ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញ​ឱ្យ​មន្ត្រី​ក្តាប់​ព័ត៌មាន​គ្រោះធម្មជាតិ​ឱ្យ​ជាប់ ដើម្បី​ជួយ​ជនរងគ្រោះ​ឱ្យទាន់​ពេលវេលា​

(​ភ្នំពេញ​)៖ លោក គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ជំរុញ​មន្ត្រី​របស់​ខ្លួន​ទាំងអស់​ត្រូវ​ក្តាប​ឱ្យ​បាន​នូវ​សភាពការណ៍ និង​ព័ត៌មាន​ពាក់ព័ន្ធ​គ្រោះ​ហ​ន្ត​រាយ​នានា​ទាំង​កត្តា​ធម្មជាតិ និង​ដោយ​កត្តា​យថាហេតុ​ផ្សេងៗ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ឱ្យ​បាន​ទាន់ពេលវេលា​។​

​ការ​ថ្លែង​ជំរុញ​របស់លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​ស​២០១៩​នេះ ក្នុងឱកាស​ដែល​លោក​ទេសរដ្ឋមន្ត្រី អញ្ជើញ​បើក​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ស្តីពី «​ការគ្រប់គ្រង​គ្រោះមហន្តរាយ ក្នុង​ឆមាស​លើក​ទី​១ ឆ្នាំ​២០១៩ និង​បញ្ហា​ផ្សេងៗ​»​។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អនុប្រធាន និង​ថ្នាក់ដឹកនាំ​យ៉ាង​ច្រើន​ផង​ដែរ​។​

​ទេសរដ្ឋមន្ត្រី គន់ គីម បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នោះ​ថា មន្ត្រី​ទាំងអស់​ត្រូវធ្វើ​កិច្ចការ​របស់​ខ្លួន ដោយ​មិន​រង់ចាំ​តែ​បទបញ្ជា​ពី​ថ្នាក់លើ​នោះឡើយ​។ ត្រូវ​ក្តាប់​ព័ត៌មាន រាយការណ៍​ព័ត៌មាន ទាំង​ព័ត៌មាន​ជាតិ និង​ព័ត៌មាន​អន្តរជាតិ​ដោយ​សង្ខេប​ខ្លីៗ​ជម្រាប​ជូន​ដល់​ដឹកនាំ ដើម្បី​រក​វិធីសាស្ត្រ​ដោះស្រាយ និង​ឆ្លើយតប​ឱ្យទាន់​ពេលវេលា​។​

​ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​ត្រូវ​ទាំងអស់ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ធ្វើ​យ៉ាង​ត្រៀម​បង្ការ ទប់ស្កាត់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងអស់ ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ដូច្នេះ «​ក្នុងនាម​ជា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជា​ប្រធាន​គណៈកម្មាធិការ​នោះ មន្ត្រី​អស់​ត្រូវធ្វើ​យ៉ាងណា​ខិតខំ​ប្រឹង​ពុះពារ​ជម្នះ គ្រប់​ឧបសគ្គ​នៅ​ចំពោះមុខ ដើម្បី​ឆ្លើយតប​ស្ថានភាព​ភាព​ដែល​រៀបនឹង​កើតឡើង និង​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង ឱ្យ​សម្រេច​ទៅ​តាម​ភារកិច្ច ដែល​រដ្ឋាភិបាល​បាន​ប្រគល់ជូន ជាពិសេស​មិន​ត្រូវ​ទុកឱ្យ​ការងារ​ណាមួយ​របស់​ខ្លួន​ចោល ដោយ​មិន​មាន​ការ​អើពើ​ជាដាច់ខាត​»​។​

