ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ​នាំ​យក​សម្ភារៈ​បរិក្ខា​និង​គ្រឿងឧបភោគ​បរិភោគ​ទៅ​ឧបត្ថម្ភ​ដល់​កងទ័ព​ជួរ​មុខ​ទិស​ប្រាសាទ​ព្រះវិហារ !

ខេត្ត​កំពង់ធំ ៖ យុទ្ធជន​ទិស​ជួរ​មុខ​ប្រាសាទព្រះវិហារ ដែល​កំពុង​បំពេញ​បេសកកម្ម​ការ ពារ​បូរណភាព​ទឹកដី ទទួលបាន​ការឧបត្ថម្ភ​ជា​គ្រឿង​បរិភោគ និង​បរិក្ខា​ប្រើប្រាស់ ពី​អភិបាល​ខេត្ត​កំពង់ធំ ដែល​ជា​តម្រូវការ​ចាំបាច់ គ្រា​ដែល​រដូវវស្សា​បាន និង​កំពុង​ឈាន​ចូល​មក​ដល់​។​

​អំណោយ​ដែល​បាន​កើតចេញ​ពី​ទឹកចិត្ត​សប្បុរសធម៌ របស់​ឯកឧត្តម​អ៊ុត សំអន និង​មន្ត្រី​ខេត្ត​កំពង់ធំ នាំយកមក​ផ្តល់ជូន​កងទ័ព​នៅ​ខ្សែត្រៀម​ជួរ​មុខ​នោះ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​២០​កក្កដា​ម្សិលមិញ ដល់​អង្គភាព​យោធា​ទិស​ជួរមុខ ឈរជើង​នៅ​ចំណុច​ភ្នំ​ទ្រព្យ និង​ចាក់ ច្រែ​ង ចំណុះ​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង​កំពង់​ធំ មាន​លោក​ឧត្តមសេនីយ៍ត្រី​សោម ស៊ុន ជា​មេបញ្ជាការ​យោធា​ខេត្ត​។ គ្រឿង​បរិភោគ និង​បរិក្ខា​ប្រើប្រាស់ បាន​នាំយក​មក​ឧបត្ថម្ភ​ដល់​កងទ័ព​នៅ​គ្រា​នោះ ត្រូវ​គេ​ឲ្យដឹង​ថា មាន​ម៉ាស៊ីនភ្លើង ឌី​ណា​ម៉ូ ស័ង្កសី មុង ទឹកត្រី ទឹកស៊ីអ៊ីវ មី បន្លែ​គ្រប់​មុខ សម្ភារៈ​ជាច្រើន​មុខ ព្រម​ទាំង​ថវិកា​មួយចំនួន​ទៀត​ផង​ដែរ​។​

​អភិបាល​ខេត្ត​កំពង់ធំ ឯកឧត្តម​អ៊ុត សំអន បាន​មានប្រសាសន៍ថា ដើម្បី​ផ្សារភ្ជាប់​នូវ​ការទំនាក់ទំនង​ល្អ រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ ក្នុងនាម​លោក​ជា​ប្រធាន​គណៈ​បញ្ជា ការឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​ដឹកនាំ​ប្រតិភូ​ថ្នាក់​ខេត្ត ក្នុងនោះ​មាន​ទាំង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ផង​នោះ បាន​នាំយក​អំណោយ​មួយចំនួន មក​ឧបត្ថម្ភ​ដល់​យុទ្ធជន​ដែល​កំពុង​ឈរជើង​ការពារជាតិ នៅ​ជួរ​ខ្សែត្រៀម​ជួរមុខ នៃ​ចំណុច​ភ្នំ​ទ្រព្យ និង​ចាកច្រែង ជាប់​ព្រំដែន​ថៃ​នេះ​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ទៀត​ថា តំបន់​ឈរជើង​នៅទីនេះ គឺជា​ទីតាំង​ដែល​ធ្លាប់តែ​មាន​ជម្លោះ រវាង​កម្ពុជា និង​ថៃ ហើយ​ខេត្ត​កំពង់ធំ ពិតជា​មាន​មោទនៈភាព ដែល​បាន​ក្រសួង​ការពារជាតិ ពិសេស រាជរដ្ឋាភិបាល បាន​ប្រគល់​ភារកិច្ច​បាន​អនុញ្ញាតិឲ្យ​កម្លាំងកង​ទ័ព នៃ​តំបន់​ប្រតិបត្តិកា​រសិក​រង​កំពង់​ធំ បាន​មក​ឈរជើង​នៅ​ចំណុច​នេះ ។​លោក​មានប្រសាសន៍​ទៀត​ថា តួនាទី និង​ភារកិច្ច​ក្នុង​កិច្ច​ការពារ​ជាតិ មិនមែន​ជា​កម្លាំង​ដាច់ដោយឡែក​នោះទេ វា​ជា​កិច្ច​ការងារ​ទូទៅ​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវតែ​រួមគ្នា​ការពារ​ឲ្យ​ខាង​តែង​បាន ដូច្នេះហើយ​បានជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​យកចិត្តទុកដាក់ ហើយ​ត្រូវ​ជួយ​ទ្រទ្រង់ និង​ឧបត្ថម្ភ​គាំទ្រ ដល់​កម្លាំង​ឈេជើង​នៅ​ទិស​ជួរ​មុខ​នេះ ។​

