​គេ​កំពុង​សង្ស័យថា លោក ព្រំ សាន Prum San ទីប្រឹក្សា​ក្រសួង​ព័ត៌មាន កំពុង​ញុះញង់​ឲ្យ​បុគ្គល​មួយ​គ្រួសារ​ទន្ទ្រាន​យក​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​

(​ខេត្ត​កំពត​)៖ មជ្ឈដ្ឋាន​ជាច្រើន​កំពុង​ក្តៅក្រហាយ ខណៈ​លោក ព្រំ សាន (Prum San) សកម្មជន​Facebook និង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ដែល​បាន​ញុះញង់​ឲ្យ​បុគ្គល​មួយ​គ្រួសារ​រំលោភបំពាន​ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​មជ្ឈដ្ឋាន​ដដែល​បាន​រិះគន់​ផងដែរ​ថា លោក ព្រំ សាន ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន មាន​ឋានៈ​គ្រាន់បើ​ដែរ​មិនគួរណា​ចុះ​យក​ព័ត៌មាន​ផ្សាយ​គ្មាន​ភាព​សុ​ក្រឹត្យ​បន្តិច​សោះ​។ ចំពោះ​រឿង​រ៉ាង​នេះ កើតឡើង​រវាង​ប្រជាពលរដ្ឋ នឹង​ប្រជាពលរដ្ឋ​ដូចគ្នា ប៉ុន្តែ​លោក​ពុំ​បាន​ថ្លឹងថ្លែង​ឬ​វិភាគ​ឲ្យបាន​ត្រឹមត្រូវ ដោយ​លើក​តែ​ភាគី​ម្ខាង​ដែល​មាន​បុគ្គល​មួយ​គ្រួសារ តែ​ពុំ​បាន​ទៅ​សាកសួរ​ជាមួយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ការប៉ង​ចាក់ដី​លុប​បឹង​ឈូក​ពី​សំណាក់​ជន​ខិលខូច​នោះឡើយ​។​

​ជាមួយគ្នា​នេះ​នៅ​វេទិកា​ថ្នាក់ជាតិ​ដែលមាន ឯកឧត្តម អី​ុ​វ ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ចូលរួម​កន្លងមក ក៏​មាន​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ លើកដៃ​ជំទាស់​មិន​ឲ្យ​បុគ្គល​នោះ​ចាក់ដី​លុប​បឹង​ឈូក​នោះទេ ហើយ​លោកតា សំ អេ​ន ដែល​ជា​បុគ្គល​រំលោភ​ដី​បឹង​របស់​រដ្ឋ​ក៏​បាន​សន្យាថា នឹង​ប្រគល់​ដី​បឹង​ធម្មជាតិ​ទៅឲ្យ​រដ្ឋបាល​ស្រុក​កំពង់ត្រាច​គ្រប់គ្រ​ង​វិញ ខណៈ​រដ្ឋ​ត្រូវ​ការអភិរក្ស​។​

​ដូច្នេះ​ដើម្បី​តម្លាភាព លោក ព្រំ សាន ដែល​អួតអាង​ថា​ជា​អ្នកចេះដឹង​មួយរូប មិន​គួរ​លើក​យក​តែ​ចំណុច​អវិជ្ជមាន​មក​វាយប្រហា​រ​ដល់​រដ្ឋបាល​ស្រុក​កំពង់ត្រាច ហើយ​ជំរុញ​ឲ្យ​បុគ្គល​មួយ​គ្រួសារ​រំលោភបំពាន​យក​ដី​បឹង​របស់​រដ្ឋ​ដោយ​គ្មាន​ខ្លាច​ញញើត​នឹង​ច្បាប់​បែប​នេះ​ឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ណា​ដែល​កាន់កាប់​ដី​ចាប់ពី​៥​ឆ្នាំ​ឡើង​ទៅ គួរតែ​ប្រគល់​ឲ្យ​គាត់​ទៅ​….​ប៉ុន្តែ​លោក ព្រំ សាន ដឹង​ទេ​ថា​ដី​បឹង​ឈូក​របស់​រដ្ឋ​ដែល លោកតា  សំ អេ​ន ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច​ចង់​លេប​យក​ស្រស់ៗ​នោះ ជា​ជ្រលង​បង្ហូរទឹក និង​ជា​អាង​ស្តុក​ទឹក សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​រួមគ្នា​នោះ​..​ហើយ​កន្លងមក​ប្រជាពលរដ្ឋ​ដែល​ជំទាស់​មិន​ឲ្យ​រដ្ឋបាល​ដែនដី​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​នោះ បាន​ទៅ​តវ៉ា​នៅ​សាលាស្រុក​មាន​៣៧​គ្រួសារ និង​ជិត​២០០​គ្រួសារ​ទៀត​កំពុង​ផ្តិតមេដៃ​គ្រោង​ឡើង​ទៅ​តវ៉ា​នៅ​សាលា​ស្រុក​ជា​បន្តបន្ទាប់​ទៀត តើ​ឲ្យ​រដ្ឋបាល​ស្រុក​ដោះស្រាយ​របៀប​ណា​?​។​

