​សម្តេច​តេជោ ហ៊ុន សែន សំណេះសំណាល​ជាំ​មួយ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ

​ត្បូងឃ្មុំ ៖ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ ព្រឹក​មិញ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ។​

​នៅក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ សម្ដេច​តេជោ បាន​សង្កត់ធ្ងន់​បញ្ឈប់​ការកាប់​ព្រៃឈើ​ខុសច្បាប់​ទាំងស្រុង​នៅក្នុង ខេត្ត​ត្បូងឃ្មុំ​នេះ ដែល​សម្តេច​បាន​បញ្ជា​ទៅ​លោក​អភិបាលខេត្ត​ជា​អ្នកទទួលខុសត្រូវ និង​បញ្ជា​ផ្ទាល់​ទៅ​កម្លាំង​ទាំង​៣​ប្រភេទ​មាន ប៉ូលីស ប៉េអឹង និង​ទា​ហ៊ាន​ខេត្ត ត្រូវ​អនុវត្ត​ការងារ​នេះ​អោយបាន​ដាច់ខាត ជា​ពិសេស​ត្រូវ​ចាត់វិធានការ​ចំពោះ​មេក្លោង​ធំៗ​អោយបាន កុំ​ចាប់បាន​តែ​ប្រជាពលរដ្ឋ​តូចតាច​។ ខេត្ត​ត្បូងឃ្មុំ​ជា​ខេត្ត​ជាប់​ព្រំប្រទល់​វៀតណាម ដូច្នេះ​អាជ្ញាធរខេត្ត​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​វៀតណាម​ដើម្បី​រួមគា្ន​ទប់ស្កាត់​រាល់​បទឧក្រិដ្ឋ​ឆ្លងដែន​ទាំងឡាយ ជាពិសេស​ការដឹកឈើ​ខុសច្បាប់ និង​ការជួញដូរ​ថ្នាំញៀន​ជាដើម ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សារ អាជ្ញាធរខេត្ត​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​នូវ​សារាចរ​ណែនាំ​ផ្សារ​ដែល​ទើបនឹង​ចេញ​ថ្មីៗ​នេះ អោយបាន​ទូលំទូលាយ ជា​ពិសេស​ត្រូវ​ចម្លង​សារាចរ​នេះ​ចែក​ជូន​អាជីវករ​តាម​ផ្សារ​និមួយៗ​បន្ថែមទៀត​។​

​ជាមួយគ្នានេះដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ពង្រឹង​ការបង្ក្រាប​បទល្មើស​ផ្សេងៗ ការជួញដូរ​គ្រឿងញៀន​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ធានា​ដល់​សុខ​សុវត្ថិភាព​នៃ​ការរស់នៅ និង​ការប្រកប​របរ​ការងា​រ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹងនេះ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការផ្តល់​នូវ​សេវាសាធារណៈ រួមមាន​សេវា​តម្រូវការ​ចាំបាច់​ទាំងឡាយ ជាពិសេស​គឺ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ និង​សេវា​សំណូមពរ​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​អោយ​បាន​លឿន​និង​មាន​ប្រសិទ្ឋិភាព​។ មន្ត្រី​ត្រូវ​គិត​ថា​ខ្លួន​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បន្ទាបខ្លួន និង​ខិតខំ​បំបាត់​អោយ​អស់​នូវ​ភាព​អសកម្ម​នានា​។ កងកម្លាំងប្រដាប់អាវុធ នគរបាល និង​មន្ត្រី​ពាក់ព័ន្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​ភ្នាក់ងារ​គយ និង​ពន្ឋដារ​ដើម្បី​ប្រមូល​ពន្ធ​អោយ​មានប្រ​សិទ្ឋិ​ភាព​។
​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ការពារ​ធនធាន​ធម្មជាតិ តំបន់​អភិរក្ស ព្រមទាំង​យកចិត្តទុកដាក់​ដោះស្រាយ បញ្ហា​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយបាន​ឆាប់​និង​មាន​ប្រសិទ្ឋភាព​។​

​ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​កោតសរសើ​រដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ដែល​បាន​រួម​សហការ​គ្នា​ចូលរួម​អភិវឌ្ឍន៌​ខេត្ត​ត្បូងឃ្មុំ អោយ​កាន់តែ​រីកលូតលាស់​ទៅមុខ ។ កិច្ចការ​ដែល​សម្រេច​ទៅ​បាន​ដោយ​ជោគជ័យ គឺ​អាស្រ័យ​ដោយ​មាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ទាំងអស់​ប្រកប​ដោយ​មនសិការ និង​ឆន្ទះ​ល្អ​មុះមុត និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ពិតប្រាកដ ៕​

 

IMG_1471962032889

Filed in: ខេត្តត្បូងឃ្មុំ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!