ខេត្តរតនគិរី ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេច គិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៩ បានអញ្ជើញ ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅស្រុកលំផាត់ខេត្តរតនគិរីដែលទទួលរងគ្រោះដោយទឹកជំនន់ទន្កេស្រែពកកំពុងលិចលុងភូមិដ្ឋាន ស្រែចំការនៅក្នុងឃុំចំនួន២របស់ស្រុកខាងលើនេះ។
ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរី បានគោរពរាយការណ៍ជូនឯកឧត្តមទេសរដ្ឋមន្ត្រីថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរយះពេលប៉ុន្មានថ្ងៃនេះជាហេតុបណ្តាលអោយទឹកទន្លេស្រែពកហក់ឡើងយ៉ាងខ្លាំង គិតត្រឹមថ្ងៃទី៩នេះកម្ពស់ទឹកបានឡើងបានឡើងដល់១៤ម៉ែត្រខណៈដែលកម្រិតប្រកាសអាសន្នត្រឹម១២,៥០ ។កម្រិតកម្ពស់ទឹកនេះបានធ្វើអោយ ភូមិដ្ឋាន ស្រែ ចំការប្រជាពលរដ្ឋក្នុងឃុំចំនួន២គឺឃុំសេដា និងឃុំជ័យឧត្តមរងផលប៉ះពាល់លិចលុងយ៉ាងលឿនបំផុត។
ឯកឧត្តម ថង សាវុន បន្តថា ក្នុងសភាពការណ៍ដ៏អាក្រក់នេះ អាជ្ញាធរខេត្តនិងអាជ្ញាធរស្រុកបានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋភ្លាមៗដោយធ្វើការជន្លៀសប្រជាពលរដ្ឋមកទីទួលសុវត្តិភាពបានទាន់ពេលវេលា។ តែជាអកុសល់ក្មេងស្រីអាយុ១៥ម្នាក់បានស្លាប់ខណៈដែលទូកក្រុមគ្រួសាររបស់ខ្លួនបានលិចពេលដឹកជញ្ជួនសម្ភារៈមកទីទួលសុវត្តិភាព។
មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលនៅទីទួលសុវត្តិភាពប្រមាណជាង៥០០គ្រួសារ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ជាក់ឮស្តែងគ្រាន់តែទទួលបានព័ត៌មានពីគ្រោះមហន្តរាយធម្មជាតិនេះភ្លាម សម្តេចទាំងពីរបានបញ្ជាអោយរូបឯកឧត្តម ចុះជួយអន្តរាគមន៍ព្រមទាំងនាំគ្រឿងឧបភោគបរិភោគរបស់កាកបាទក្រហមកម្ពុជាមកធ្វើការចែកជូនបឋមដល់គ្រប់គ្រួសារដែលទទួលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជនន់ក្នុងស្រុកលំផាត់នាពេលនេះដើម្បីសម្រួលការលំបាកក្នុងគ្រានេះផងដែរ។
ឯកឧត្តម គន់ គីម បានក្រើនរំលឹកដល់អាជ្ញាធរខេត្តរតនគិរី ព្រមទាំងមន្ត្រីនៅក្នុងខេត្តទាំងអស់ ត្រូវយកចិត្តទុកចុះជួយ និងស្រាយបញ្ហាជូនប្រជាពលរដ្ឋរងគ្រោះនាពេកនេះដោយឯកឧត្តម បានរំលឹកនូវប្រសាសន៍បស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលើការងារ ដោះស្រាយលើបញ្ហាគ្រោះមហន្តរាយដោយបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាពិសេសតែងតែជំរុញមន្ត្រីឱ្យទាំងអស់ដោះស្រាយរាល់បញ្ហាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម សង្កត់ធ្ងន់ថា សុខទុក្ខរបស់ប្រជាពលរដ្ឋជាសុខទុក្ខរបស់រាជរដ្ឋាភិបាល ជាសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះយើងជាមន្ត្រីបម្រើប្រជាពលរដ្ឋ ជាភ្នែក ជាច្រមុះរបស់សម្តេចនៅតាមបណ្តាខេត្តនេះ យើងត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ។ ជាពិសេសពេលគាត់ជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ យើងត្រូវចុះឱ្យដល់កន្លែងកើតហេតុរិះរកវិធីជួយ
សង្គ្រោះ ឬជួយដោះស្រាយបញ្ហាដែលជួបប្រទះនោះអោយខាងតែបាន។
នៅក្នុងឱកាសនេះឯកទេសរដ្ឋមន្ត្រី គន់ គីមបានប្រគល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជារួមមាន មី៣២០កេស ឃីត៥០០កញ្ចប់ក្នុងនោះមាន មុង ភួយ ក្រម៉ា ត្រីខ ៥០០យួរ តង់១៥០ដុំនិងតង់តម្លើង៥ ជូនដល់អាជ្ញាធរខេត្ត-ស្រុកសម្រាប់បែងចែកជូនប្រជាពលរដ្ឋរងគ្រោះតាមការជាក់ស្តែង។
ដោយឡែកខាសាកាកបាទក្រហមខេត្តក៏បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនអាជ្ញាធរស្រុកលំផាត់មាន មី២០០កេស ត្រីខ២០០យួរ កៅស៊ូតង់៤គុណ៥(៥០ដុំ) តង់៤គុណ៥០(១០ដុំ)។អំណោយរបស់សាលាខេត្តរួមមាន មី២០០កេសនិងត្រីខ២០០កេសក៏ត្រូវបានផ្តល់ជូននាពេលនេះផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងពីរឃុំគឺឃុំ សេដានិងឃុំជ័យឧត្តម ដែលទទួលរងគ្រោះដោយជំនន់ទន្លេស្រែពកនាពេលនេះមានចំនួន ១.៥៤៩គ្រួសារស្មើនឹងចំនួនមនុស្ស ៦.១២៥នាក់៕