​ឃាត់ខ្លួន​ជនសង្ស័យ​លួច​គាស់​ឃ្លាំង​អាវុធ នៅ​ទីបញ្ជាការ​វ​រះ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៧

កោះកុង ៖ យោងតាម​ប្រភព​ព័ត៌មាន​ជាក់លាក់​មួយ​បាន​ថ្លែងអោយដឹងថា កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ មាន​ករណី​សមត្ថកិច្ច​ប៉ូលីស​វរ​ព្រំដែន​គោក​បាន​លួច​គាស់​ឃ្លាំង​អាវុធ នៅ​ចំនុច​ទី​បញ្ជ​ការ​វ​រះ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៧ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ។​

​យោងតាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថា កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​អាធ្រា​ត មាន​សមត្ថកិច្ច​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ សុខ បញ្ញា ជា​ប៉ូលីស​ព្រំដែន​គោក​លេខ​៨២៧ ដែល​កន្លងមក​គេ​តែងតែ​បាន​ឃើញ​វត្តមាន​ជនសង្ស័យ​នេះ​នៅ​កន្លែង​ល្បែង​ប្រជល់មាន់ និង យូគី របស់​ក្រុមហ៊ុន​.​អិល​.​វ៉ា​យ​.​ភី​.​គ្រុប​.​ជានិច្ច បាន​លូច​ចូល​គាស់​ឃ្លាំង​អាវុធ នៅ​ទីបញ្ជាការ​វ​រះ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៧ ដើម្បី​លួច​យក​អាវុធ និង​គ្រាប់​មួយចំនួន​តែ​ត្រូវបាន​សមត្ថកិច្ច​ប្រចាំ​នៅ​ទីនោះ​ឃាត់ខ្លួន​បាន​ភ្លាមៗ ។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​រកឃើញ កាំភ្លើង​ច្នៃ គ្រាប់កាំភ្លើង​មួយចំនួន និង គ្រាប់បែក​មួយ​ចំនួន​ថែម​ទៀត​នៅ​កន្លែង​ដែល​ជនសង្ស័យ​ស្នាក់នៅ ក្រោយមក​សមត្ថកិច្ច​បា​ន​នាំខ្លួន​ជនសង្ស័យ​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង តែ​រឿងរ៉ាវ​នេះ​ត្រូវបាន​សមត្ថកិច្ច​លាក់បាំង​ពី​បណ្តាញ​សារព័ត៌មាន ដោយ​មិន​បង្ហើប​នូវ​អ្វី​បន្តិច​ទាល់តែសោះ ។​

​ប្រភព​បាន​បន្តថា ជនសង្ស័យ​ខាងលើ​លួច​ចូល​គាស់​ឃ្លាំង​អាវុធ​នេះ ប្រហែល​ជា​បណ្តាលមកពី​ចាញ់ល្បែង​ជល់​មាន់ និង យូគី​ច្រើនពេក​ហើយ​បានជា​ហ៊ាន​ថ្លើមធំ​លួច​ចូល​គាស់​ឃ្លាំង​អាវុធ​បែប​នេះ ហើយក៏​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា​ជនសង្ស័យ​ខាងលើ​ជា​សាច់ញ្ញាតិ​ខាង​ប្រពន្ធ​របស់​លោកឩ​ត្ត​ម​សេនីយ៏​ត្រី សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង​ថែមទៀត​ផង ទើប​មិន​មាន​ការ​ញញើត​និង​ច្បាប់​បែបនេះ ដោយ​គិតថា​បើ​មានរឿង​អ្វី​ក៏​មាន​បងថ្លៃ​ជា​ស្នងការ​នៅ​កាង​ពីក្រោយ​ខ្នង​នោះដែរ រឿង​លួច​គាស់​ឃ្លាំង​អាវុធ​មិនមែនជា​រឿង​ធម្មតា​នោះទេ តែ​បែ​ជា​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​លាក់បាំង​យ៉ាងខ្លាំង​ពី​បណ្តាញ​សារព័ត៌មាន​និង​មហាជន​ទៅវិញ ។

​ជុំវិញ​បញ្ហា​ចោទប្រកាន់​ខាងលើ លោក ឩ​ត្ត​ម​សេនីយ៏​ត្រី សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្ត​កោះកុង​បាន​ថ្លែង​បដិសេធថា ជនសង្ស័យ​ខាងលើ​មិន​មាន​ជាប់សាច់​សារ​លោហិត​ជាមួយ​លោក​ដូច​ការលើកឡើង​របស់​គេ​នោះទេ ហើយក៏​បាន​បិទ​ទូរស័ព្ទ​ទៅ ។​

​ចំណែកឯ លោក ឡាយ ម៉េង ឡាំង ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ថ្លែង​រឿងរ៉ាវ​ទាំងនេះ លោក​មិន​អាច​ប្រាប់​បានទេ ព្រោះ​លោក​ស្នងកា​រថា​ជា​រឿង​របស់​អង្គភាព បើ​ចង់​បាន​របាយ​ការណ៏ ឬ​រូបភាព​សូម​ទាក់ទង​ទៅ​លោក​ស្នងការ​ទៅ បើ​លោក​ស្នងការ​អនុញ្ញាត​លោក​ក៏​មិន​លាក់បាំង​អ្វី​នោះ​ដែរ ?៕

 

 

IMG-20160925-WA0117

Filed in: ខេត្តកោះកុង

Recent Posts

Bookmark and Promote!

© 7359 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.