​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​ការងារ​រៀបចំ​សោភ័ណភាព​ក្នុង​ក្រុង​កំពត​ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ចុងឆ្នាំ​២០១៩​នេះ​

(​ខេត្ត​កំពត​) ៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការជំរុញ​លើ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​សោភ័ណភាព​និង​អា​នាម័យ​បរិស្ថាន​ក្រុង​កំពត​ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២​លើក​ទី​៨ ឈាន​ចូល​មក​ដល់​នៅ​ចុងឆ្នាំ​២០១៩ ដែល​ខេត្ត​កំពត​ធ្វើ​ម្ចាស់ផ្ទះ​។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​អង្គភាព សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក​ទឹកឈូ ក្រុង​កំពត​និង​សង្កាត់​ទាំង​៥​នៃ​ក្រុង​កំពត ។ កិច្ចប្រជុំ បាន​ផ្ដោត​លើ​ការងារ​សំខាន់ៗ​រួម​មាន​ការងារ​រៀបចំ កែលម្អ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូបង្ហូរទឹក ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​សំខាន់ៗ​និង​បញ្ហា​ការប្រមូល​ទុកដាក់​សម្រាម​ឱ្យបាន​ទាន់​ពេលវេលា​រួម​និង​បញ្ហា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​សោភ័ណភាព​និង​អនាម័យ​បរិស្ថាន​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត​ប្រកប​ដោយ​សណ្ដាប់ធ្នាប់​សុខមាលភាព​សមរម្យ​ន​ក៏​ដូចជា​ការធ្វើ​ឱ្យ​មានកា​រ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ដែល​ទីក្រុង​កំពត​ធ្វើ​ម្ចាស់ផ្ទះ​ជុំ​ទី​២​នៃ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨​ចុងឆ្នាំ​២០១៩​នេះ​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាលខេត្ត​បាន​ចាត់ទុក​កិច្ចប្រជុំ​ពេលនេះ​គឺជា​ការងារ​សំខាន់ ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​លើក​ជា​មតិយោបល់ ពី​បណ្តា​មន្ទីរ​អង្គភាព សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក្រុង សង្កាត់ នូវ​បញ្ហា​ប្រឈម​នានា និង​តម្រូវការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ការងារ​សណ្ដាប់ធ្នាប់ សោភ័ណភាព​និង​អា​នាម័យ​បរិស្ថាន​ក្នុង​ក្រុងកំព​ត​ដើម្បី​រួម​គ្នា​ដាក់​ផែនការ​អនុវត្ត​បន្ត​ឱ្យមាន​ប្រសិទ្ធភាព​។

​លោក​អភិបាលខេត្ត​បាន​បន្តទៀតថា​៖​នៅ​ចំពោះមុខ​នេះ​ខេត្ត​កំពត​ត្រូវមាន​ភារកិច្ច​ទទួល​នូវ​ការរៀបចំ ព្រឹត្តិការណ៍​សំខាន់ៗ​ជា​បន្តបន្ទាប់ ជាពិសេស​ព្រឹត្តិការណ៍​នៃ​ពិធី​បុណ្យ​សមុទ្រ​នឹង​ឈាន​មកដល់​នៅ​ចុងឆ្នាំ​២០១៩​នេះ​ដែល​ខេត្ត​កំពត​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដ៏​ខ្លី​ខាងមុខនេះ​។

​ដូច្នេះ​ចាប់ពី​ពេលនេះ​ត​ទៅ​ទាំង​រដ្ឋបាល​ខេត្ត និង​ក្រុង​កំពត​ព្រមទាំង​សង្កាត់​ទាំង​៥​ក៏ដូចជា​មន្ទីរ​ជំនាញ​ក្នុង​ខេត្ត​ត្រូវតែ​បង្កើន​ការចូលរួម​យកចិត្តទុកដាក់​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន​និង​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សោភ័ណភាព​ក្រុង​កំពត​ប្រកបដោយ​ភាព​បៃតង​និង​មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ មាន​បរិស្ថាន​និង​អនាម័យ​ល្អ​ជា​ប្រចាំ​ពិសេស​តាម​ដងផ្លូវ​សួន​សាធារណៈ​និង​ទី​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។

​លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង​កំពត​និង​ចៅសង្កាត់​ទាំង​៥​រួម​និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ចូល​រួម​ជួយ​ជំរុញ​ចលនា​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​ការយល់ដឹង​និង​មាន​ការចូលរួម​ទាំងអស់​គ្នា​ព្រោះ​ការងារ​រៀបចំ​ក្រុង​ត្រូវ​ទាមទារ​ឱ្យមាន​ការចូលរួម​ទាំង​អស់​គ្នា​ទាំង​ស្ថាប័នរដ្ឋ​និង​វិស័យ​ឯកជន​ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ទូទៅ​ទើប​ការងារ​នេះ​សម្រេច​ទទួលបាន​លទ្ធផល​ល្អ​ជោគជ័យ​។​

​សូមបញ្ជាក់​ថា​៖ ខេត្ត​កំពត​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាលខេត្ត​តែង​មាន​ការយកចិត្តទុកដាក់​បាន​ដឹកនាំ​កិច្ចប្រជុំ​ដាក់​ផែនការ​អនុវត្ត​ឱ្យ​បណ្ដា​មន្ទីរ អង្គភាព​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​បញ្ហា​ការងារ​រៀបចំ​សោភ័ណភាព​ក្រុង​កំពត​ពិសេស​អភិបាលខេត្ត​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​មូលដ្ឋាន​ជួប​បញ្ហា​ប្រឈម​ក្នុង​ក្រុង​កំពត​កន្លងមកហើយ​បច្ចុប្បន្ន​កំពុង​ជំរុញ​លើ​ការងារ​សោភ័ណភាព​ក្រុង​ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​ខាងមុខ​ដ៏​ខ្លី​នេះ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!