មោះ យាន ឆាយ ជា​ម្ចាស់​ក្រុមហ៊ុន​ចិន បន្ត​បំពាន​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​ពេញបន្ទុក​

មណ្ឌលគិរី​៖ ប្រភព​ពី​ប្រជា​ពលរដ្ធ​និង​មន្ត្រី​មួយចំនួននៅ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា មាន​ឧកញ៉ា​មួយចំនួន​ដែល​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​ពេញបន្ទុក​គឺ​ក្រុមហ៊ុន​ចិន​ឈ្មោះ យាន ឆាយ ក៏​បំពាន​កាប់​ឈើ​ដឹក​ចេញពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច យ៉ាងគំហុក​ដែរ​។

​ប្រភព​ពី​សកម្មជន​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី បានឲ្យដឹង​ថា​ក្រុមហ៊ុន យាន ឆាយ កំពុង​បន្ត​សកម្មភាព​កាប់​ឈើ​ដឹក​ចេញពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ចេញ​ទៅ​ប្រទេស​វៀតណាម ក៏ដូចជា​ដឹកជញ្ជូន​ទៅ​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុងស្រុក​មួយ​ចំនួន​ផងដែរ​។ ការ​ដែល​ក្រុមហ៊ុន យាន ឆាយ អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើនស្ថា​ប័នទៀត​។​

​ថ្មីៗ​នេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បទបញ្ជា​របស់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក្នុង​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គឺជា​រឿង​ឥតន័យ​ព្រោះ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច តំបន់​អន្ទ្រ​ង និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។

​កន្លង​ទៅ​ថ្មីៗ​នេះ​លោក ស្វាយ សំ​អ៊ាង និង​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ចុះ​ពិនិត្យ​មើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក ជា​បន្តបន្ទាប់​ក៏​ប៉ុន្តែ​ក្រុមហ៊ុន យាន ឆាយ របស់​ចិន និង​មេ​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅ​តែ​បន្ត​សកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​ពេញបន្ទុក​ដដែល​។

​ជាក់ស្ដែង​ក្រុមហ៊ុន យាន ឆាយ ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​១១០០​ហិកតា ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី កំពុង​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​ដោយ​បំពាន​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​មហន្តរាយ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក បានឲ្យដឹង​ថា​ក្រុមហ៊ុន យាន ឆាយ កំពុង​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់ឈើ​ក្នុងព្រៃ​អភិរក្ស ព្រៃ​សហគមន៍​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ដឹកជញ្ជូន​មក​លក់​ឲ្យ​ខ្លួន​យ៉ាង​រលូន​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ ថា​ថ្មីៗ​នេះ​មាន​គោយន្ត​៩​គ្រឿង ព្រម​ទាំង​រថយន្ត​បង្កុង ឬ​រថយន្ត​រ៉េវ​៨០​គ្រៀង​ដឹកជញ្ជូន​ឈើមូល​ធំៗ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចូល​ទៅ​ទីតាំង​ក្រុមហ៊ុន យាន ឆាយ ដើម្បី​អារច្រៀក​ជា​ឈើ​ជ្រុង រួច​ដឹក​ជញ្ជូន​ចេញ​នៅ​ពេលយប់​យ៉ាង​រលូន​។

​បើ​តាម​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ដែល​ឃ្លាំ​មើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ចាំ​ស៊ីញ៉េ​ក្លែងឯក​សារ​ដើម្បី​ឲ្យ​ឈើ​ទាំងនោះ​ទៅ​ជា​ឈើ​ស្របច្បាប់​យ៉ាង​ស្រួលៗ​។ ក្នុងនោះ​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភគ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ជាមួយ​ក្រុមហ៊ុន យាន ឆាយ ហើយ​លោក អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ាង កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅវិញ​៕

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!