កម្ពុជា​បើក​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្ត​សៀមរាប​

នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នា​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប ឯ​ឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល កម្ពុជា បាន​បង្ហាញ​អំពី​ការវិវត្ត​រីកចម្រើន​វិស័យ​សុខាភិបាល​កម្ពុជា ដោយ​ផ្តើមចេញពី​បាតដៃ​ទទេ បន្ទាប់​ពី​កម្ពុជា​ត្រូវបាន​ចាក​ចេញពី​របប​ប្រល័យ​ពូជសាសន៍​។​

​ឯ​ឧត្តម​រដ្ឋមន្ត្រី​លើក​បង្ហាញ​ថា ក្រោយ​ថ្ងៃ​រដោះ ៧ មករា ១៩៧៩ កម្ពុជា​មាន​វេជ្ជបណ្ឌិត​តែ ៤០​នាក់​ប៉ុណ្ណោះ​។ មកដល់​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​មន្ត្រី​សុខាភិបាល ដែល​កំពុង​បំរើ​សេវា នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទូទាំង​ប្រទេស​ជាង ២៥០០០​នាក់​។​

​ជា​មោទនភាព​របស់​កម្ពុជា លោក​បាន​ថ្លែង​ទៀតថា ការសម្រេច​បាន​គោលដៅ​អភិវឌ្ឍ​សហសវត្ស​រ៍​មុន​កាលបរិច្ឆេទ​កំណត់ ដែល​ជា​ពិសេស​នោះ គឺ​គោលដៅ​៤ ទី​៥ និង​ទី​៦​។ ជាមួយគ្នានេះ ក៏​មាន​ការដាក់ចេញ​នូវ​គោលនយោបាយ គាំពារ​សុខភាព​សង្គម ដើម្បី​គ្របដណ្តប់​ប្រជាជន​ក្រុម​គោលដៅ​ផ្សេងៗ​គ្នា ជាពិសេស​កម្មករ​ក្នុង​ប្រព័ន្ធ កម្មករ​ក្រៅ​ប្រព័ន្ធ មន្ត្រី​សាធារណៈ ស្ត្រី​ក្រីក្រ មាន​ផ្ទៃពោះ អតីតមន្ត្រី​ការ មនុស្ស​ចាស់ជរា និង​ជនពិការ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ការ​គ្របដណ្តប់​សុខភាព​សាកល ដែល​ទាំងនេះ​ក៏​ជា​ការប្តេជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ​កំពូល នៃ​ប្រទេស​កម្ពុជា​។​

​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ក្នុង​ការអនុវត្ត​ន៍​កម្មវិធី​មូលនិធិ​សមធម៌ ត្រូវ​បាន​គ្របដណ្តប់ លើ​ប្រជាជន​ក្រីក្រ​ទូទាំង​ប្រទេស ឲ្យទទួល​បាន​សេវា​ថែទាំ និង​ព្យាបាល​ជម្ងឺ ប្រកបដោយ​គុណភាព និង​មិន​គិតថ្លៃ​។ ឯ​ឧត្តម​រដ្ឋមន្ត្រីក៍​បាន​បញ្ជាក់​ថា សមិទ្ធផល​ទាំងនេះ កើតឡើង​យ៉ាង​ឆាប់រហ័ស ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​បង្ហាញ​កិច្ចប្រជុំ​នោះ​ផង​ដែរ​ឯ​ឧត្តម ម៉ម ប៊ុនហេង លើកឡើងថា កម្ពុជា​បាន​ដាក់ចេញ​នូវ គំនិត​ផ្តួចផ្តើម​ហិរញ្ញប្បទាន​សុខាភិបាល​សំខាន់ៗ​ចំនួន​២ គឺ​ទី​១ កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល ដែល​មាន​គោលបំណង​បង្កើន​ការប្រើ​សេវា​សុខាភិបាល​សាធារណៈ​សម្រាប់​ជនក្រីក្រ ដែល​បច្ចុប្បន្ន​នេះ បាន​ពង្រីក​ទៅ​ដល់​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត និង​ទី​២ មូលនិធិ​គាំទ្រ ការផ្តល់​សេវា​គម្រោង​ហិរញ្ញប្បទាន ផ្អែក​លើ​លទ្ធភាព​ការងារ​នៅ​ទូទាំង​ប្រទេស ដែល​ជា​ការលើកទឹកចិត្ត​ដល់​អ្នក​ផ្តល់​សេវា​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់​នៅតាម​មូលដ្ឋាន​សុខាភិបាល សាធារណៈ​ទូទាំងប្រទេស​។​

​គួរ​បញ្ជាក់ដែរថា ក្រសួង​សុខាភិបាល​កម្ពុ​ជា ក្នុង​តួនាទី​ជា​ប្រធាន​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន ធ្វើជា​ម្ចាស់ផ្ទះ ដឹកនាំ​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន​លើកទី​១៤ ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប​។ យោង​តាម​គំនិតផ្តច​ផ្តើម​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព កាល​ពី​ក្នុង​អំឡុង ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ បានដាក់​ការពិភាក្សា​លើ​ប្រធានបទ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំ់បន់ ដើម្បី​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដើម្បី​ស្វែក​ការ យល់ព្រម ជា​ឯកច្ឆន្ទ​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន ឈាន​ឆ្ពោះ​ទៅ​រៀបចំ​សេចក្តីព្រាង​ប្រកាស​មួយ ដាក់ជូន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន ដែល​គ្រោង​នឹង​ធ្វើឡើង​នា​ខែ​សីហា ឆ្នាំ​២០១៩ ខាងមុខ នៅ​ខេត្ត​សៀមរាប​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!