អាជ្ញាធរ​ស្រុក​ដឹកនាំ​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​ត្រាក់ទ័រ​ដែល​ភ្ជួរ​ដី​បឹង​របស់​រដ្ឋ នៅ​ស្រុក​កំពង់ត្រាច​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មាសា ឆ្នាំ​២០១៩ នេះ លោក ជួន សុភា អភិបាលរង​ស្រុក តំណាង​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះបង្ក្រាប​ត្រាក់ទ័រ​ភ្ជួរ​ដី​បឹង​ឈូក​របស់​រដ្ឋ ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ការចុះ​បង្ក្រាប​ត្រាក់ទ័រ​ភ្ជួរ​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​នេះ​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សំណាក់ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បន្ទាប់​ពី​មាន​បណ្តឹង​ផ្ទាល់មាត់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ចំពោះ​ប្រតិ​ប​តិ្ត​ការឃាត់​ត្រាក់ទ័រ​ល្មើសច្បាប់​នេះ អ្នករំលោភ​ដី​របស់​រដ្ឋ​បាន​រារាំង​មិន​ឲ្យ​ក្រុម​អាជ្ញាធរ​ឃាត់​និង​នាំ​យក​វត្ថុតាង​ទៅ​រក្សា​ទុក​ដោយ​សម្រួល​ឡើង ហើយ​អ្នក​ទន្ទ្រាន​ដី​បឹង​ថែម​ទាំង​ជេរប្រមាថ​ដល់​ក្រុម​សមត្ថកិច្ច​ដោយ​ពាក្យអសុរស​ផងដែរ​។ លុះ​បន្តិច​ក្រោយមក​ទើប​ការ​ចម្រូងចម្រាស​ត្រូវ​បាន​បញ្ចប់ ខណៈ​ដែល​អាជ្ញាធរ​បាន​ដកហូត​ត្រាក់ទ័រ​យក​មក​រក្សាទុក​នៅក្នុង​សាលាស្រុក​កំពង់ត្រាច នៅ​ព្រឹក​ថ្ងៃ​១៨ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់​ថា​៖ បើ​តាម​មជ្ឈដ្ឋាន​ទូទៅ​បាន​លើកឡើង​ថា ការបង្ក្រាប​ករណី​ទន្ទ្រាន​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​នេះ បុគ្គល​មួយ​គ្រួសារ​មិន​ខ្លាចញញើត​នឹង​កម្លាំង​សមត្ថកិច្ច​ឡើយ ដោយ​បុគ្គល​ខាងលើ​មានការ​មាក់ងាយ​ជេរ​ប្រមាថកាតទាន ហើយ​ដើរ​ថត​មុខ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្មាន​ខ្លាច​ញញើត សូម្បី​សារព័ត៌មាន​ក៏​មិន​អត់ឱន​ឲ្យ​ដែរ ព្រោះ​អ្នក​ទន្ទ្រាន​ដី​បឹង​ធម្មជាតិ​ថត​ផ្ញើ​រូប​ទៅឲ្យ​អ្នកកាង​នៅ​ពីក្រោយ ព្រោះ​អ្នក​រំលោភ​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​នេះ​អួតថា គាត់​មាន​ខ្នងបង្អែក​សុទ្ធតែ​អ្នកធំៗ នៅ​ជិត​ហ្នឹង​ក៏មាន នៅ​ភ្នំពេញ​ក៏មាន​ដែរ ហើយ​មហាជន​ពិតជា​ចង់ដឹង​ណាស់ “​តើ​អ្នកធំ​ណា​ទៅ​ហ្ន៎​” ដែល​ហ៊ាន​កាង​នៅ​ពីក្រោយ​នៃ​ការរំលោភ​ទន្ទ្រាន​ដី​បឹង​ឈូក​របស់​រដ្ឋ​បែបនេះ​.? ដូច្នេះ​គួរតែ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ជួយ​វែកមុខ​ឲ្យឃើញ​ផង​..​។​

​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​ប្រាប់ ឲ្យដឹងថា រឿង​បុគ្គល​មួយ​គ្រួសារ ប្តី​ឈ្មោះ សំ អេ​ន ប្រពន្ធ​ឈ្មោះ សេង យិ កំពុង​រំលោភបំពាន​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ លោក​បាន​ហាមប្រាម​ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​បុគ្គល​ខាងលើ​នៅ​តែ​រឹងរូស មិន​ដឹង​គាត់​អាង​អ្នកណា​ទេ​។​លោក​បន្ត​ថា​មិនតែប៉ុណ្ណោះ បុគ្គល​ខិលខូច​នេះ​បាន​ជួល​ត្រាក់ទ័រ​មក​ភ្ជួរ​នៅក្នុង​ផ្ទៃ​បឹង​ទាំង​បំពាន ទើប​លោក​បញ្ជា​ដល់​កម្លាំង​ទៅ​បង្ក្រាប​តែម្តង​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!