លោក ឃួ​ង ស្រេង ជំរុញ​ពលរដ្ឋ​ហាត់ប្រាណ​ឲ្យបាន​ច្រើន​ដើម្បី​រក្សា​សុខ​ភាព និង​កម្លាំង​មាំមួន ព្រោះ​សុខភាព​មាន​តម្លៃ​ណាស់​

(​ភ្នំពេញ​)៖ ថ្លែង​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កាយ​វប្ប​កម្ម Rise Fitness នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ហាត់ប្រាណ​ឲ្យបាន​ច្រើន​ដើម្បី​រក្សា​សុខ​ភាព និង​កម្លាំង​មាំមួន​ព្រោះថា សុខភាព​ពិតជា​មាន​តម្លៃ​ណាស់ សម្រាប់​បុគ្គល​ម្នាក់ៗ​។​

​លោក ឃួ​ង ស្រេង បាន​អះអាង​ទៀតថា ប្រសិនបើ​មនុស្ស​ម្នាក់​មិន​បាន​ខិតខំ​ហាត់ប្រាណ​នោះទេ អាច​បណ្ដាល​ឲ្យ​សុខភា​ពងាយ​នឹង​ទ្រុត​ទ្រោម ហើយ​សមត្ថភាព​នៃ​ការបំពេញ​ការងារ ក៏​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ផងដែរ ពោល​សូម្បីតែ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏​ជំរុញ​ឲ្យ​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ទីតាំង​សមស្រប​ណាមួយ ដើម្បី​បង្កលក្ខណៈ​ជូន​ពលរដ្ឋ​ហាត់ប្រាណ​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សុខភាព​ជា​វត្ថុ​ដែល​មាន​តម្លៃ​បំផុត សម្រាប់​បុគ្គល​ម្នាក់ៗ ព្រោះថា​កាលណា​រាងកាយ​យើង​ទ្រុត​ទ្រោម នោះ​សមត្ថភាព​បំពេញ​ការងារ​របស់​យើង ក៏​ធ្លាក់ចុះ​ទៅ​តាម​នឹង​ដែរ ហើយ​ចំណុច​សំខាន់​បំផុត​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ដែល​សម្ដេច​តែង​ផ្ដល់​អនុសាសន៍​ឲ្យ​ទាំង រាជធានី​-​ខេត្ត ឲ្យ​យកចិត្តទុកដាក់​រៀបចំ​ទីតាំង​លំហរ និង​ទីតាំង​ហាត់ប្រាណ​ជូន​ពលរដ្ឋ​»​។​

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ស​ហ​ស្ថានិក មជ្ឈមណ្ឌល​កាយ​វប្ប​កម្ម Rise Fitness ដែល​បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត មជ្ឈមណ្ឌល​កាយ​វប្បកម្ម​ដំបូង​គេ ដែល​បំពាក់​ទៅ​ដោយ​ឧបករណ៍​ទំនើបៗ មាន​សុវត្ថិភាព​ខ្ពស់ អម​ដោយ​កម្មវិធី​ថ្មីៗ សម្រាប់​សុខភាព សម្រស់ ម្ហូបអាហារ​ជាដើម​។​

​សួ​ម​ជម្រាប​ថា Rise Fitness ជា​ក្លឹប​ហាត់ប្រាណ​ទំនើប​ដំបូង​គេ​មួយ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបាន​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ នៅ​ព្រឹក​មិញ​នេះ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​មជ្ឈមណ្ឌល​កាយ​វប្ប​កម្ម Rise Fitness នឹង​ជួយ​ចូលរួម​បង្កើត​ឡើង​នូវ​ទម្លាប់​ថែរក្សា​សុខភាព សម្រាប់​តំបន់​មួយ​នេះ​ដែល​ពោរពេញ​ទៅដោយ របប​អាហារ​ពុំមាន​ផា​សុខភាព​សម្រាប់​រាងកាយ​មនុស្ស​។ ដោយ​មាន​ការ​រក្សា​ខ្ជាប់​នូវ​ចំណង់​ចំណូលចិត្ត និង​ក្ដីសង្ឃឹម​ក្នុង​ការអប់រំ​ប្រជាជន និង​បុគ្គល​ទាំងឡាយ អំពី​សុខភាព និង កាយសម្បទា មជ្ឈមណ្ឌល​កាយ​វប្ប​កម្ម Rise Fitness នឹង​ចូល​រួយ​ក្នុង​ការបង្កើន​សុខភាព​របស់​ប្រជាជន ដែល​រស់នៅ​ជុំវិញ​ទីប្រជុំជន​នេះ​។​

​មជ្ឈមណ្ឌល​កាយ​វប្ប​កម្ម Rise Fitness ផ្ដល់ជូន​នូវ​ភាពងាយស្រួល និង​ការ​ហាត់ប្រាណ​ដែល​មាន​គុណភាព​ដ៏​ល្អ ជាមួយនឹង​ម៉ោង​ធ្វើការ​ជា​ប្រចាំ​ថ្ងៃ ចាប់ពី​ម៉ោង​៥​ព្រឹក រហូតដល់​ម៉ោង​១១​យប់ រៀងរាល់ថ្ងៃ ដោយ​ប្រើប្រាស់ សោរ RFID មួយ សមាជិក Rise Fitness អាច​មាន​សិទ្ធិ​ចូល​ហាត់ប្រាណ បាន​គ្រប់ពេលវេលា ដែល​ស្ថិត​នៅក្នុង​ចន្លោះ​ម៉ោង​ធ្វើការ​។ ពួកគេ​បាន​ប្រើប្រាស់​ម៉ាស៊ីន និង​ឧបករណ៍​ហាត់ប្រាណ​យ៉ាង​ល្អ​ក្រៃលែង ហើយ​សមាជិកភាព​នៅ​Rise Fitness មួយ​ណា​ក៏​ដោយ គឺ​អាច​មាន​សិទ្ធិ​ចូល​ហាត់ប្រាណ នៅ Rise Fitness គ្រប់​សាខា​។​

​ប្លង់​គម្រោង​របស់​ក្លឹប​ហាត់ប្រាណ​នេះ​គឺ រៀបចំ​ឡើង​សម្រាប់​ការ​ហាត់ប្រាណ ដែល​មាន​ប្រសិទ្ធិភាព និង​ចំណាយ​រយៈពេល​ខ្លី​។ ម៉ាស៊ីន និង​ឧបករណ៍​ហាត់ប្រាណ​ទាំងអស់​មាន​រួមបញ្ចូល ម៉ាស៊ីន Cardio តាម​ស្ដង់ដារ តំបន់​សម្រាប់ Squat ឬ Deadlift ថែមទាំង​មាន​សម្រាប់​លំ​ហាត់ប្រាណ Functional Training ផងដែរ​។ Rise Fitness ថែមទាំង​មាន​ផ្ដល៉ជូន​នូវ​សេវាកម្ម​ផ្សេងៗ​ដូចជា គ្រូបង្ហាត់​ផ្ទាល់ខ្លួន (Personal Training), ការស្ដារ​ឡើង​វិញ​នៃ​នីតិសម្បទា (Rehabilitation), និង ការព្យាបាល​ពី​កីឡា (Sports Therapy) ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!