ រងរបួស៤កន្លែង (ស្នាមរបួសក្រោមប្រឡង់ ភ្នែកឆ្វេង មុតជ្រៅចូលក្នុងសាច់, ស្នាមរបួសដាច់ ត្រចៀកឆ្វេង, របួសក្នុងប្រឡង់ភ្នែកខាងស្ដាំចូលជ្រៅ, របួសចំក្រចៀកស្ដាំ)។
ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់សាកសពត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ហើយជនសង្សយ័ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ចាត់ការតាមនិត្តិវិធី ៕