ម៉ែ​អា​ម៉េង នៅតែ​បន្ត​នាំចូល​ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ខូច​គុណភាព​ពី​ប្រទេស​សៀម​តាម​អំពើ​ចិត្ត​

​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េង ល្បីល្បាញ​ខាង​រកស៊ី​នាំចូល​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត​ខូច​គុណភាព​ពី​ប្រទេស​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ខេត្តកោះកុង​ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ ដោយ​ពុំ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ​ម៉ែ​អា​ម៉េង បាន​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ពី​ប្រទេស​សៀម​តាម​ទូក​ធំៗ​មក​ឡើង​នៅ​ផែ​ក្នុង​តំបន់​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។ ឈ្មួញ​តូចតាច​មួយ​ចំនួន​បាន​អះអាង​ថា​ការ​ដែល​ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត ហ៊ាន​នាំចូល​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង និង​មន្ត្រីនគរបាល​ជើង​ទឹក​ម្នាក់​ដែល​ជា​សាច់ញាតិ​របស់​ខ្លួន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ បានឲ្យដឹងថា ស្លាបមាន់ ជង្គង់​មាន់ សាច់មាន់ និង​ប្រហិត​ខូច​គុណភាព​ដែល​ម៉ែ​អា​ម៉េង នាំចូល​ពី​ប្រទេស​សៀម​តាម​ទូក​ធំៗ​នោះ ត្រូវបាន​លើក​ដាក់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ និង​ផ្លូវជាតិ​លេខ​៤​មក​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ឈ្មួញ​មួយចំនួន​បានឲ្យដឹង​ថា​ម៉ែអា​ម៉េង មាន​មន្ត្រី​នគរបាល​ជើង​ទឹក​ម្នាក់​ឈ្មោះ អាង ស្រៀ​ង ជា​ខ្នងបង្អែក​និង​ចេញមុខ​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់​ខ្លួន​។ មន្ត្រី​កាំកុងត្រូល​មិន​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ដែល​ម៉ែ​អា​ម៉េង នាំចូល​ពី​ប្រទេស​សៀម​មក​ឡើង​នៅ​ផែ​ក្នុង​សង្កាត់​ដងទង់​នោះទេ គឺ​ពួកគេ​ពិនិត្យ​តែ​លុយ​របស់​ម៉ែ​អា​ម៉េង​ប៉ុណ្ណោះ​។​

​ប្រភព​ពី​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​កោះកុង បានឲ្យដឹងថា មួយ​រយៈពេល​ចុងក្រោយ​នេះ ម៉ែ​អា​ម៉េង មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ទើប​អាច​នាំ​ចូល​គ្រឿងឧបភោគ​បរិភោគ​ដូច​រៀបរាប់​ខាងលើ និង​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​រលូន​។ ដោយសារ​តែ​អាង​មាន​លោក សំ កុសល និង​មន្ត្រីនគរបាល​ជើង​ទឹក​ម្នាក់ ជា​ខ្នងបង្អែក​បែបនេះហើយ ទើប​ម៉ែ​អា​ម៉េង ហ៊ាន​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​ជើងមាន់ ជង្គង់​មាន់ សាច់មាន់ និង​ប្រហិត​ខូច​គុណភាព យក​មក​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ​តែម្តង​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​ជាបន្ទាន់ ដោយហេតុ​ថា​ការ​ដែល​លោក សំ កុសល បើកដៃ​ឲ្យ​ម៉ែ​អា​ម៉េង នាំចូល​ទំនិញគេចពន្ធ បាន​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​គ្រឿងឧបភោគ​បរិភោគ​ខូច​គុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី​កំពុង​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ ៕

 

 

IMG-20160216-WA0002 IMG-20160216-WA0001 IMG-20160216-WA0003

Filed in: ខេត្តកោះកុង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 7155 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.