​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​ពី​ការចាត់តាំង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​គាំទ្រ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នៅ​ខេត្ត​កំពត​

(​ខេត្ត​កំពត​) ៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត​បា​ន​បើក​កិច្ចប្រជុំ​ស្ដីពី​ការផ្សព្វផ្សាយ​ចាត់តាំង​អនុវត្ត​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ការបង្កើត​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នៅ​ខេត្ត​កំពត ក្រោម​អធិបតីភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​។ កិច្ចប្រជុំ​នេះ ក៏​មាន​វត្តមាន​ចូលរួម ពី​សំណាក់ លោក លោកស្រី​ដែល​ជា​ថ្នាក់ដឹកនាំ​និង​ជា សមាជិក​ក្រុមការងារ ថ្នាក់ជាតិ ថ្នាក់​ខេត្ត ក្រុង ស្រុក សរុប​ប្រមាណ​ចំនួន​ជាង​៤០០​នាក់​។​

​លោក​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត បាន​ធ្វើ​សន្ទរកថា​ស្វាគមន៍​ថ្លែងអំណរគុណ​ចំពោះ​ការខិតខំ​បំពេញ​ការងារ​របស់​ថ្នាក់ដឹកនាំ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​គ្រប់​លំដាប់ថ្នាក់​ក្នុង​សកម្មភាព​រួម​ចំណែក​បម្រើឲ្យ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ប្រកបដោយ​ជោគជ័យ និង​ឈាន​ទៅ​ឆ្លើយតប​បាន​នូវ​សំណូមពរ​និង​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ ការជឿជាក់​និង​ក្ដីសង្ឃឹម របស់​ប្រជាពលរដ្ឋ ក្នុង​ក្របខ័ណ្ឌ​សន្តិភាព និង​ការអភិវឌ្ឍ​មូលដ្ឋាន​ខេត្ត​កំពត​ក្នុង​រយៈកាល​កន្លងមក​នេះ​បាន​ល្អប្រសើរ​។ ទន្ទឹម​លទ្ធផល​សកម្ម​ភាព​របស់​ក្រុម​ការងារ​សម្រេច​បាន​តា​មរយៈ​អង្គ​វេទិកា​នៅ​មូលដ្ឋាន​កន្លងមកនេះ លោក ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​លើក​បញ្ជាក់​ពី​បញ្ហា​ប្រឈម​និង​បញ្ហា​ការលំបាក​សេសសល់​មួយចំនួន​ដែល​ទាមទារ​ធ្វើការ​ដោះស្រាយ​ឲ្យបាន​ច្បាស់លាស់​ឆាប់រ​ហ័យ និង​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ ។​គឺ​ក្នុង​នោះ​រួម​មាន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ថ្នាក់ជាតិ និង​ឯកជន​ដែល​ហួស​ពី​លទ្ធភាព​ឆ្លើយតប​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​អង្គ​វេទិកា​នានា ពោល​គឺ​៖​ការសុំ​ចុះ​តម្លៃ​ទឹក ភ្លើង ការពង្រីក​ប្រព័ន្ធ​បណ្ដាញ​ថ្មីុ ការសុំ​ផ្ដល់​កម្ម​សិទ្ធ​លើ​ដី​ព្រៃ​ឬ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ការសុំ​ចុះ​តម្លៃ​ពន្ធអាករ ការសាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំ​ទំហំ​ច្រើន​តម្លៃ​ខ្ពស់​ជា​ដើម​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​ក្នុង​អង្គ​វេទិកា​នី​មួយៗ​ផងដែរ​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​លទ្ធផល​ការងារ​កើតចេញ​ពី​ការខិតខំ​បំពេញ​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ក្រុម​ការងារ​ទាំង​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ក្រុង ស្រុក​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចុះ​បំពេញ​ភារកិច្ច​ការងារ​អនុវត្ត​នូវ​កម្មវិធី​គោលនយោបាយ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់​ទី​៣​របស់​រាជរដ្ឋាភិបាល​ក្នុង​ខេត្ត​កំពត កន្លង​មក​ទទួល​លទ្ធផល​បាន​ល្អប្រសើរ​។ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ ក៏​បាន​បញ្ជាក់ថា​៖​បើទោះបី​សមាជិក​ក្រុម​ការងារ​ទាំងអស់​មាន​ក្រសួង​ស្ថាប័ន ផ្សេងៗ​គ្នា​ក៏​ពិតមែន ប៉ុន្តែ​បាន​ឆ្លុះបញ្ចាំង​នូវ​សាមគ្គីភាព​សហការ​បានល្អ ក្នុង​ការចុះ​បំពេញភារកិច្ច នៅ​មូលដ្ឋាន​គ្រប់​អង្គ​វេទិកាសាធារណៈ ដើម្បី​ស្ដាប់​សំណូមពរ បញ្ហា​កង្វល់​លំបាក​និង​បញ្ហា​ប្រឈម​នានា ដោយ​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​កន្លងមក​។ លោក​ក៏​បាន​ចាត់ទុក​អង្គ​វេទិកាសាធារណៈ​របស់​រា​ជ​រដ្ឋាភិបាល​នៅ​តែ​មាន​សារៈសំខាន់​ក្នុង​ការផ្សព្វផ្សាយ​ពី​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​និង​ដើម្បី​ឆ្លើយតប​ដោះស្រាយ​សំណូមពរ​ក្ដីកង្វល់​និង​បញ្ហា​ប្រឈម​នានា​មាន​ប្រសិទ្ធភាព សំដៅ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ការយល់ដឹ​ង​និងមាន​ជំនឿ​ប្រកប​ដោយ​ភាពកក់ក្ដៅ​មកលើ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!