​ក្រុមហ៊ុន​ដឹក​អាចម៍ដី​លក់ យ៉ាង​អាណាធិបតេយ្យ បង្ក​ភាព​ក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ ខណៈ​អាជ្ញាធរ​ឃុំ គ្មាន​សិទ្ធិ​ហាមឃាត់ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​

ខេត្ត​ប៉ៃលិន​៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ  បាន​សម្តែង​នូវ​ក្តីព្រួយបារម្ភ​យ៉ាងខ្លាំង ពី​បញ្ហា​សុខភាព និង​ការរស់នៅ​ក្នុង​មូលដ្ឋាន ដោយសារតែ​រថយន្ត​ដឹក​អាចម៍ដី​លក់​ជាច្រើន របស់​ក្រុមហ៊ុន​ឯកជន មក​ឈរជើង​កាយ​អាចម៍ដី​ជើងភ្នំ​ព្រាល​យក​លក់ យ៉ាង​អាណាធិបតេយ្យ បណ្តាលឲ្យ​ខូច​ទ្រង់ទ្រាយ​ដើម ខណៈ​អាជ្ញាធរ​ឃុំ​ស្ទឹងត្រង់​គ្មាន​សិទ្ធិ​ក្នុង​ការហាមឃាត់ ព្រោះ​ក្រុមហ៊ុន​គ្រឿងចក្រ​ទាំងនោះ​មាន​ច្បាប់​អនុញ្ញាតិ​ពី​អាជ្ញាធរខេត្ត ដែល​មាន​ចំណារ​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​ផងដែរ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានឲ្យ​អ្នកយក​ព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា នេះ​ថា​៖ រាល់ថ្ងៃនេះ នៅតាម​ផ្លូវ​ក្នុងភូមិ​របស់​ពួកគាត់ ជា​ច្រើន​ខ្សែ បាន​រង​ការខូចខាត​បណ្តើរៗ ពិសេស​ផ្លូវ​ក្នុងភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ហើយ​នៅពេល​ដែល​រថយន្ត​ដឹក​អាចម៍ដី​លក់ របស់​ក្រុមហ៊ុន​បើក​ចេញ​មក​ម្តងៗ មិនដែល មានការ​គ្រប​អ្វី​ឡើយ  ហើយ​បាន​ធ្វើឲ្យ​ជ្រុះដី រាយប៉ាយ​ពេញ​ដងផ្លូវ ជា​ពិសេស​រថយន្ត​ក្រុមហ៊ុន​ទាំងនោះ បើកបរ​ក្នុង​ល្បឿន​លឿន បណ្តាល​ឲ្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់ បើកភ្នែក​មើល​មិនឃើញ​ផ្លូវ ហើយ​បើ​ត្រូវ​ខ្យល់​បក់​វិញ​ហ៊ុយ​ទ្រលោម ចូល​ភ្នែក ចូល​ច្រមុះ ព្រមទាំង​ហ៊ុយ​ចូល​ផ្ទះ​ពួកគាត់ ដែលជៈ​ឥទ្ធិពល​អាក្រក់ អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​កើត​ជម្ងឺ​ផ្សេងៗ​បាន ។​

