គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌឫស្សីកែវ បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី និង​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩

(​ភ្នំពេញ​) ៖ សមាជិក សមាជិកា​រាប់រយ​នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក ជា ពិសី បាន​ដង្ហែរ​ជា​ក្បួន​ដើម្បី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ក្រោម​អធិប្បតេយ្យភាព​លោក អូស្មាន ហាស្សាន់ ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ នា​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​នា​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ លោក អូស្មាន ហាស្សាន់ បាន​ចូលរួម​មតិ​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌឫស្សីកែវ ដោយ​មាន​ការប្តេជ្ញាចិត្ត​រួម​គ្នា​បំពេញ​តួនាទី​ជា​អ្នក​ផ្តល​សេវា​សាធារណៈ​នានា ទាំង​សេវា​សន្តិសុខ និង​សេវា​រដ្ឋបាល ខិតខំ​ជំរុញ​ការស្តា និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សំដៅ​រួមចំណែក​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​ចីរភាព ស្របតាម​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​បន្ថែម​ពី​នេះ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ លោក ជា ពិសី បាន​លើកឡើង​ថា ស្ថិតក្រោម​វត្តមាន​ដ៏​អធិកអធម​របស់​សមាជិក​-​សមាជិការ​គណបក្ស​ខណ្ឌ គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ នាពេលនេះ គឺ​បាន​បង្ហាញឲ្យឃើញ​ពី​ឆន្ទៈ និង​កាន់តែ​ជឿជាក់​យ៉ាង​ខ្លាំង​លើ​អង្គ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ខាងមុខនេះ ប្រាកដ​ជា​ទទួលបាន​ជោគជ័យ​តាម​ការកំណត់​របស់​គណៈ​កម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ខាន​ឡើយ​។​

​សូមបញ្ជាក់​ថា សម្រាប់​គណបក្ស​នយោបាយ​នី​មួយៗ មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត មាន​រយៈពេល​៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​ការឃោសនាបោះឆ្នោត​ត្រូវធ្វើឡើង តាម​មណ្ឌល​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ នី​មួយៗ​ដែល​គណបក្ស​នយោបាយ បាន​ចុះបញ្ជី​ឈរឈ្មោះ គឺ​ចាប់ពី​ម៉ោង​៦៖០០​នាទី​ព្រឹក ដល់​ម៉ោង​១០៖០០​នាទី​យប់ ហើយ​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ហៅ​កាត់​ថា គ​.​ជ​.​ប​. ក៍​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នេះ មាន​គណបក្សនយោបាយ​ចំនួន​៧ បាន​ឈរឈ្មោះ​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​យុវជន​កម្ពុជា​៕
​លោក ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!