​លោក គន់ គីម ក៏​បាន​ប្រាប់​ទៅ​មន្ត្រី​នៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​ហ​ន្ត​រាយ​ទាំង​អស់ ខិតខំ​សហការ​គ្នា ដើម្បី​បំពេញ​ការងារ​ទៅ​តាម​តួនាទី​របស់​ខ្លួន ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ការលំបាក របស់​រដ្ឋាភិបាល​ក្នុងនាម​ជា​ស្ថាប័ន និង​ជា​សេនាធិការ​ចំណុះឱ្យ​រាជរដ្ឋាភិបាល​។ មិនតែប៉ុណ្ណោះ ត្រូវ​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​ទាំងឡាយ​ដែល​នៅ​ចំពោះមុខ ដើម្បី​សម្រេច​ឱ្យបាន​តាម​ផែនការ​របស់​ថ្នាក់លើ​បាន​កំណត់​។​

​បន្ថែម​ពី​នេះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​ទាំងអស់ ត្រូវ​បំពេញ​ការងារ​ដោយ​សាមគ្គីភាព និង​បែងចែក​ការងារ​គ្នា​ច្បាស់លាស់ ដោយ​ត្រូវ​ចាំ​ពី​តួនាទី​រៀងខ្លួន​ថា ខ្លួន​មាន​តួនាទី​សំខាន់ ជា​អ្នក​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ការទប់ស្កាត់ ឬ​ជួយ​ក្នុង​កំលុង​ពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។ មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឱ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ធ្វើ​យ៉ាងណា​អភិវឌ្ឍ​អង្គភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ការងារ​ជាក់ស្តែង​ផងដែរ​។​

​យោងតាម​របាយការណ៍ បានឱ្យដឹងថា រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ ស្ថានភាព​អាកាសធាតុ មិនសូវ​ជា​មាន​អំណោយផល​ល្អ​ប៉ុន្មាន​ទេ សម្រាប់​កម្ពុជា ក៏ដូចជា​នៅ​ក្នុង​តំបន់ និង​មួយ​ផ្នែក នៃ​ពិភពលោក​ដោយសារ​តែ​ស្ថានភាព​អាកាសធាតុ បានចាប់ផ្តើម​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត EL NINO ចាប់តាំងពី​ដើម​ឆ្នាំ​មក​។ ទោះបីជា​យ៉ាងណា​កម្ពុជា បាន​ទទួល​ត្រឹម​លក្ខណៈ​ប្រយោ​លក្តី ក៏​លក្ខខណ្ឌ​អាកាសធាតុ បាន​នាំមក​នូវ​ផលវិបាក ដល់​វិស័យ​ផ្សេងៗ ជា​បន្តបន្ទាប់​ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​ខិតខំ​ពុះពារ​ការលំបាក ដើម្បី​សម្រេច​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឱ្យ​មាន​ស្ថិរភាព​។​

​របាយការណ៍​ដដែល បាន​បន្ថែមទៀតថា ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​នេះ​កម្ពុជា បាន​ជួប​នូវ​បញ្ហា​មួយចំនួន​ពី​គ្រោះធម្មជាតិ ក៏​ដូច​ជា​ជំងឺ​មួយចំនួន​។ ក្នុងនោះ​មាន​ជំងឺគ្រុនឈាម​នៅ​ទូទាំង​ប្រទេស​កើតមាន​ចំពោះ​មនុស្ស​ចំនួន ១៣​ពាន់ ៨៤៣​ករណី ស្លាប់​ចំនួន ២៤​នាក់​។ បណ្តា​ខេត្ត​ដែល​កើតមាន​ករណី​គ្រុនឈាម​មានដូចជា ខេត្ត​រតនគីរី មណ្ឌល​គី​រី ក្រចេះ កំពង់ចាម សៀមរាប ភ្នំពេញ បន្ទាយមានជ័យ ព្រៃវែង ឧត្តរមានជ័យ កោះកុង និង​ខេត្ត​ព្រះសីហនុ​។​

​អ្នកជំងឺ​ភាគច្រើន បាន​ទទួល​ការព្យាបាល​នៅ​មន្ទីរ ពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង រួម​នឹង​មន្ទីរពេទ្យ​កុមារ​ជាតិ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!