​ការ​ប្លុង​សំរាម​និង​កាកសំណល់​នៅលើ​ចិញ្ចើម​ផ្លូវ​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ប្រៀប​ដូចជា​ទំនៀមទម្លាប់​មួយ​របស់​ពលរដ្ឋ ប៉ុន្តែ​អាជ្ញាធ​រហាក់​ពុំទាន់​មាន​វិធានការ​ទប់ស្កាត់​នៅឡើយ​

(​ខេត្ត​កំពត​)៖ ជា​ការពិត​ណាស់ សំរាម​និង​កាក​សំណល់​រាវ​រឹង​គ្រប់​ប្រភេទ ដែល​ពលរដ្ឋ​ក្នុង​ស្រុក​កំពង់ត្រាច តែងតែ​ច្រក​កា​រ៉ុង ឬ​ស្បោង​ប្លា​ស្ទិក​យក​ទៅ​ប្លុង​ចោល​នៅពេល​យប់ ស្ថិត​លើ​ចំណុច​ផ្លូវ​ជាតិ​លេខ​៣១ អាច​ចាត់ទុកជា​ទំនៀមទម្លាប់​មួយ​មិន​ងាយ​កាត់ផ្តាច់​បាន​ឡើយ ខណៈ​ដែល​អាជ្ញាធរ​ក្នុង​តំបន់ ពុំទាន់​មាន​វិធានការ​ទប់ស្កាត់​នៅឡើយ​នោះ​។​

​យ៉ាងណាមិញ​ចំណុច​ដែល​គេ​យក​សំរាម​និង​កាក​សំណល់​ទៅ​ស្តុក​ចោល​ពាស​វាល​ពាស​កាល​នៅតាម​ចិញ្ចើមផ្លូវ​ដូច​ក្នុង​រូបភាព​នេះ មិន​ត្រឹមតែ​ធ្វើឲ្យ​បាត់បង់​សោភ័ណភាព​ស្រុក​កំពង់ត្រា​ច​នោះទេ ថែមទាំង​បាន​បំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ពល​ប្រជាពលរដ្ឋ ពិសេស​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ ព្រមទាំង​ពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​នៅក្បែរនោះ​។ ចំពោះ​សំរាម​និង​កាក​សំណល់​រលួយ​ពិតជា​បាន សាយភាយ​បញ្ចេញ​ក្លិនស្អុយ​អ​សោធ​ដល់​អ្នកធ្វើដំណើរ​គ្រប់ពេលវេលា​។​

​មហាជន​តែងតែ​នាំ​គ្នា​រិះគន់​ដល់​អាជ្ញាធរ​ក្នុង​ដែន​សមត្ថកិច្ច​ហាក់​ពុំ​ទាន់​មាន​វិធានការ​ទប់ស្កាត់​រាល់​ស​កម្ម​ភាព​របស់​ពលរដ្ឋ​ក្នុង​តំបន់ ដែល​តែងតែ​លួច​ដឹក​សំរាម​និង​កាកសំណល់​មក​ចាក់ចោល​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​នៅឡើយ ដោយ​ករណី​ដូច​ខាងលើ​ហាក់ដូចជា​កើតឡើង​រាប់​ឆ្នាំ​មកហើយ ហើយ​បាន​ធ្វើឲ្យ​បាត់បង់​សោភ័ណភាព និង​ក្លាយជា​កន្លែង​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​

​គេ​បាន​លើកឡើង​ថា អំណើស​ត​ទៅ​ចំណុច​ផ្លូវ​ដែល​គេ​ធ្លាប់​យក​ស្បោង​សំរាម ឬ​ដាក់​សំណល់​អាហារ​ក្នុងកា​រ៉ុង​យក​ទៅ​ស្តុក​ចោល ពិត​ជា​ប្រពៃណី​មួយ​ដែល​ពលរដ្ឋ​នៅតែ​បន្ត​សកម្មភាព​ពី​ម្នាក់​ទៅ​ម្នាក់ ដរាបណា​អាជ្ញាធរ​នៅតែ​ព្រងើយកន្តើយ​មិន​ព្រម​យក​បញ្ហា​នេះ​ទៅ​អនុវត្ត​ឲ្យបាន​ទាន់ពេ​ល​វេលា​នោះ​។​

​ទាក់ទិន​នឹង​សំរាម​ខាងលើ គេ​បាន​លើកឡើង​ផងដែរ​ថា មហាជន​សម័យ​នេះ​បើ​មានការ​បំផុសបំផុល​ពី​កក្តា​អនាម័យ សម្អាត​បរិស្ថាន​ពិតជា​មាន​អ្នកចូលរួម​ច្រើនណាស់​។​ម្យ៉ាងទៀត​សំណល់​ដែល​គេ​តែងតែ​ប្លង់​ចោល​នៅ​ទីនេះ ប្រហែល​គ្មាន​អ្នក​ណា​ក្រៅពី​អ្នករស់នៅ​ក្នុង​តំបន់​ស្រុក​កំពង់ត្រាច​ឡើយ​..​អញ្ចឹង​ងាយស្រួល​ណាស់​បើ​អាជ្ញាធរ​លើក​ប្រធានបទ​ផ្នែក​បរិស្ថាន​មក​ធ្វើការ​អនុវត្ត ពិតជា​មាន​មហាជន​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង ពិសេស​ស្រទាប់​យុវជន​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ការ​ប្លុង​សំរាម និង​កាក​សំណល់​ខាងលើ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា ករណី​បោះចោល​សំរាម​នៅតាម​ដងផ្លូវ​សាធារណៈ លោក​បាន​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ជា​ច្រើនលើក​ច្រើនសារ ថែម​ទាំង​ជូនដំណឹង​ដល់​មហាជន ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ឲ្យ​រួមគ្នា​រក្សា​អនាម័យ ដោយ​មិន​តម្រូវ​ឲ្យ​យក​សំរាម​ទៅ​ប្លុង​ចោល​បែបនេះ​ទេ ប៉ុន្តែ​នៅតែ​មាន​អ្នក​ឆ្លៀត​ឱកាស​យក​សំណល់​ទៅ​បោះចោល​នៅ​ទីនេះ​ដដែល​។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ទៀតថា ចាប់ពី​ពេលនេះ​ទៅ លោក​នឹង​បង្កើត​គណៈកម្មការ​សម្រាប់​ឃ្លាំមើល ហើយ​លោក​នឹង​ផ្តល់​រង្វាន់​ដល់​កម្លាំង​យាមកាម​នៅពេល​យប់ និង​ធ្វើ​ការពិន័យ​ចំពោះ​អ្នក​ដែល​លួច​យក​សំរាម​-​កាកសំណល់​ទៅ​បោះចោល​នៅ​ទីនេះ ដោយ​គ្មាន​ការយោគយល់​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!