​ឧត្តមសេនីយ៍ ជួន សំអាន ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ មើលងាយ​បទបញ្ជា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង​

​កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​លេខ ២៤៦៥ ស​ជណ ចុះ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ដោយ​សម្រេច​ផ្ទេរ​ភារកិច្ច​របស់​លោក​អនុសេនីយ៍ឯក ម៉ៅ បូរាណ អត្តលេខ​១៤៧២២ ពី​នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់ ឲ្យទៅ​បំរើ​ការងារ​ជា​មន្ត្រី​នៅ​ស្នងការដ្ឋាន​គ​របាល​ខេត្តកំពង់ធំ​វិញ ដោយ​ការសម្រេច​នេះ​យោងទៅតាម​ពាក្យបណ្តឹង​របស់​អ្នកស្រី ជា ស្រី​ពៅ ប៉ុន្តែ​មកទល់​នឹង​ថ្ងៃនេះ ប្រជាពលរដ្ឋ និង​មន្ត្រីនគរបាល​ស្រុក​សណ្តាន់​ទាំងអស់ កំពុង​មាន​ការងឿងឆ្ងល់​ជាខ្លាំង ដោយសារ​លោក ម៉ៅ បូរាណ នៅតែ​បំពេញ​តួនាទី​ក្នុង​អធិការដ្ឋាន​ស្រុក​សណ្តាន់​ដដែល ព្រមទាំង​បាន​ប្រើ​ពាក្យ​គំរាមកំហែង​ទៅលើ​ដើមបណ្តឹង​ទៀតផង ដោយ​ពួកគាត់​សួរថា ចំណារ​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​មិនបានការ​ទេ​ឬ បានជា​លោក​ឧត្តមសេនីយ៍ ជួន សំអាន ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ មិន​អនុវត្ត​តាម​ដូច្នេះ​?

​យោង​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ឃុំ​មាន​រិទ្ធិ ស្រុក​សណ្តាន់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន​យើង​ឲ្យដឹងថា ប្រជាពលរដ្ឋ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​ផ្ទេរ​ភារកិច្ច​លោក ម៉ៅ បូរាណ ហើយ​តែ លោក ម៉ៅ បូរាណ នៅតែ​មាន​អាវុធ​វែង អាវុធខ្លី​សំញែង ទៅលើ​ក្រុម​គ្រួសារ ដើមបណ្តឹង​រាល់ថ្ងៃ ជា​ហេតុ​បណ្តាល​ឲ្យ​ដើមបណ្តឹង​មាន​ការបារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន​ជា​ខ្លាំង​។​

​ទាក់ទង​នឹង​រឿង​នេះ​ដែរ សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​អធិការដ្ឋាន​ស្រុក​សណ្តាន់​បានទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​។​

​ចំពោះ​លោក ឧត្តមសេនីយ៍ ជួន សំអាន ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ភ្នាក់ងារ​សារព័ត៌មាន​យើង​ថា លោក​មិនមែន​មិន​អនុវត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ ព្រោះ​លោក​បាន​បិទ​ប្រកាស​តាម​អង្គភាព​ថ្នាក់ក្រោម​របស់​លោក​រួច​ហើយ ហើយ​ករណី​ដែល​ឃើញ​លោក ម៉ៅ បូរាណ នៅក្នុង​ស្រុក​សណ្តាន់​នោះ ព្រោះ​ផ្ទះ​របស់​គាត់​នៅ​ទីនោះ ជួន​កាល​លោក​ត្រូវ​ទៅ​លេង​ផ្ទះ ឃើញ​ដូចនេះ ក៏​ចេះ​តែ​រករឿង​ចោទប្រកាន់​។ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា រាល់​ទង្វើ​ណា​ដែល​លោក ម៉ៅ បូរាណ ធ្វើ​ប្រាសចាក​ពី​ភារកិច្ច​នោះ គឺ​លោក​មិន​ទទួលខុសត្រូវ​ឡើយ​។​

​ក្នុងករណី​នេះ​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​ឯកឧត្តម អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ តែ​ដោយ​ឯកឧត្តម​ជាប់រវល់​ប្រជុំ ទើប​មិនទាន់​បាន​ផ្តល់​បទសម្ភាសន៍​។​