​ប្រភព​ព័ត៌មាន​បាន​បន្តថា​៖ វា​ពិតជា អយុត្តិធម៌​ណាស់ សម្រាប់​ការរស់នៅ របស់​ពួកគាត់ ដូច​ជា​ការរស់នៅ​ក្នុង​ឋាននរក​អញ្ចឹង គឺ​មួយ​ថ្ងៃ​ទៅ មួយថ្ងៃ មិន​ដែល​បាន​ស្រូបខ្យល់​បរិសុទ្ធ​ទេ ស្រូប​បានតែ​ដី​ហុយ មកលើ​សម្លៀកបំពាក់ ផ្ទះសំបែង ចំណែក​ផ្លូវ​មួយចំនួន ត្រូវ​បាន​ក្លាយ​ជា​ផ្លូវ​សម្បុកមាន់ សម្បុ​កទា រហូត​មិនអាច​ធ្វើដំណើរ​បាន ។​ពួកគាត់ ក៍​បាន​បន្តទៀតថា​៖ ពួកគាត់​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ចំពោះ​អាជ្ញាធរ​ភូមិ​/​ឃុំ ដោយសារតែ​ពួកគាត់ បាន​រាយ​ការ​ប្រាប់​ពី​មូលហេតុ​នេះដែរ ប៉ុន្តែ​អាជ្ញាធរ ហាក់​គ្មាន​ដំ​ណោះ ស្រាយ​ទាល់តែសោះ ឬ មួយ​ក៏​អាជ្ញាធរ​ទាំងនោះ បាន​ទទួល​សំណែន ពី​ពួក​ក្រុមហ៊ុន ដែល​រកស៊ី​កាយ​ដី​និង​ដឹក​ដី លក់​ទាំងនោះ​ទេ​ដឹង បានជា​គ្មាន​ចំណាត់ការ​អញ្ចឹង​? ។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ ត្រូវបាន​លោក កែវ រំ​ដេត មេឃុំ​ស្ទឹងត្រង់ និង​លោក វ័រ រួម ជំទប់​ទី​១​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ មានប្រសាសន៍​រួម​គ្នា​ឲ្យ​អ្នកយក​ព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា នេះ​ថា​៖ មិន​ថា​ផ្ទះ​ប្រជាពលរដ្ឋ​នោះទេ ដែល​ដី​ហ៊ុយ​ចូល សូម្បី​តែ​ក្នុង​សាលាឃុំ​ស្ទឹងត្រង់ ក៍​អាជ្ញាធរ​មក​ធ្វើការ អង្គុយ​ហិត​ដី​ហ៊ុយ​ចូល​ដែរ ។​បើ​និយាយ​ពី​ផ្លូវ​វិញ​គឺ​ខូច​ជា​បណ្តើៗ​ហើយ ពិសេស​ផ្លូវ​នៅ​ភូមិ​ដី​ស ឃុំ​ស្ទឹងត្រង់ ។​

​លោក បាន​បន្តថា​៖ ក្រុមហ៊ុន​ដែល​កាយ​អាចម៍ដី​លក់ នៅក្នុង​ឃុំ មានតែ​មួយគត់ ដែល​មាន​ច្បាប់ ចំណែក​ផ្សេងៗ​ទៀត វា​ជា​រថយន្ត​របស់​អ្នកភូមិ​តួចៗ​ប៉ុណ្ណោះ ហើយ​កន្លងមក ប្រជាពលរដ្ឋ​ធ្លាប់​បាន​ប្តឹង​មក​លោក​ដែរ ប៉ុន្តែ​លោក​មិន​មាន​សមត្ថកិច្ច ចុះ​ឃាត់​ក្រុមហ៊ុន​ទាំងនោះ​ទេ ដោយសារ​តែ​គេ​មានច្បាប់​អនុញ្ញាតិ​ពី​រដ្ឋបាល​ខេត្ត ដែល​មាន​ចំណារ​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​ផងដែរ (​សូម​ស្តាប់​ការបញ្ជាក់​បន្ថែម​ពី​លោក កែវ រំ​ដេត មេឃុំ​ស្ទឹងត្រង់ និង​លោក វ័រ រួម ជំទប់​ទី​១​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​)​។​

​សូម​បញ្ជាក់​ដែរ​ថា​៖ យោង​តាម​សេចក្តីសម្រេច​លេខ​០២៣/១៩​សសរ របស់​រដ្ឋា​បាល​ខេត្ត​ប៉ៃលិន ស្តីពី​ការផ្តល់​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ សម្រាប់​សេវាកម្ម​ជីក​អាចម៍ដី​-​រណ្តៅ​ដី​ចល័ត ដែល​មាន​ចំណារ​អនុញ្ញាតិ របស់​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ចុះ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ផ្តល់​សិទ្ធ​ឲ្យឈ្មោះ នៅ វុទ្ធី ម្ចាស់​ក្រុមហ៊ុន​គ្រឿងចក្រ​កាយ​អាចម៍​ដី ដំណើរការ​នៅក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ផងដែរ ៕
​ដោយ សេង សុវណ្ណារិទ្ធ​

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!