​មេការ​ដ៏​មាន​អំណាច​របស់​លោក​ឧកញ៉ា​ថៃ ឈ្មោះ ធី ល្បី​ខាង​ដឹក​ឈើ​ខុសច្បាប់​បំផ្លាញ​ផ្លូវជាតិ​លេខ​៧ សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់ !

ខេត្ត​ក្រចេះ​ ៖ កាលពី​វេលា​ម៉ោង ៨​និង​០០ នាទី យប់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ រថយន្ត​យី​ឌុប​ភ្លៅ ៥ ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​លោក​ឧកញ៉ា ថៃ បាន​ក្រឡាប់ នៅ​ចំណុច​មុខ​វត្ត​ស្រែ​ត្រែង ភូមិ​ក្បាលដំរី ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ តាម​ផ្លូវជាតិ​លេខ​៧ ចាក់​ឈើប្រណិត​ចោល​ពេញ​ផ្លូវ មិន​ឃើញ​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ ចុះ​ទៅ​ត្រួតពិនិត្យ​នោះឡើយ​។

​ក្រោយពេល​ក្រឡាប់​ភ្លាមៗ មេការ​របស់​លោក​ឧកញ៉ា ថៃ ឈ្មោះ ធី ភ័យ​ស្លន់ស្លោ ព្រោះ​ខ្លាច​ដឹង ដល់​អ្នកសារព័ត៌មាន​និង​សមត្ថកិច្ច​មួយចំនួន ដែល​មិន​ទាន់​ទទួលបាន​សំណូក ទើប​ឈ្មោះ ធី បាន​ទាក់ទង ទៅ​សមត្ថកិច្ច​ជំនាញ រួម​ទាំង​អាជ្ញាធរ និង​អ្នកសារព័ត៌មាន ដែល​ធ្លាប់​ទទួលបាន​លាភ​សក្កា​រះ ឱ្យជួយ​បិទបាំង ព័ត៌មាន​ខាងលើ​នេះ តែ​ទោះជា​យ៉ាងនា ដំរី​ងាប់​យក​ចង្អេរ​ទៅ​បាំង គឺ​មិន​អាច​បាំង​ជិត នោះឡើយ ។ លើស​នេះ​ទៅទៀត រថយន្ត​យី​ឌុប របស់​លោក​ឧកញ៉ា ថៃ មិន​គ្រាន់តែ​ដឹក​ឈើប្រណិត ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង ដឹក​លើស​ទម្ងន់ បំផ្លាញ​ផ្លាញ​ផ្លូវជាតិ​លេខ​៧ ស្ទើរ​ខូចខាត​ទាំងស្រុង​ ​ប៉ុន្តែ​មិន​ទាន់​ឃើញ អាជ្ញាធរ ឬ​សមត្ថកិច្ច ចាត់វិធានការ​នោះ​ឡើយ​។

​សេចក្តីរាយការណ៍​បានឱ្យដឹងថា រថយន្ត​យី​ឌុប​ភ្លៅ​៥ របស់​លោក​ឧកញ៉ា ថៃ បាន​ក្រឡាប់ ហើយ​ក្អួត​ចេញ​សុ​ក្រំ រាប់រយ​ម៉ែត្រគូប ហើយ​គេ​មិនទាន់​ដឹង អំពី​មូលហេតុ នៃ​ការ​ក្រឡាប់​នោះ​ទេ គ្រាន់តែ​ដឹងថា រថយន្ត​ដឹក​ឈើប្រណិត របស់​លោក​ឧកញ៉ា ថៃ គឺ​បើក​ចេញ​ពី​ច្រក​តុង​មិន សំដៅ​ទៅ​ស្រុក​មេមត់ និង​ឆ្ពោះទៅ​លក់ នៅ​ប្រទេស​វៀតណាម ហើយ​ឈើ​ទាំងអស់នេះ សុទ្ធតែ​ជា​ឈើ​ខុសច្បាប់ ។

​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ថៃ តាមរយៈ​មេការ​ឈ្មោះ ធី បាន​ប្រកប​របរជំនួញ​ឈើ​ខុសច្បាប់ ក្នុង​ទឹកដី​នៃ​ភូមិភាគ​ឥ​សាន្ត​យូរ​ឆ្នាំ​មកហើយ ពុំដែល​មាន​សមត្ថកិច្ច ណា​ហ៊ាន​ប៉ះ ឬ​បង្ក្រាប​បាន​ទេ ? ព្រោះតែ​ពួកគេ​បាន​ទទួល​សំណែន ពី​មេការ​ឈ្មោះ ធី គ្រប់ៗ​គ្នា ។

​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​បុគ្គល​ពាក់ព័ន្ធ​ខាងលើ​បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ៕

 

wood_thy_kratie

Filed in: ខេត្តក្រចេះ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.