​រដ្ឋបាល​ខេត្ត​កំពត​ធ្វើ​ពិធី​ប្រគេន​ទេយ្យវត្ថុ​និង​ទៀន​ព្រះវស្សា​ដល់​ព្រះសង្ឃ​ចំនួន​២៦៨​វត្ត​ក្នុង​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​សៅរ៍​១២​កើត ខែ​អាសាឍ ឆ្នាំកុរ​ឯកស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត បាន​ធ្វើ​ពិធី​ប្រគេន​ទេយ្យវត្ថុ​និង​ទៀន​ព្រះវស្សា​ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​ដែល​បាន​និមន្ត​មក​ពី​វត្ត​នានា​ទូទាំង​ខេត្ត​កំពត ចំនួន​២៦៨​វត្ត​។​

​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅក្នុង​សាលសន្និសីទ​ខេត្តកំពត ដោយ​មាន​ការ​និមន្ត​ចូលរួម​ពី​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម​ក្នុង​ខេត្ត​និង​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​បណ្ឌិត ប៉ែន ស៉ីម៉ន​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភាជាតិ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​លោក​-​លោកស្រី ជា​សាជិក​សមាជិកា ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​ខេត្ត​ក្រុង​ស្រុក​និង​មន្ត្រីរាជការ នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត យាយជី តាជី ប្រជា​ពុទ្ធបរិស័ទ​និង សិស្ស​និស្សិត​ប្រមាណ​១៤៣៣​អង្គ​-​នាក់​។​

​មានប្រសាសន៍​សំណេះសំណាល លោក​បណ្ឌិត​ប៉ែន ស៉ីម៉ន បាន​ថ្លែង​ការកោតសរសើរ​ចំពោះ រដ្ឋបាល​ខេត្ត​កំពត  ពិសេស​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​រួម​ពុទ្ធបរិស័ទ​សប្បុរសជន ដែល​បាន​រួមគ្នា​ផ្ដើម​ធ្វើ​នូវ​កម្ម​ពិធី​នា​ពេល​នេះ​ឡើង ដោយ​ខណៈ​នេះ​លោក​បាន​ចាត់ទុក​នេះ​គឺជា​បុណ្យ​កុសល​ដែល​ពុទ្ធបរិស័ទ​ខែ្មរ​យើង​តែង​មាន​ជំនឿ​និង​ធ្វើ​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ដ៏​រុងរឿង​នៃ​យើង​ជា​រៀងរាល់​ឆ្នាំ​ពុំដែល​អាក់ខាន ដើម្បី​ជួយ​ផ្គត់ផ្គង់​សម្រាល​ការលំបាក​ដល់​ជីវភាព​របស់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​រយៈពេល​៣​ខែ​តាម​ពុទ្ធបញ្ញត្តិ​។​

​លោក​បណ្ឌិត​ប៉ែន ស៉ីម៉ន ក៏​បាន​មានប្រសាសន៍​បន្ត​លើកឡើង​ទៀតថា​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក្រោម​ការដឹកនាំ​លើផ្លូវ​ត្រូវ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្ដេច តេ​ជោ ហ៊ុន​សែន វិស័យ​ពុទ្ធចក្រ​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់​។ ហើយ​វិស័យ​ពុទ្ធចក្រ​នេះ​រុងរឿង​ទៅបាន​ដោយសារ​វិស័យ​អាណាចក្រ ហើយ អាណាចក្រ​រុងរឿង​ទៅ​បាន​ដោយសារ​ស្រុកទេស​យើង​មាន​សុខសន្តិភាព ទើប​មាន​សិទ្ធ​សេរីភាព​និង​មាន​ការអភិវឌ្ឍ ព្រមទាំង​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​។

​លោក​បណ្ឌិត​ប៉ែន ស៉ីម៉ន ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​រូប​ត្រូវ​បន្ត​រួបរួម​សាមគ្គ​គ្នា​ធ្លុង​មួ​យ​និង​ត្រូវតែមាន​ជំនឿ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី ដើម្បី​ថែរក្សា​ការពារ​សុខសន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា​៖ ទេយ្យវត្ថុ​និង​ទៀន​ព្រះវស្សា​ដែល​បាន​ប្រគេន​សម្រាប់​ព្រះសង្ឃ ទាំង​២៦៨​វត្ត​ក្នុង​មួយ​វត្តមាន​ទៀន​ព្រះវស្សា​១​គូរ អង្ករ​៥០​គីឡូ​ទឹកក្រូច​១​កេះ ទឹក​សុទ្ធ​១​កេះ​និង បច្ច័យ​១៥​ម៉ឺន​រៀល តាអាចារ្យ​មក​ពី​វត្ត​ទាំង​២៦៨​វត្ត​ម្នាក់​៤​ម៉ឺន​រៀល​បច្ច័យ​ក្នុងនោះ​មាន​ការចូលរួម​ពី​ឯកឧត្តម​បណ្ឌិត​ប៉ែន ស៉ីម៉ន និង​រដ្ឋបាល​ខេត្ត​កំពត ព្រមទាំង​ពុទ្ធបរិស័ទ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!