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​យុទ្ធជន​ទាំងអស់​ថា បើ​ទោះ បី​ជា​សភាពការណ៍​នៅតាម​ព្រំដែន មាន​សភាព​ស្ងប់ស្ងាត់​ក៏ពិតមែន តែ​យើង​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ក្នុង​កិច្ច​ការពារ​ជាតិ និង​ប្រជាជន  ហើយ​សមរភូមិ​ក្រោយ នៅតែ​គិតគូ និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជិតស្និទ្ធិ​បំផុត ជាមួយ​សមរភូមិ​មុខ យើង​ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក គឺជា​ការបង្ហាញ​នូវ​ការរួម​សុខ​រួមទុក្ខ ហើយ​ចាត់ទុកថា ភារកិច្ច​ការពារ​ជាតិ​នេះ គឺជា​ភារកិច្ច​របស់​យើង​ទាំង​អ​សើ​គ្នា​។​

​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​កំពង់​ធំ លោក​ឧត្តមសេនីយ៍សោម ស៊ុន បាន​មានប្រសាសន៍ថា ដោយ​ទទួលបាន​បទបញ្ជា​របស់​មេបញ្ជាការយោធ​ភូមិភាគ​ទី​៤ តំបន់​ប្រតិបត្តិកា​រសិក​រង​កំពង់​ធំ មាន​ភារកិច្ច​ចាត់​បញ្ជូន​កម្លាំង​ចំនួន​១​វរៈ​សេនា​តូច ដើម្បី​មក​ឈរជើង​នៅ​លើ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ជំនួស​កងពលតូច​អន្តរាគមន៍​លេខ​៨ ដែល​បាន​ដក​ទៅ​ពង្រឹង និង​ហ្វឹកហ្វឺន​នៅ​ខាងក្រោយ​។

​លោក​ឧត្តមសេនីយ៍​មានប្រសាស​ន៍​ទៀតថា យើងខ្ញុំ​ទាំងអស់គ្នា​ពិតជា​មាន​មោទនភាព ដែល​បាន​មក​ឈរជើង ដើម្បី​ការពារ​អធិបតេយ្យភាព​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់ជូន ។​លោក​ឧត្តមសេនីយ៍ បាន​ប្តេជ្ញាចិត្ត​ថា នឹង​ការពារ​ខ្សែ​បន្ទាត់​ព្រំដែន មិន​ឲ្យ​បាត់បង់​សូម្បី​១​មី​លី​ម៉ែត្រ​ឡើយ ទោះបីជា​មាន​ការលំបាក​ខ្លះ​នៅ​កន្លែង​ឈរជើង ដូចជា បញ្ហា​ទឹក និង​អាកាសធាតុ​នោះ​ជា​ដើម ប៉ុន្តែ កម្លាំង​របស់​យើង​នឹង​អត់ធ្មត់ និង​ទទួលខុសត្រូវ​ខ្ពស់ តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​។​លោក​បញ្ជាក់ថា ចំពោះ​ទិសដៅ​ទៅ​ខាង​មុខ យើង​នឹង​ត្រៀមកម្លាំង​ដើម្បី​ផ្លាស់ប្តូរ​ទៅតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​នេះ​៕
​ដោយ​៖​ឡុង សំបូរ​

 

 

IMG-20160722-WA0004 IMG-20160722-WA0005 IMG-20160722-WA0002

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!