ឯកឧត្តម វេង សាខុន​និង​សហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រះរាជ​ពិធី​រុក្ខទិវា​

នា​ព្រឹក​ថ្ងៃ​សៅរ៍ ៧​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ដំណើរ​ជាមួយ​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ​និង​សហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រះរាជ​ពិធី​រុក្ខទិវា​ដែល​ឆ្នាំ​នេះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គ្រោង​នឹង​ប្រារព្វ​នៅ​ថ្ងៃទី​០៩ ខែកក្កដា ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្យនៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នង​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​បន្ទាប់ពី​បាន​ដើរ​ពិនិត្យ​ពី​ស្ថានភាព​រួម​របស់​ទីតាំង​ដាំ​រួច​មក​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដែល​ក្រុម​ការងារ​សម្រេច​បាន​។​ទន្ទឹមនឹងនេះ​លោក​សូម​ឲ្យ​ក្រុម​ការងា​រខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​ឲ្យ​គម្រោង​រៀបចំ​ប្រារព្វ​ព្រះរាជ​ពិធី​នេះ​រួចរាល់​សព្វគ្រប់​បាន​ទាន់ពេលវេលា​ដូចដែល​បាន​គ្រោងទុក ។​

​មួយវិញទៀត រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​រៀបចំ​ផែនការ និង​បន្តសកម្មភាព​ដាំ​ដុះ​ឲ្យបាន​ពេញលេញ​លើ​ផ្ទៃដី ៩៨៧​ហ​ត នេះ និង​តំបន់​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​បៃតង​ឡើងវិញ ជាពិសេស​នៅ​តាម​វិថី​នានា​ក្នុង​ទី​រួម​ខេត្ត​។

​ដោយឡែក ដោយ​សង្កេត​ឃើញ​ពី​សក្តានុពល​និង​វិសាលភាព​នៃ​ដី​នៅក្នុង​ទីតាំង​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​គួរ​សិក្សា​ពី​គុណភាព​ដី​និង​លក្ខខណ្ឌ​អំណោយផល​ផ្នែក​ក្សេត្យ​បរិស្ថាន រួច​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​ខេត្ត​ក្នុង​ការបង្កើត​ស្ថានីយ​ពិសោធន៍​និង​ផលិត​ពូជ​ដំណាំ ដូចជា​ពូជ​ដំឡូង​មី ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ និង​ចែក​ជូន​កសិករ​ដើម្បី​ធានាបាន​គុណភាព កាត់បន្ថយ​បញ្ហា​ជំងឺឆ្លង និង​ការ​នាំចូល​ពូជ​ពី​ក្រៅប្រទេស​៕
​ដោយ ៖ សហការី​

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!