​ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ​ដល់​កងកម្លាំង ដែល​ចូលរួម​ជួយ​សង្គ្រោះ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ​រលំ​អគារ ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី រួម​ដំណើរ​ជាមួយនឹង​លោក សាយ សំ​អាល់ និង​ក្រុមការងារ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ​ចំពោះ​កងកម្លាំង ដែល​បាន​ចូលរួម​ជួយ​សង្គ្រោះ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ​រលំ​អគារ ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា​កន្លង​ទៅនេះ ចំនួន​៤១៥​នាក់ នៅ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បង្ហាញ​ពី​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត និង​ជនរងគ្រោះ​ដែល​រស់រាន​មានជីវិត ហើយ​កំពុង​សម្រាក​ព្យាបាល​ទាំងអស់​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម​ក៏​បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការលះបង់​របស់ កងកម្លាំង ដោយ​លោក​បាន​ថ្លែងថា « ពិតណាស់ អ្វី​ដែល​បាន​កើតឡើង បាន​ចប់​ផុត​ទៅ​ហើយ តែ​អ្វី​ដែល​យើងទាំងអស់គ្នា ចងចាំ​មិន​ភ្លេច​នោះ គឺ​ការលះបង់​អស់ពី​កម្លាំងកាយ​ចិត្ត និង​ស្មារតី​របស់​ក្រុម​សង្គ្រោះ ដោយ​បាន​ដាក់​គោលដៅ​រួមមួយ គឺ​ការជួយ​បងប្អូន​ប្រជាជន យើង​ដោយ​មិន​ចង់បាន​អ្វី​តប »​។​

​លោក​ថា បើទោះបីជា​ទំហំ​នៃ​ការបាត់បង់ មាន​វិសាលភាព​ធំធេង តែ​ឧបទ្ទវហេតុ​នេះ បាន​បង្ហាញ​ច្បាស់​ពី​ការរួបរួម​គ្នា​របស់​គ្រួសារ​ខ្មែរ នៅ​ក្នុង​កាលៈទេសៈ​លំបាក ហើយ​បាន​បន្សល់​នូវ​មេរៀន និង​ការចងចាំ​សម្រាប់​ប្រជាជន ជា​ពិសេស​យុវជន​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ថ្លែងថា «​ពូៗ បងប្អូន ពិតជា​បាន​បន្សល់ទុក​នូវ​គម្រូ​វីរភាព​នៃ​ការ​រួមចិត្ត រួម​កម្លាំង ការចេះ​ជួយ​គ្នា​វិញ​ទៅមក ក្នុងនាម​ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ ដល់​យុវជន​គ្រប់ៗ​រូប និង​ជា​ពិសេស ដល់​កូនចៅ​ជំនាន់​ក្រោយ »​។ ជាមួយគ្នា​នោះ ឯកឧត្តម​បាន​លើកឡើង​ពី ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​របស់​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ ដើម្បី​គ្រប់គ្រង​កុំ​ឲ្យ​មិន​មាន​ឧបទ្ទវហេតុ​ដូចគ្នា​នេះ​កើតឡើង​ជា​ថ្មី​ម្តងទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!