​ក្លឹប​កម្សាន្ត​មួយទៀត​នៅ​ភ្នំពេញ​ត្រូវ​អាជ្ញាធរ​បិទ​និង​ឃាត់ខ្លួន​មនុស្ស​ជាង​៤​រយ​នាក់​ករណី​គ្រឿងញៀន​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​បិទ​ក្លឹប​កម្សាន្ត លុច្ស​សារី​(Luxurious) បណ្ដោះអាសន្ន​និង​ឃាត់ខ្លួន​មនុស្ស​ជាង ៤​រយ​នាក់​ព្រមទាំង​ប្រមូល​សារធាតុ​ញៀន​មួយចំនួន​ផង​ដែរ​ដោយ​ចោទប្រកាន់​ថា ក្លឹប​នេះ បាន​ចែកចាយ​និង​មាន​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ត្រូវ​តែ​ស្វែងរក​មុខ​និង​ចាប់​មេខ្លោង​ចែកចាយ​គ្រឿងញៀន​មក​ផ្ដន្ទាទោស​ឱ្យបាន​តឹងរ៉ឹង​។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹម​ខឿន អោយដឹងថា សមត្ថកិច្ច​បាន​ប្រមូល​មនុស្ស​នៅក្នុង​ក្លឹប​កម្សាន្ត​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​នេះ​ទាំងអស់​សរុប​ជាង​៤​រយ​នាក់ ដោយ​មាន​ជនជាតិ​ចិន និង​វៀតណាម​ខ្លះ​។ លោក​បញ្ជាក់ថា សមត្ថកិច្ច​មិន​ទាន់​អាច​ដោះលែង​អ្នក​ទាំង​នោះ​ភ្លាមៗ​ឡើយ​ព្រោះ​កំពុង​បន្ត​នីតិវិធី​សាកសួរ​នៅ​ស្នងការ​នគរបាល​ជាតិ​ដើម្បី​រក​អ្នកពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ទោះ​យ៉ាងណាក្តី លោក​មិន​បញ្ជាក់ថា នរណា​ជា​ម្ចាស់​ក្លឹប​កម្សាន្ត​លុច្ស​សារី ហើយ​តើ​អាជ្ញាធរ​បាន​ចាប់ខ្លួន​បាន​ហើយ​ឬ​នៅ​នោះទេ​៖ «​យើង​ប្រមូល​មនុស្ស​បាន​៤​រយ​នាក់​និង​សារធាតុ​ញៀន​មួយចំនួន​ដែល​យើង​មិន​ពិនិត្យ មិនទាន់​ថ្លឹង​អី​ស្រួលបួល​ទេ​។ ឥឡូវនេះ​យើង​កំពុង​ចាត់​ការពិនិត្យ​ហើយ​ធ្វើតេស្ត​អ្នកណា​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ហើយ​អ្នក​ណា​ប្រើប្រាស់​។ យើង​កំពុង​ធ្វើ​បាន​ប៉ុណ្ណឹង​។ យើង​មិន​អាច​ជម្រាប​បានទេ​ព្រោះ​មកដល់ពេលនេះ​យើង​មិន​ទាន់​ឆែក​ដឹងថា អ្នក​ណា​មាន​តួនាទី​អី​អ្នកណា​ជា​ភ្ញៀវ​ហើយ​អ្នក​ណា​ជា​មេកា​ឡើយ​»​។​

​នេះ​ជា​វិធានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដ៏​ធំ​លើក​ទី​២​បន្ទាប់​ពី​ក្លឹប​កម្សាន្ត​រ៉ក​នេះ​គឺធ្វើឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដាក់​ចេញ​បញ្ជា​ឱ្យ​មន្ត្រី​និង​កងកម្លាំង​ទាំងអស់​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នៅតាម​បណ្ដា​ក្លឹប​និង​ទីតាំង​កម្សាន្ត​នានា​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០១៩ ព្រោះ​ថា​ទីតាំង​កន្លែង​កម្សាន្ត​ដែល​លួចលាក់​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​គឺជា​កន្លែង​ដែល​បំពុល​និង​ពង្វក់ ស្មារតី​យុវជន​ឱ្យ​ដើរ​ផ្លូវ​ខុស​ហើយ​បំផ្លាញ​អនាគត​ពួកគេ​។​

​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ កម្លាំង​សមត្ថកិច្ច​ក៏​បាន​បិទ​ក្លឹប​កម្សាន្ត​រ៉ក់​(Rock)​និង​ប្រមូល​គ្រឿងញៀន​ជាង​៥០​គីឡូក្រាម និង​ឃាត់ខ្លួន​មនុស្ស​ជាង​៣០០​នាក់ ប៉ុន្តែ​សមត្ថកិច្ច​សម្រេច​ដោះលែង​មនុស្ស​ចំនួន​២៨១​នាក់ និង​បញ្ជូន​ជនសង្ស័យ ១៧​នាក់ ទៅ​តុលាការ​។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ចាប់ ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក់ គឺ​លោក​ឧកញ៉ា គិត ធាង តាម​បញ្ជា​របស់​លោក ហ៊ុន សែន ក្រោយ​មានកា​រិះគន់​ខ្លាំងៗ ពី​សាធារណជន​។ ប៉ុន្តែ​ជនជាប់ចោទ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ដែល​មាន​ងារ​ជា​ឧកញ៉ា​រូបនេះ​មិន​បាន​ស្ថិតក្នុង​ពន្ធនាគារ​នោះ​ទេ​លោក បាន​ចេញ​មក​រស់នៅ​ក្នុង​បន្ទប់​វី​អាយ​ភី​(VIP)​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​តាំងពី​ថ្ងៃ​ទី​១​ខែ​មេសា​រហូត​មក ក្រោម​ហេតុផល​ថា​មាន ជំងឺ​ត្រូវ​ព្យាបាល​។​

​នៅមុន​ការបង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​លុច្ស​សារីនេះ​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​រកឃើញថា ក្លឹប​កម្សាន្ត​និង​បារ​បារាំង ចំនួន​ជាង ១.២០០​កន្លែង ប្រើប្រាស់​គ្រឿងញៀន​ដែរ​។​ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ចាត់ការ​ម្ចាស់​កន្លែង​ទាំងនេះ​តាម​ផ្លូវ​ច្បាប់​ទេ គឺ​គ្រាន់តែ​ឱ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន​តែ​ប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!