នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មហាផ្ទៃ​ប្រចាំ​ទិស​ខេត្ត​កំពង់ធំ រង​ការរិះគន់​ថា​បាន​ទារលុយ​ពី​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​!

មាន​ការរិះគន់​ចំៗ​ថា​មន្ត្រីនគរបាល​ទាំង​៣​នាក់​នោះ បង្ក្រាប​បាន​តែ​ឈ្មួញ​ឈើ​តូចតាច និង​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​មក​ធ្វើ​ផ្ទះសម្បែង​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​ធំៗ​ពី​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​កំពង់ធំ​យ៉ាង​ពេញបន្ទុក គឺ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។​

​មន្ត្រីនគរបាល​ទាំង​៣​នាក់​នោះ​មានឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខ​បាន និង​ឈ្មោះ ហួត តឿ ពួកគេ​មាន​អំណាច​យ៉ាង​ធំធេង​ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​អាង​លើ លិខិត​បេសកកម្ម​ដែល​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ ជាពិសេស​អាជីវករ​ដឹក​ជញ្ជូន​ទំនិញ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រីនគរបាល​ទាំង​៣​នាក់​ខាងលើ​នេះ​ផង​។​

​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​៣​នាក់​ដែល ឈរជើង​ក្នុង​ខេត្ត​កំពង់ធំ កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​របស់​ខ្លួន​ក្នុងការ​ជំរិត​យកលុយ​ពី ឈ្មួញ​ដឹក​ឈើ ក៏​ដូចជា​ពី​ប្រជាពលរដ្ឋ​ដឹក​កសិផល​និង​ដឹក​ទំនិញ​ផ្សេងៗ​តាម​អំពើ​ចិត្ត​ដោយ មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​កំពង់ធំ បានឲ្យដឹង​ថា​ការ​ដែល​មន្ត្រី​នគរបា​ល​ទាំងនោះ​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឬ​ប្រើប្រាស់​រថយន្ត​ប្រដេញ​តាម​រថយន្ត​ឈ្មួញ​ដឹកឈើ ដើម្បី​ជំរិត​យកលុយ​វា​ជា​រឿង​ធម្មតា​ទៅហើយ ព្រោះ​ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ក៏​ប៉ុន្តែ​ករណី​ឈ្មួញ​ទាំងនោះ​ជំរិត​យក​លុយ​ពី​រថយន្ត​ដឹក​ទំនិញ​របស់ ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ជា​ទំនិញ​មានច្បាប់ មាន​ការអនុញ្ញាត​ត្រឹមត្រូវ​ក្នុងការ​នាំចូល​។ រឹតតែ​អាក្រក់​ជាងនេះទៅទៀត គឺ​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ទាំង​៣​នាក់ ខាងលើ​ជំរិត​យកលុយ​ពី​រថយន្ត​ដឹក​កសិផល​របស់​អ្នក​ភូមិ​ដោយ​ពុំ​មាន​ការយោគយល់ ឡើយ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហា​យយ៉ាងខ្លាំង​។​

​ប្រភព​ពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ បាន​លើកឡើង​ថា​ប្រហែល​ជា​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ​ឈ្មោះ ស៊ូ សាលី ឈ្មោះ ជា សុខ​បាន និង​ឈ្មោះ ហួត តឿ ចំណាយ​លុយ​យ៉ាងច្រើន​ដើម្បី​ទទួលបាន​លិខិត​បេសកកម្ម​ចុះ​ទៅ​ឈរជើង​នៅ ខេត្ត​កំពង់ធំ ទើប​ខំប្រឹង​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​និង​ចែក​គ្នា​ធ្វើ មាន​ធ្វើ​បាន​។​

​មន្ត្រី​ទាំងនេះ​មិន​ត្រឹមតែ​មាន​រថយន្ត​ចាំ​ប្រដេញ​តាម​រថយន្ត​ឈ្មួញ​ដឹក​ឈើ និង​ដឹក​ទំនិញ​ផ្សេងៗ​ដើម្បី​ជំរិត​យកលុយ​ប៉ុណ្ណោះ​ទេ គឺ​ជួនកាល​គេ​បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ធម្មតាឲ្យ​ចុះ​ប្រមូល​លុយ​ពី រថយន្ត​ដឹកទំនិញ ដឹកឈើ និង​ដឹក​កសិផល ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

 

 

sedthakickompongthom

Filed in: ខេត្តកំពង់ធំ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!