​ម្យ៉ាងទៀត លោក ព្រំ សាន បែរជា​យក​គម្រោង​បង្ហាញ​ទីតាំង​ស្នើសុំ​មក​ប្រាប់ថា​ជា​ប្លង់ និង​យក​(​ស ជ ណ​)​មក​បង្ហាញ​ថា​ជា​ច្បាប់ ដូចជា​ល្ងង់​ពេក​ទេ​ដឹង​? ធ្វើ​ជា​អ្នកសារព័ត៌មាន​មិន​គួរ​លើក​ឡើង​ដូចជា​គ្មាន​ក្រមសីលធម៌​បែបនេះ​ទេ​។​

​ជុំវិញ​បញ្ហា​ដូចខាងលើ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៩ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​ប្រាប់​កម្ពុជា​ថ្មី ឲ្យដឹងថា បឹង​ឈូក​ជា​បឹង​ធម្មជាតិ​របស់​រដ្ឋ​ដាច់ខាត​មិន​អាច​ឲ្យ​បុគ្គល​មួយ​គ្រួសារ​ទន្ទ្រាន​យក​តាមតែ​អំពើ​ចិត្ត​ឡើយ​។​ចំពោះ​រឿង​ទំនាស់​ដី​បឹង​ឈូក គឺ​ផ្តើម​ឡើង​រវាង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​និង​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ស្ថិតក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​កំពង់ត្រាច​ខាងកើត ទើប​អាជ្ញាធរ​ទប់ស្កាត់ ហើយ​មិន​អាច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​តាម​ការស្នើសុំ​នោះ​បាន​ឡើយ ព្រោះ​ទីតាំង​នេះ​ជា​ជ្រលង​បង្ហូរទឹក និង​ជា​អាង​ស្តុក​ទឹក​ប្រើប្រាស់​រួមគ្នា​។​

​សូមបញ្ជាក់​ថា​៖ ដី​បឹង​ឈូក​របស់​រដ្ឋ​ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត កន្លង​មក​បុគ្គល​មួយ​គ្រួសារ ប្តី​ឈ្មោះ សំ អេ​ន ប្រពន្ធ​ឈ្មោះ សេង យិ បានឲ្យ​គេ​គូស​ប្លង់​ក្លែងក្លាយ​ដើម្បី​បង្ហាញ​ទីតាំង​ស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​… ហើយ​កាលណោះ​.. ឯកឧត្តម ចាន់ ចេស្តា អតីត​អភិបាលខេត្ត​កំពត បាន​ចេញ​សេចក្តីជូនដំណឹង​(​ស ជ ណ​)​ដើម្បី​ឲ្យ​រដ្ឋបាល​ស្រុក​ពិនិត្យ​តាម​លទ្ធភាព​ជាក់ស្តែង​។​បន្ទាប់ពី​មាន​(​ស ជ ណ​)​ហើយក៏​មិន​ទាន់​បាន​ប្រកាស​ទិន្នន័យ​ផង ស្រាប់តែ លោក សំ អេ​ន ហៅ​រថយន្ត​ឲ្យមក​ចាក់ដី​បំពេញ​នៅក្នុង​បឹងឈូ​កនេះ ដោយ​ពោល​ពាក្យ​ថា​អភិបាលខេត្ត​ឲ្យ​ចាក់ ឃើញ​សកម្មភាព​បែប​នេះ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ក៏​ប្តឹង​ទំ​ទាស់​ភ្លាមៗ ទើប​រដ្ឋបាល​ស្រុក​កំពង់ត្រាច ទៅ​បញ្ឈប់​តែម្តង​។​

​គេ​ចាំ​មើល​ថា​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​និង​ប្រជាពលរដ្ឋ​រងគ្រោះ​រាប់​រយ​គ្រួសារ​ខាង​ណា​ទទួល​បាន​យុតិ្ត​ធម៌​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!