​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​សណ្តាន់​ទាំងអស់​មាន​ការងឿងឆ្ងល់​ថា តើ​ក្រសួងមហាផ្ទៃ ចេញ​លិខិត​នេះ​មក​គ្មាន​ន័យ​ទេ​ឬ បានជា​លោក ជួន សំអាន មិន​អនុវត្ត​យ៉ាង​ដូច្នេះ ហើយ​តើ​សម្តេច​ក្រឡាហោម ស ខេង នៅ​ក្រោម​បញ្ជា​របស់​លោក ជួន សំអាន ឬ​លោក ជួន សំអាន នៅក្រោម​បញ្ជា​របស់​សម្តេច​ក្រឡាហោម ស ខេង បានជា​លោក ជួន សំអាន មិន​ព្រម​អនុវត្តតាម​សេចក្តីជូនដំណឹង​របស់​សម្តេច​យ៉ាង​ដូច្នេះ​?

​ចំពោះ​មន្ត្រី​អធិការកិច្ច​ក្រសួងមហាផ្ទៃ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន​យើង​ឲ្យដឹងថា​៖ “​រឿង​នេះ​ក្រុម​យើង​កំពុង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ហើយ​លោក​នឹង​សួរ​ទៅ​លោក​ឧត្តមសេនីយ៍ ជួន សំអាន ថា​តើ​បាន​អនុវត្ត​ដល់​កម្រិត​ណា​ហើយ​”​។​

​រីឯ​មន្ត្រី​មួយចំនួន​ជុំវិញ​ខេត្ត​កំពង់ធំ បានឲ្យដឹងថា បើសិន​លោក ជួន សំអាន ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ មើលឃើញ​តែ​លុយ ហើយ​មិន​អនុវត្ត​តាម​ច្បាប់ និង​បទបញ្ជា​នោះទេ អញ្ចឹង​ក្រសួង​ក៏​មិន​បាច់​ចេញ​លិខិត​មក​ទៀត​ដែរ បើ​គេ​មិន​គោរព​នោះ ហើយ​ក៏​សំណូមពរ​ទៅ​សម្តេច​ក្រឡាហោម ស ខេង មេត្តា​ពិនិត្យ​មើល​ទង្វើ​អវិជ្ជមាន​របស់​លោក​ឧត្តមសេនីយ៍ ជួន សំអាន ផង ព្រោះ​រឿង​នេះ​មានការ​ទាក់ទិន​នឹង​អំពើពុករលួយ​ហើយ ទើប​មិន​មាន​ការអនុវត្ត​យ៉ាង​ដូច្នេះ និង​សំណូមពរ​ទៅ​សម្តេច​ក្រឡាហោម មេត្តា​បញ្ជូន​មន្ត្រី​អធិការកិច្ច​មក​ធ្វើ​អធិការកិច្ច​ផង ព្រោះ​លោក ម៉ៅ បូរាណ នៅ​មាន​ស្ពាយ​អាវុធ​វែង​-​ខ្លី​ដើរ​ក្នុង​ស្រុក​សណ្តាន់​នៅឡើយ ខណៈ​ដែល​លោកស្នងការ​អះអាងថា​លោក ម៉ៅ បូរាណ គ្រាន់តែ​ទៅ​លេង​ផ្ទះ​របស់​គាត់ ដែល​រូបភាព​ទាំងនេះ​អាច​នឹង​បង្ក​ឲ្យមាន​ផលប៉ះពាល់​ផ្នែក​សុវត្តិភាព​របស់​ដើមបណ្តឹង ប្រសិន​បើ​លោក​អធិការ​ស្រុក ក៏​មិន​គោរព​បទបញ្ជា​យ៉ាង​ដូច្នេះ​។​

​សូម​លោក លោកស្រី និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រង់ចាំ​តាមដាន​ព័ត៌មាន​នេះ ជា​បន្ត​ទៀត ៕

 

samdachsorkheng_utsamorn500 samdachsorkheng_utsamornlet

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!